• 2022-09-08 09:14:55
  • កីឡា​ផ្សេង​ៗ

ភាព​ល្បីល្បាញ​របស់​ប្រាសាទ​អង្គរ​កំពុង​អន្ទងចិត្ត​ថ្នាក់ដឹកនាំ​កីឡា​នៅ​អាស៊ី​ឲ្យ​មក​កម្ពុជា​នៅ​ថ្ងៃ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​

  • 2022-09-08 09:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ លើក​ទី៤១​ នៅ​ភ្នំពេញ​គឺ​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ​ខណៈ​ថ្នាក់​ដឹកនាំ​កីឡា​បណ្ដា​ប្រទេស​ជាង​ ៤០​នៅ​អាស៊ី​ កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​មក​ចូលរួម​ និង​ចង់​ទៅ​ទស្សនា​ផ្ទាល់​ប្រាសាទ​អង្គរក្នុង​ខេត្ត​សៀមរាប។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (រូបភាព CAMSOC)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ CAMSOC​ ព្រឹកមិញ​ថា​ គឺជជែកពីការ​បែងចែក​ភារកិច្ច​ និង​ដោះស្រាយ​ភាព​ស្រពិចស្រពិល​មួយ​ចំនួន​ដោយ​បាន​បញ្ជាក់រួច​ហើយ​អំពី​ការ​ទទួល​ខុសត្រូវ​ដូច​ជា​ហូបចុក​ ស្នាក់នៅ​ បដិសណ្ឋាកិច្ច​ សន្តិសុខ​ សុវត្ថិភាព​ប្រតិភូ​ជា​ដើម។​

កិច្ចប្រជុំព្រឹកមិញ (រូបភាព CAMSOC)

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ឥស្សរជន​ និង​ថ្នាក់​ដឹកនាំ​ដែល​គ្រោង​មក​កម្ពុជា​ដើម្បី​ចូលរួម​មហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ លើក​ទី៤១​ មានប្រហែល​ ៣០០-៤០០​នាក់​មក​ពី​ប្រទេស​ចំនួន​ ៤៥​ក្នុង​ទ្វីប​អាស៊ី​ រួម​និង​អូឡាំពិក​អន្តរជាតិ​ខ្លះទៀត។​ គួរ​ឲ្យ​កត់សម្គាល់​មួយ​ទៀត​បណ្ដា​ឥស្សរជន​ទាំង​នោះ​ បាន​បង្ហាញ​នូវ​ទឹកចិត្ត​ចង់​មក​ចូលរួម​តែ​ម្ដង​ដើម្បី​បាន​ទៅ​ទស្សនា​ផ្ទាល់​ភ្នែក​នៅ​ប្រាសាទ​អង្គរដែល​មាន​ភាព​ល្បីល្បាញ​លើ​ពិភពលោក​ ព្រោះ​ពួកគេ​មិន​ទាន់​មាន​ឱកាស​ឃើញ​ផ្ទាល់ឡើយ។​ ដូច្នេះ​ឱកាស​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​កីឡា​នានា​ចង់​មក​ឃើញ​ភាព​ល្អ​ឯក​នៃ​ប្រាសាទ​បុរាណ​ខ្មែរ​នៅ​ខេត្ត​សៀមរាប។​

កិច្ចប្រជុំ OCA​ កន្លងទៅ

រំលឹក​ដែរ​ថា​ មហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ លើក​ទី៤១​ នេះ​គឺ​ដំបូង​គ្រោង​ធ្វើ​នៅ​ប្រទេស​ចិន​នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​បញ្ហា​កូវីដ​ ទើប​ត្រូវ​បាន​ផ្លាស់ប្ដូរ​ខណៈ​កម្ពុជា​ជា​ប្រទេស​សមស្រប​ទាំង​សុវត្ថិភាព​នយោបាយ​ សុវត្ថិភាព​កូវីដ​ និង​ការ​អភិវឌ្ឍន៍​ខ្លាំង​លើ​វិស័យ​កីឡា។​ ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​អំឡុង​ថ្ងៃ​ទី១​ ដល់​ ទី៥​ ខែ​តុលា​ ឆ្នាំ​២០២២​ នៅ​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់