• 2015-10-16 21:24:11
  • បាល់ទាត់

គ្រូ Southampton បដិសេធ​​មិន​ទៅ​ដឹក​នាំ​​ជម្រើស​ជាតិ​ហុល្លង់

  • 2015-10-16 21:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ជនជាតិ​ហុល្លង់ ​លោក Ronald Koeman បាន​បង្ហាញ​ពី​ជំហរ​ចង់​ដឹក​នាំ​ក្លិប Southampton បន្ត​ទៀត​ បើ​ទោះ​ជា​ថ្មីៗ​នេះ​មនុស្ស​ជា​ច្រើន​រំពឹង​ថា​​លោក​​អាច​នឹង​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ ហុល្លង់ យ៉ាង​ណា​ក៏​ដោយ។

 

ភាព​រង្គោះ​រង្គើ​នេះ​កើត​ឡើង​បន្ទាប់​ពី​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បច្ចុប្បន្ន​គឺ​លោក Danny Blind កំពុង​រង​សម្ពាធ​ក្រោយ​ដឹក​នាំ​ក្រុម​ពណ៌​ទឹក​ក្រូច ហុល្លង់​ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០១៦។

 

 

Koeman បាន​បញ្ជាក់​ថា​​​មាន​ការ​ទាក់​ទង​ឲ្យ​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ក្ដី តែ​ខ្លួន​ចង់​ដឹកនាំ​ក្លិប​អាជីព​នៅ Premier League ច្រើន​ជាង។ អ្នក​ចាត់ការ​វ័យ​៥២ឆ្នាំ បាន​និយាយ​ថា៖ “ខ្ញុំ​គឺជា​គ្រូ​បង្វឹក​ក្រុម Southampton ខ្ញុំ​ស្រលាញ់​ការងារ​នេះ ហើយ​ចង់​បន្ត​ធ្វើ​វា​ទៀត។ កុងត្រា​ចាស់​ជាមួយ​នឹង​ក្លិប​នៅ​សល់​១​ឆ្នាំ​ទៀត​ឯណោះ ដូច្នេះ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញ”។

 

យ៉ាង​ណាក្ដី​ អតីត​កីឡាករ​ជម្រើស​ជាតិ​ហុល្លង់​ពី​ឆ្នាំ​ ១៩៨២ ដល់​១៩៩៤​រូប​នេះ​ បាន​បង្ហើប​ថា​លោក​​អាច​នឹង​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​នៅ​ថ្ងៃ​ណា​មួយ​នា​ពេល​អនាគត តែ​វា​ត្រូវ​អាស្រ័យ​លើ កត្តា​ជា​ច្រើន ​ហើយ​​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ គឺ​ហុល្លង់​ត្រូវ​ទទួល​ស្គាល់​ភាព​ខ្សោយ​របស់​ខ្លួន ហើយ​សិក្សា​ពី​វា។

 

Koeman ជា​អ្នក​ចាត់ការ​មួយ​រូប​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​ដឹក​នាំ​ក្រុម​ធំៗ​ជា​ច្រើន។ ក្រៅ​ពី​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​ជម្រើស​ជាតិ​ពី​ឆ្នាំ​១៩៩៧ ដល់​១៩៩៨ និង​ជំនួយ​ការ​គ្រូ​បង្វឹក Barcelona ពី​ឆ្នាំ​១៩៩៨ ដល់​២០០០ លោក​បាន​ធ្វើ​ជា​គ្រូ​បង្គោល​ក្នុង​ក្លិប​ Vitesse, Ajax, Benfica, PSV Eindhoven, Valencia, AZ និង Feyenoord មុន​ផ្លាស់​មក​កាន់​ Southampton កាល​ពី​ឆ្នាំ​២០១៤៕

 

ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ skysports

មតិយោបល់