• 2019-04-19 03:54:26
  • កីឡា​ផ្សេង​ៗ

UNESCO ឧបត្ថម្ភ​​កីឡាករ​ល្បុក្កតោ២នាក់ទៅផ្សព្វផ្សាយនៅកូរ៉េ៣ខែ​​

  • 2019-04-19 03:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១៩​ ខែ​មេសា ឆ្នាំ​២០១៩​នេះ​បាន​បញ្ជូន​កីឡាករ​ល្បុក្កតោ​២​នាក់​ដែល​ជម្រើស​ជាតិ​ទៅ​ផ្សព្វផ្សាយ​ក្បាច់​គុន​បុរាណ​ល្បុក្កតោ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រយៈ​ពេល​៣​ថ្ងៃ​នេះ។

កីឡាករ មឿន​ ប៊ុនលី​ និង​ ឌឹប​ ង៉ែត (រូបថត៖ សហព័ន្ធ​គុន​ល្បុក្កតោ)

តាម​ការ​ឲ្យ​ដឹង​ពី​ផេក​ Cambodia Kun Bokator Federation មុន​នេះ​បន្តិច​ថា​ ដំណើរ​ទៅ​ផ្សព្វផ្សាយ​​ក្បាច់​គុន​ល្បុក្កតោ​នៅ​ប្រទេស​កូរ៉េ​ដែល​មាន​រយៈ​ពេល​៣​ខែ​នេះ​រៀប​ចំ​ដោយ​ The MBC Arts Co.LTD ​ដែល​បាន​ឧបត្ថម្ភ​ពី​អង្គការ​ UNESCO​ ក្នុង​គោល​បំណង​​​លើក​កម្ពស់​ និង​ផ្សព្វផ្សាយ​ក្បាច់​គុន​បុរាណ​ ការ​ពង្រឹង​ចំណង​មិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិការ​តាម​រយៈ​វប្បធម៌​ និង​សិល្បៈ​ក្បាច់​គុន​របស់​ប្រទេស​ដែល​ចូល​រួម​ និង​ជា​ពិសេស​គឺ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​សន្តិភាព​អន្តរ​ជាតិ​​ តាម​រយៈ​សិល្បៈ​ក្បាច់​គុន​ ជា​មួយ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។ 

កីឡាករ​ល្បុក្កតោ​ជម្រើស​ជាតិ​ទាំង​ពីរ​​នាក់​ដែល​ទៅ​ប្រទេស​កូរ៉េ​គឺ​កីឡាករ​ មឿន​ ប៊ុនលី​ និង​ ឌឹប​ ង៉ែត។

ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ក្បាច់​គុន​ខាង​លើ​នេះ​មិន​មែន​តែ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​មាន​ការ​ចូល​រួម​ពី​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ កូរ៉េ ​ប្រេស៊ីល​ ម៉ាឡេស៊ី​ ហ្វីលីពីន​​ដែល​មាន​កីឡា​តេក្វាន់​ដូ​ Taekkyeon Capoeira វ៉ូស៊ូ Silat Arnis និង​គុនល្បុក្កតោ។

ពិធី​ចេញ​ដំណើរ (រូបថត៖ សហព័ន្ធ​គុន​ល្បុក្កតោ)

ល្បុក្កតោ ​ឬ ជា​​អក្សរ​​ឡាតាំង​ Bokator ឬ Labokkatao​ គឺ​ជា​ក្បាច់​គុន​វប្បធម៌​ខ្មែរ​ ​ដែល​រួម​​មាន​ការ​ប្រយុទ្ធ​​ ​ការ​គេច​ពី​សត្រូវ​ និង​ការ​ប្រើ​ប្រាស់​អាវុធ​ជា​​ដើម។ ល្បុក្កតោ​​ជា​ក្បាច់​គុន​វ័យ​ចំណាស់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ដែល​​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ច្បាំង​​នឹង​សត្រូវ​​តាំង​ពី​១០០០​ឆ្នាំ​មុន​មក​ម្ល៉េះ។

ពាក្យ​ថា​ល្បុក្កតោ​មាន​​ន័យ​ថា​ «វាយ​តោ»។ ពាក្យ​ថា​ Bok​ មាន​ន័យ​ថា​ «វាយ» ​ឬក្បាច់​គុន​ ហើយ ពាក្យ​ Tor មាន​ន័យ​ថា​​ «សត្វ​តោ» ឬ អនុភាព។ និយាយ​ជា​​រួម​មក​ «ល្បុក្កតោ» មាន​ន័យ​​ថា ​ជា​កំពូល​ក្បាច់​គុន​ប្រកប​ដោយ​អនុភាព​ ឬ​ ក្បាច់​គុន​ខ្លាំង​ដូច​សត្វ​តោ។ ​ក្បាច់​គុន​ល្បុក្កតោ​មាន​១២​មេ ​ហើយ​ ក្នុង​មួយ​មេ​ៗ​ មាន​រាប់​រយ​ស្នៀត​ប្រយុទ្ធ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់