• 2022-10-24 08:43:15
  • ព័ត៌មាន

​​ពាន​ World​ Cup​ ធ្វើពីមាស​​មានតម្លៃ​​២០លាន​​ដុល្លារ និងធ្លាប់ផ្លាស់ប្ដូររូបរាង ២ដងក្នុងប្រវត្តិសាស្ត្រ

  • 2022-10-24 08:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​តាំង​ពី​​ការ​ប្រកួត​បាល់ទាត់​ជើង​ឯក​ពិភព​លោក​លើក​ដំបូង​នៅ​ឆ្នាំ​១៩៣០​មក ពាន​រង្វាន់​​មាន​តែ​២​​ប៉ុណ្ណោះ​ត្រូវ​បាន​ប្រើ​ប្រាស់ ពាន​រង្វាន់​ទី​១ឈ្មោះ​ Jules Rimet ត្រូវ​បាន​ប្រើ​ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៧០ និង​ពាន​រង្វាន់​ទី​២ឈ្មោះ​ FIFA World Cup ​ត្រូវបាន​ប្រើ​​ប្រាស់​​​​ពី​ឆ្នាំ​១៩៧៤ ដល់​បច្ចុប្បន្ន។

ពាន​រង្វាន់​ទី​១ឈ្មោះ​ Jules Rimet

ពាន​រង្វាន់​​ទី​១​មាន​ឈ្មោះ​​​​ដើម​របស់​វាគឺ​ «Victory មាន​ន័យ​ថា ជ័យជម្នះ​» ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បានប្តូរ​ជាឈ្មោះ​«​​Jules Rimet»​ដើម្បី​ជា​​​កិត្តិយស​ដល់​លោក Jules Rimet ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ទី​៣​ដែល​កាន់​តំណែង​នេះ​បាន​យូរ​ជាង​គេ​បំផុត​។ ពាន​រង្វាន់​​ដែល​ត្រូវ​បាន​ផលិត​ពី​មាស និង​​ស្រោប​ប្រាក់​​នេះ​ ​ត្រូវ​បាន​ចោរលួច​​ក្នុង​ឆ្នាំ​១៩៨៣ និង​បាត់​ដំណឹង​សូន្យ​រហូត​ដល់​ឥឡូវ។

ចំណែក​ពាន​រង្វាន់​ទី​២​គឺ​ FIFA World Cup ​នេះ​ត្រូវ​បាន​ផលិត​ពី​មាស​ ដែល​មានទម្ងន់​​​៦.១​គីឡូក្រាម និង​កម្ពស់​​៣៦.៨​សង់​ទី​ម៉ែត្រ។ វា​ជា​ពាន​រង្វាន់​​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​ក្នុង​ពិភព​លោក​ដែល​គិត​ជា​ប្រាក់​ចំនួន​២០​លាន​ដុល្លារ​អាមេរិក។ វា​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ Stabilimento Artistico Bertoni របស់​​ប្រទេស​អ៊ីតាលី។ វា​បង្ហាញ​ពី​ម្រាម​ដៃ​មនុស្ស​ពីរ​នាក់​កំពុង​កាន់​​ផែន​ដី។

ពាន​រង្វាន់​ទី​២ឈ្មោះ​ FIFA World Cup

ប្រទេស​ប្រេស៊ីល​ធ្លាប់​ឈ្នះ​បាន​ច្រើន​ដង​ជាង​គេ​ពោល​គឺ​ធ្លាប់​គ្រង​៥​សម័យ​កាល ហើយ​ប្រទេស​អ៊ុយរូហ្គាយ​ធ្លាប់​ឈ្នះ​ដំបូង​គេ​​​បង្អស់​ក្នុង​ឆ្នាំ​​១៩៣០ និង​បច្ចុប្បន្ន​​​គ្រង​​ដោយ​ប្រទេស​បារាំង​​បាន​ឈ្នះ​កាល​ពី​ឆ្នាំ​​២០១៨​ដែល​ត្រូវ​ការពារ​ជើង​ឯក​របស់​ខ្លួន​នា​ចុង​​ឆ្នាំ​២០២២​នេះ​នៅ​ប្រទេស​កាតា។

ពាន​រង្វាន់​​បាល់ទាត់​​​ពិភព​លោក​​ FIFA World Cup ធ្លាប់បានដង្ហែ​មក​ដល់​ប្រទេស​កម្ពុជា លើកដំបូងក្នុងប្រវត្តិសាស្ត្រនៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០២២​ ​តាម​ជើង​យន្តហោះ​ពិសេស ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទទួល​ស្វាគមន៍ ​និង​លើក​ពាន​រង្វាន់​ពិភព​លោក​​នៅ​វិមាន​សន្តិភាព រាជ​ធានី​ភ្នំពេញ៕

មតិយោបល់