• 2014-09-18 14:41:21
  • បាល់ទាត់

ភ្នំពេញ​ក្រោន​បើក​ទ្វារ​ទទួល​ស្វាគមន៍​​ណាហ្គាខប​រសៀល​ថ្ងៃ​សៅរ៍​នេះ​

  • 2014-09-18 14:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

រសៀល​ថ្ងៃ​សៅរ៍​ ទី​២០ ខែ​កញ្ញា​ ឆ្នាំ​២០១៤​ នេះ​ ក្រុម​ម្ចាស់​ជើង​ឯក​លីក​កំពូល​កម្ពុជា​ ភ្នំពេញ​ក្រោន​ នឹង​បើក​កីឡដ្ឋាន​ RSN Stadium ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ ណាហ្គាខប​ នៅ​វេលា​ម៉ោង​ ៣​រសៀល​តទៅ​មុន​ឈប់​សម្រាក​រដូវ​កាល​ភ្ជុំ​បិណ្ឌ។

 

ក្នុង​ការ​ប្រកួត​នេះ​ភ្នំពេញ​ក្រោន​អាច​នឹង​មាន​ការ​លំបាក​បន្តិច​ ពីព្រោះ​តែ​អវត្តមាន​កីឡាករ​សំខាន់ៗ​ចំនួន​៨​រូប​ដែល​កំពុង​ជាប់​កាតព្វកិច្ច​ជួយ​ក្រុម​ជម្រើស​ជាតិ​ត្រៀម​យុទ្ធនាការ​វគ្គ​ជម្រុះ​ AFF Suzuki Cup 2014។ កីឡាករ​ទាំង​៨​រូប​នោះ​រួម​មាន​ គួច​ សុកុម្ភៈ​ ងយ​ ស្រីន​, សុះ​ ស៊ូហាណា,​ កុក​ បូរីស,​ អ៊ុក​ សុទ្ធី,​ ស៊ូ​ យ៉ាទី,​ ហុង​ ផេង​ និង​ ប៊ីន​ ធារី។

 

អវត្តមាន​កីឡាករ​សំខាន់ៗ​ទាំង​នេះ​ អាច​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់​ក្រុម​ជើង​ឯក​លីក​ MCL 2014 នេះ​ ពីព្រោះ​អ្នក​ទាំង​នោះ​អាច​មក​ជួយ​ក្រុម​វិញ​ក្នុង​រយៈពេល​ត្រឹម​តែ​១០​ ទៅ​១១​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ការ​ចូល​រួម​ប្រកួត​ក្នុង​យុទ្ធនាការ​ Toyota Mekong Club Championship នៅ​ប្រទេស​វៀតណាម​ ហើយ​ត្រូវ​ប៉ះ​ក្រុម​ជើង​ឯក​លីក​ម្ចាស់​ផ្ទះ​ទៀត​ផង។

 

ឈុត​ភ្នំពេញ​ក្រោន​កាល​ MLC កន្លង​ទៅ

កាល​ពី​ពីរ​សប្ដាហ៍​មុន​ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ​លើ​ក្រុម​ Albirex Niigata PP ក្នុង​លទ្ធផល​ ២‑១​ ប៉ុន្តែ​ត្រូវ​បាន​ Albirex​ យក​ឈ្នះ​វិញ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។ ក្នុង​ការ​ប្រកួត​នោះ​ភ្នំពេញ​ក្រោន​បាន​ប្រើ​ទាំង​កីឡាករ​ថ្មី​ៗ​ និង​មាន​ឈុត​យុវជន​មួយ​ចំនួន ហើយ​កីឡាករ​ទាំង​នោះ​នឹង​ត្រូវ​បង្ហាញ​វត្តមាន​ដដែល​ក្នុង​ការ​សាក​ជើង​ជាមួយ​ ណាហ្គាខប​ លើក​នេះ។

 

លោក​ Andy Brouwer មន្ត្រី​ព័ត៌មាន​របស់​ក្លិប​បាន​ឲ្យ​ដឹង​ថា​ លោក​គ្រូ​បង្វឹក​ជនជាតិ​ស្វីស​ Sam នឹង​បន្ត​ប្រើ​ធនធាន​កីឡាករ​ដែល​មាន​បច្ចុប្បន្ន​ រួម​ទាំង​កីឡាករ​បរទេស​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​តេស្ត​សមត្ថភាព។

 

ដោយ​ឡែក​ ក្រុម​ណាហ្គាខប​ ឯណោះ​វិញ​មាន​កីឡាករ​តែ​មួយ​រូប​ប៉ុណ្ណោះ​ដែល​ជាប់​កាតព្វកិច្ច​ជួយ​ជម្រើស​ជាតិ​គឺ​កីឡាករ​ ស៊ុន​ សុវណ្ណរិទ្ធី។ ប្រធាន​ក្រុម​ណាហ្គាខប​ ទៀប​ វឌ្ឍនៈ​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​គ្រប់​រូប​នឹង​មាន​វត្តមាន​ទាំង​អស់​សម្រាប់​ការ​ប្រកួត​មិត្តភាព​ជាមួយ​ភ្នំពេញ​ក្រោន​នេះ​ ហើយ​ក្នុង​នោះ​ក៏​មាន​កីឡាករ​ថ្មី​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​តេស្ត​សមត្ថភាព​ដូចជា​ ប្រធាន​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ ញឹម​ សុវណ្ណរ៉ា​ និង​កីឡាករ​របស់​អាស៊ី​អឺរ៉ុប​បី​នាក់​ទៀត។

 

ក្រុម​ណាហ្គាខប​កាល​ MLC កន្លង​ទៅ​

 

ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ Albirex កាល​ពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន​ ណាហ្គាខប​ បាន​យក​ឈ្នះ​ក្នុង​លទ្ធផល​ ១‑០។  យ៉ាងណាក្ដី​ ក្រុម​លេខ​បី​លីក​ MCL 2014 នេះ​នឹង​អវត្តមាន​លោក​គ្រូ​បង្គោល​ប្រាក់​ សុវណ្ណារ៉ា​ និង​លោក​គ្រូ​ជំនួយ​ មាស​ ចាន់ណា​ ហើយ​កាតព្វកិច្ច​ដឹកនាំ​កូន​ក្រុម​នឹង​ធ្លាក់​ទៅ​លើ​លោក​គ្រូ​ លឹម​ នួន​ ជា​អ្នក​រ៉ាប់រង។

 

មិន​ដឹង​ថា​ ណាហ្គាខប​ ដែល​មាន​វត្តមាន​កីឡាករ​ទាំង​អស់​នោះ​អាច​បង្ក​ព្យុះ​ភ្លៀង​ដាក់​ភ្នំពេញ​ក្រោន​បាន​ដែរ​ឬ​ទេ?

 

អត្ថបទ៖ អៀង សូទ្រី

មតិយោបល់