• 2015-09-28 18:29:36
  • ព័ត៌មាន

ជើងឯក​​ការ៉ាតេដូ​ថ្នាក់​ជាតិ​​ឆ្នាំ​នេះ ភាគ​ច្រើន​ជា​កីឡាករ​ថ្មី

  • 2015-09-28 18:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​​ការ៉ាតេ-ដូ ជ្រើស​រើស​ជើង​ឯក​ទូ​ទាំង​ប្រទេស​រយៈ​ពេល៥​ថ្ងៃ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ខណៈ​ម្ចាស់​មេដាយ​មាស​ឆ្នាំ​នេះ​ភាគ​ច្រើន​ជា​កីឡាករ​ថ្មី។

 

លោក សាយ ណូរ៉ា ប្រធាន​ខេមរៈ​សហព័ន្ធការ៉ាតេ-ដូ​ កំពុង​បំពាក់​មេដាយ

 

លោក សាយ ណូរ៉ា ប្រធាន​ខេមរៈ​សហព័ន្ធ​ការ៉ាតេ-ដូ​បាន​បញ្ជាក់​ថា ឆ្លង​តាម​ការ​ប្រកួត​រយៈពេល ៥​ថ្ងៃ ពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃ​ទី២៧ និង​ការ​បូក​សរុប​លទ្ធផល​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ឆ្ងាយ ដោយសារ​ម្ចាស់​ជើង​ឯក​​ឆ្នាំ​នេះ​ភាគ​ច្រើន​ជា​កីឡាករ​ថ្មី ឯ​​ម្ចាស់​ជើង​ឯក​ចាស់​ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​លេខ​២ ឬ​លេខ​បី​វិញ។ នេះ​ស​បញ្ជាក់​ថា កីឡាករ​មាន​សមត្ថភាព បាន​កើន​ឡើង​ច្រើន។

 

លោក​បាន​បញ្ជាក់​ទៀត​ថា អ្វី​ដែល​គួរ​កត់​សម្គាល់​ក្នុង​ការ​ប្រកួត​ឆ្នាំ​នេះ គឺ​មាន​កីឡាករ​មួយ​ចំនួន​មក​ពី​ខេត្ត​បាត់ដំបង​លើក​ដំបូង ព្រម​ទាំង​ទទួល​បាន​​ចំណាត់​ថ្នាក់​ល្អ​ផង​ដែរ។ ប្រធាន​ខេមរសហព័ន្ធ​ការ៉ាតេ-ដូ ថ្មី​រូប​​នេះ​បាន​ប្ដេជ្ញា​ថា នឹង​សម្រិត​សម្រាំង​កីឡាករ​ល្អ​ៗ​ឲ្យ​បាន​ច្រើន ដើម្បី​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។ ​​​​​

 

ការ​ប្រកួត​កីឡា​ការ៉ាតេ-ដូ ប្រចាំ​ឆ្នាំ ២០១៥​នេះ មាន​កីឡាករ-កីឡា​ការិនី​ចូល​រួម ៨៤​នាក់ មក​ពី​សមាគម និង​ក្លឹប៧ ដែល​ក្នុង​នោះ​មាន​ក្លឹប​មណ្ឌល​កីឡា​គុន​ការ៉ាតេដូ​បញ្ញា​សាស្ត្រ​បាត់ដំបង(១២​នាក់) ក្លឹប​ការ៉ាតេដូ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា(១១​នាក់) សាលាគុន​ការ៉ាតេ-ដូ សូតូកង់​សុរិយា(១១​នាក់) សមាគម​ការ៉ាតេ-ដូ សូតូកង់​កម្ពុជា(១៣​នាក់) សម្ព័ន្ធ​ការ៉ាតេ-ដូ​កម្ពុជា(១៥​នាក់) ក្លឹប​ខភម១(០៩​នាក់) និង​ក្លឹប​ខភម​២(១៣​នាក់)។

 

ការ​ប្រកួត​ចែក​ចេញ​ជា ២០​វិញ្ញាសា ដែល​ក្នុង​នោះ​ផ្នែក​កាតា មាន​ ៨​វិញ្ញាសា ផ្នែក​ប្រយុទ្ធ​នារី មាន ៣​វិញ្ញាសា និង​ផ្នែក​ប្រយុទ្ធ​បុរស​មាន ៩​វិញ្ញាសា។ ឆ្លង​តាម​ការ​ប្រកួត​រយៈ​ពេល ៥​ថ្ងៃ សហព័ន្ធ​កីឡា​ការ៉ាតេ-ដូ​កម្ពុជា បាន​រក​ឃើញ​ម្ចាស់​​ជើង​ឯក​ថ្នាក់​ជាតិ​តាម​ប្រភេទ​នីមួយៗ ដើម្បី​ហ្វឹក​ហាត់​ពង្រឹង​សមត្ថភាព​បន្ថែម ត្រៀម​ខ្លួន​​ចូល​រួម​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ៕

 

 

 

 

អត្ថបទ៖ គង់ វិសាល

មតិយោបល់