• 2022-08-16 06:51:02
  • បាល់ទះ

ដំណឹង​ល្អ! លោកគ្រូ សោម ចំណាប់ នឹងទៅ​ដឹក​នាំ​ក្រុម​ស្នងការព្រះសីហនុ​ឆាប់ៗ​នេះ

  • 2022-08-16 06:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​លាឈប់​ពី​ក្លឹប​រដ្ឋបាលរាជធានីភ្នំពេញលោកគ្រូ សោម ចំណាប់ នៅ​មិន​ទាន់​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​បាល់ទះ​ណា​មួយ​ឡើយ ប៉ុន្តែ​ថ្មីៗ​នេះ​ស្រាប់​តែ​មាន​ដំណឹង​ អតីត​​គ្រូ​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរ​ខ្សាច់​រូប​នេះ ​នឹង​ទៅ​ដឹកនាំ​​ក្រុម​ស្នងការដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​ក្នុង​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាង​មុខ។

ពាក់ព័ន្ធ​នឹង​ដំណឹង​នេះ Sabay បាន​សាកសួរ​ទៅ​កាន់​លោកគ្រូ សោម ចំណាប់ ហើយ​លោក​បាន​ឆ្លើយ​តប​​ថានេះ​ជា​រឿង​ពិត​ពោល​គឺ​លោក​រងចាំ​រៀបចំការងារ​នៅ​តារាងបាល់ទះ​វត្តកោះ​ឱ្យ​រួច​រាល់​ជា​មុន​សិន។ បច្ចុប្បន្ន​លោក​កំពុង​កាន់​ការងារនិង​មើលការ​ខុសត្រូវ​នៅ​តារាង​​កណ្ដាល​ក្រុង​មួយ​នេះ។

ចំពោះ​ពេល​វេលាទៅ​បង្វឹក​នៅ​ក្រុម​ស្នងការក្រុង​ព្រះសីហនុ អតីត​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរខ្សាច់​ដ៏ល្បីល្បាញដដែល​ បាន​បញ្ជាក់​​បន្ថែម​យ៉ាង​ដូច្នេះ​ ៖«ខាង​ស្នងការ​ក្រុង​ព្រះសីហនុ គាត់​ទាមទារ​ឱ្យ​ខ្ញុំ​បាន​ទៅ​ឆាប់​កាល​ណា​ល្អ​កាល​ហ្នឹង​ ប៉ុន្តែ​ខ្ញុំ​សុំ​ពន្យារ​ពេល​គាត់​បួន​ប្រាំ​ថ្ងៃ​ ប្រហែល​បួន​ប្រាំ​ថ្ងៃ​ទៀត​ ខ្ញុំ​រៀប​ចំ​ការងារ​នៅ​វត្ត​កោះ​នេះ​ឱ្យ​រួច​រាល់​ហើយខ្ញុំ​ចេញ​ទៅ​ហើយ និយាយ​រួម​ Clear ការងារ​បី​បួន​ថ្ងៃ​ទៀត​នឹង​ចេញ​ទៅ​ហើយ​»។

នេះ​គឺ​ជា​ឱកាស​ថ្មីៗ​សម្រាប់​លោកគ្រូមាន​ដើមកំណើត​មក​ពី​ខេត្ត​ស្វាយ​រៀង។ ក្រោយ​ទទួល​បាន​ការងារ​ថ្មី​ពី​ក្រុម​ស្នងការ​ក្រុង​ព្រះសីហនុហើយ​​នោះ លោក​បាន​ប្ដេជ្ញា​ខំប្រឹង​បង្វឹក​កូន​ក្រុម​ឱ្យ​បាន​ល្អ និង​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការ​ប្រកួត​នានា​ក្នុង​ពេល​ខាង​មុខ។

គួរ​បញ្ជាក់​ថា លោកគ្រូ​សោម ចំណាប់ ជា​អតីត​កីឡាករ​ជម្រើសជាតិ​ក្នុង​សាល​និង​ឆ្នេរ​ខ្សាច់​ដ៏ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា។ នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២២​នេះ ​អតីត​​គ្រូ​បង្គោល​ជម្រើស​ជាតិបាល់ទះ​​ឆ្នេរខ្សាច់​នៅ​​ឆ្នាំ​២០២១ បាន​លាឈប់​ពី​ក្លឹប​រដ្ឋបាលរាជធានី​ភ្នំពេញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់