• 2022-05-03 11:39:08
  • បាល់ទាត់

Ancelotti នឹង​ចូល​និវត្តន៍​ពី​អ្នកដឹក​នាំ​ក្លឹប​ហើយ​ នៅ​ពេល​ចប់​ការងារ​​ជា​មួយ​ Real

  • 2022-05-03 11:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti បាន​និយាយ​ទៅ​កាន់​ Amazon Prime នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​នឹង​ចូល​និវត្តន៍​ពី​អ្នកដឹកនាំ​ក្លឹប​ហើយ​ នៅ​ពេល​លោក​ចប់​ការងារ​ជា​មួយ​ក្លឹប​ Real Madrid នៅ​ថ្ងៃ​ខាង​មុខ​។

លោក​ Ancelotti បាន​និយាយ​ថា​៖" បន្ទាប់​ចប់​ពី​ Real Madrid នេះ​ទៅ​ ប្រហែល​ជា​ខ្ញុំ​ឈប់​ដឹកនាំ​ក្លឹប​។ តែ​យ៉ាង​ណា​បើ​ក្លឹប​នេះ​ចង់​​ឲ្យ​ខ្ញុំ​ដឹក​ ១០ឆ្នាំ​ទៀត​ ខ្ញុំ​នឹង​ខំ​បន្ត​១០ឆ្នាំ​ទៀត​ "។

លោក​បាន​បន្ត​ថា​៖" និយាយ​ទៅ​ខ្ញុំ​ចង់​ឈប់​សម្រាក​កម្សាន្ត​ជា​មួយ​ចៅ​ខ្ញុំ​ ប្រពន្ធ​ខ្ញុំ​ម្ដង​។ ព្រោះ​ខ្ញុំ​នៅ​សល់​កិច្ចការ​ច្រើន​ណាស់​ ដែល​ខ្ញុំ​ចង់​ធ្វើ​ជា​មួយ​ពួក​គាត់​។ ណា​មួយ​ខ្ញុំ​មិន​ដែល​បាន​សូវ​ទៅ​ណា​ផង​ ដូច​អូស្ត្រាលី​ និង​ប្រេស៊ីល​កន្លែង​ Rio de Janeiro ខ្ញុំ​អត់​ដែល​ទាន់​បាន​ទៅ​ទេ​។ មួយ​ទៀត​ខ្ញុំ​ក៏​ទៅ​ជួប​បង​ប្អូន​ស្រី​ខ្ញុំ​ញឹកញាប់​ផង​ដែរ​។ អញ្ចឹង​ថ្ងៃ​ដែល​ខ្ញុំ​ឈប់​ពី​ការងារ​នេះ​ គឺ​ខ្ញុំ​ចង់​ធ្វើ​រឿង​ទាំង​នេះ​ "។

លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ ក្រោយ​ឈប់​ពី​អ្នកដឹកនាំ​ក្លឹប​ លោក​អាច​នឹង​ទៅ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ម្ដង​ ជា​ពិសេស​គឺ​ដឹកនាំ​សម្រាប់​ប្រកួត​ World Cup 2026 ដោយ​លោក​ក៏​ចាប់​អារម្មណ៍​ទៅ​ដឹកនាំ​ក្រុមជម្រើសជាតិ​កាណាដា​ផង​ដែរ​ ប្រសិន​ជា​គេ​ត្រូវ​ការ​។

សូម​រំលឹកផង​ដែរ​ថា​ Ancelotti នឹង​អស់​កុងត្រា​នឹង​ Real នៅ​ឆ្នាំ​២០២៤ខាង​មុខ​។ ក្នុង​អាជីព​ជា​អ្នកដឹកនាំ​ក្លឹប​របស់​លោក​ Ancelotti គឺ​លោក​បាន​ឈ្នះ​ពាន​លីគ​កំពូល​ទាំង​៥ នៅ​អឺរ៉ុប​អស់​ហើយ​ ដោយ​លោក​ក៏​ធ្លាប់​ឈ្នះ​ពាន​ UEFA Champions League ផង​ដែរ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់