• 2017-08-29 01:30:00
  • ប្រវត្តិ​​

ស៊ីហ្គេម​ជា​បទពិសោធ​ថ្មី​សម្រាប់​កូន​ខ្មែរ-អាមេរិក​​ Casandre ទៅ​អូឡាំពិក​តូក្យូ​

  • 2017-08-29 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Choi Yong Sok គ្រូ​បង្វឹក​ជម្រើស​ជាតិ​តេក្វាន់ដូ​កម្ពុជា​លើក​ឡើង​ថា​ ​ការ​ចូលរួម​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ​ ជា​បទពិសោធ​កម្រិត​អន្តរជាតិ​ដ៏​ប្រសើរ​សម្រាប់​កីឡា​ការិនី​ខ្មែរ​កាត់​អាមេរិក​ Tubb Casandre Nicole ដើម្បី​ឈាន​ទៅ​កាន់​ព្រឹត្តិការណ៍​អូឡាំពិក​២០២០​ នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន។​

លោក​ Choi Yong Sok

«យើង​ត្រៀម​គាត់​សម្រាប់​ឆ្នាំ​២០២០​នៅ​តូក្យូ​ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​គ្រូ​ៗ​រួច​រាល់​ហើយ។ យើង​ដាក់​គោលដៅ​នៅ​អូឡាំពិក​តូក្យូ​ ព្រោះ​គាត់​នៅ​ក្មេង​ត្រូវ​ការ​បទពិសោធ​ច្រើន​ ហើយ​បទពិសោធ​​​ប្រកួត​ស៊ីហ្គេម​លើក​នេះ​ ​វា​ពិត​ជាមាន​តម្លៃ​ណាស់​សម្រាប់​គាត់។​ គាត់​នឹង​ត្រូវ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ Asian Games 2018 នៅ​ឥណ្ឌូណេស៊ី​ និង​គ្រប់​ការ​ប្រកួត​អន្តរ​ជាតិ​ផ្សេង​ៗ​ទៀត​ ​ដើម្បី​ពង្រឹង​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​គ្រូ​ Choi Yong Sok។

ពាក់​ព័ន្ធ​នឹង​​ការ​ប្រកួត​ស៊ីហ្គេម​វិញ គ្រូ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ពន្យល់​​ថា​ Casandre ធ្វើ​បាន​ល្អ​ចំពោះ​បច្ចេកទេស​ និង​កម្លាំង​សម្រាប់​ការ​ប្រកួត តែ​បទពិសោធ​បាន​ទាញ​គាត់​ ពុំ​ឲ្យ​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ ដោយ​ចាញ់​កីឡា​ការិនី​ថៃ។

កីឡាការិនី Tubb Casandre Nicole (រូបថត៖ ឈឿង ពុទ្ធារីម)

«គាត់​នៅ​ក្មេង​អាយុ​ត្រឹម​១៨​ឆ្នាំ​ គាត់​មាន​បច្ចេកទេស​ និង​ កម្លាំង​គ្រាន់​បើ​ ដែល​យើង​ត្រូវ​ការ​កែ​បន្តិច​បន្តួច​ទេ​ តែ​គាត់​ខ្វះ​បទពិសោធ​ប្រកួត​ច្រើន​ ព្រោះ​អត់​សូវ​បាន​ប្រកួត​អន្តរជាតិ​ទេ​​​»។​

កីឡា​ការិនី​វ័យ​១៨​ឆ្នាំ​ Tubb Casandre Nicole ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ ពី​វិញ្ញាសា​ប្រយុទ្ធ​ ប្រភេទ​ទម្ងន់​ក្រោម​៥៧​គីឡូក្រាម​ ក្រោយ​ចាញ់​កីឡា​ការិនី​ថៃ​ Benjarat ដោយ​ពិន្ទុ​១៣-៤​ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

Tubb Casandre Nicole ប្រកួត​នឹង​កីឡាការិនី​ថៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់