• 2015-04-06 20:01:40
  • ព័ត៌មាន

កីឡាករ​ម្នាក់​​ឈ្នះ​​មេដាយ​សំរឹទ្ធ​ គ្រូ​ម្នាក់​ប្រឡង​ជាប់​អាជ្ញា​កណ្តាល​អន្តរជាតិ​នៅ​​ឡាវ​

  • 2015-04-06 20:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​ការ៉ាតេ​ដូ​កម្ពុជា​​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ និង​ប្រឡង​ជាប់​ជា​ចៅ​ក្រម​​អាជ្ញា​កណ្តាល​អន្តរជាតិ​ម្នាក់​នៅ​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ការ៉ាតេ​ដូ​អាស៊ី​អាគ្នេយ៍​នៅ​​ទី​​ក្រុង​វៀងចន្ទន៍ ​ប្រទេស​ឡាវ​ ​កាល​ពី​ថ្ងៃ​ទី​១ ​ដល់​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​ ២០១៥​កន្លង​ទៅ។

 

  លោក​ ឆាយ​ កៀក អនុប្រធានខេមរៈសហព័ន្ធ​ការ៉ាតេ​ដូកម្ពុជា​បាន​ឲ្យ​ដឹង​ថា ​​ក្រុម​កីឡាការ៉ាតេ​កម្ពុជា​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​​​ឡាវ​នេះ​ ៣​​នាក់​ជា​កីឡាករ​​ គ្រូ​៣​នាក់​សម្រាប់​ប្រលង​​ចៅក្រម​អន្តរជាតិ​ ម្នាក់​ប្រលង​គ្រូ​ដឹកនាំ​ និង​​​ម្នាក់​ប្រលង​គ្រូ​ជំនួយ។ ​ព្រឹត្តិការណ៍​ជើង​ឯក​ការ៉ាតេ​លើក​ទី​៤​នេះ​​​មាន​ប្រទេស​ទាំង​អស់​ចូល​រួម​ចំនួន​៧។

 

ជា​លទ្ធផល​លោក​ ឆាយ កៀក ​បាន​ប្រឡង​ជាប់​ជា​ចៅក្រម​​អាជ្ញា​កណ្តាល​អន្តរជាតិ​ដែល​បាន​ក្លាយ​ជា​គ្រូ​ការ៉ាតេ​កម្ពុជា​ទី​ពីរ​បាន​ក្លាយ​ជា​អាជ្ញា​កណ្តាល​អន្តរជាតិ ខណៈ​​កីឡាករ​ ​ឈឿន ឆេងលីម​ ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៧៦​គីឡូក្រាម។

 

លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​​ផល​ប្រយោជន៍​នៃ​វិញ្ញាបនបត្រ​​អាជ្ញាកណ្ដាល​អន្តរជាតិ​នេះ​​​ដែល​ជា​ការ​ទទួល​ស្គាល់​របស់​ពិភពលោក​​​ថា​ ប្រទេស​កម្ពុជា​មាន​អាជ្ញាកណ្ដាល​​ត្រូវ​តាម​ស្តង់ដារ​ និង​ប្រើ​ការ​បាន​ទូទាំង​ពិភព​លោក​។

  ​ លោក​​​ ឆាយ កៀក បាន​បង្ហាញ​ពី​អារម្មណ​ថា​ លោក​ពិត​ជា​មាន​មោទនភាព​ដែល​អាច​​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​មាន​អាជ្ញាកណ្ដាល​ត្រូវ​តាម​ស្តង់ដារ​ពិភពលោក​​ ហើយ​​ប្រទេស​ដទៃ​បាន​ស្គាល់​ពី​​​ជោគជ័យ​ក្នុង​វិស័យ​កីឡា​ការ៉ាតេ​នៅ​កម្ពុជា​នា​ពេល​នេះ​​។

  ​ ​គណៈប្រតិភូ​កីឡា​ការ៉ាតេ​កម្ពុជា​​​នឹងវិើ​​ត្រឡប់​មក​​ពី​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​​មក​កម្ពុជា​​នា​ម៉ោង​​១​រសៀល​នេះ​​នៅ​ប្រលាន​យន្តហោះ​​ភ្នំពេញ​៕

 

 

 

 

អត្ថបទ៖ស្រី​ សុវណ្ណដារ៉ា​​ រូបថត៖ ឆាយ គៀក

មតិយោបល់