• 2022-03-31 07:38:35
  • បាល់ទាត់

Salah ដូច​ចង់​អស់​ចិត្ត​ពី​ជម្រើសជាតិ ក្រោយ​ចាញ់​ផ្ទួន​​ៗ​ក្នុង​វគ្គ​សំខាន់

  • 2022-03-31 07:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​អេហ្ស៊ីប​​កីឡាករ Mohamed Salah បាន​បង្ហើប​ពាក្យ​ហាក់​ដូច​ជា​អស់​ចិត្ត​ជាមួយ​ជម្រើស​ជាតិ ក្រោយ​​ពួក​គេ​​ធ្លាក់​ចេញ​មិន​បាន​ទៅ​លេង​នៅ World Cup ក្នុង​ប្រទេស​កាតា។

អេហ្ស៊ីប​បាន​ប្រកួត​ចាញ់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Africa Cup of Nations កាល​ពី​ខែ​មុន​ដោយ​សារ​ថ្វី​ជើង​របស់​សេណេហ្គាល់។ ហើយ​ចុងក្រោយ​នេះ​ពួក​គេ​បន្ត​ចាញ់​សេណេហ្គាល់​ដដែល​ក្នុង​វគ្គ​ជម្រុះ World Cup ក្នុង​តំបន់​អាហ្រ្វិក ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

គ្រូ​របស់​អេហ្ស៊ីប​លោក Carlos Queiroz បាន​​ចុះ​ចេញ​ពី​តំណែង ក្រោយ​​ដឹក​នាំ​ក្រុម​ខកចិត្ត​២​លើក​ផ្ទួនៗ។ ជាមួយ​គ្នា​នេះ​ខ្សែ​ប្រយុទ្ធ​សំខាន់ Salah ក៏​បង្ហាញ​​អារម្មណ៍​​ដូច​ជា​ចង់​ឈប់​លេង​ឲ្យ​ជម្រើសជាតិ​ដូច​គ្នា។ និយាយ​ជុំ​​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ Salah ថា៖ “ខ្ញុំ​ពិត​ជា​មាន​មោទកភាព​​ដែល​បាន​លេង​ជាមួយ​អ្នក​ទាំង​អស់​គ្នា ហើយ​អ្នក​គឺ​ជា​កីឡាករ​ដែល​ខំ​ប្រឹងប្រែង​បំផុត​ដែល​ខ្ញុំ​​ធ្លាប់​លេង​ជាមួយ”។

“ខ្ញុំ​ធ្លាប់​លេង​ជាមួយ​កីឡាករ​ជំនាន់​មុន​ៗ​ដូច​ជា Wael Gomaa​និង Mohamed Aboutrika បន្ទាប់​មក​ជាមួយ Abdallah El-Said និង​អ្នក​ជំនាន់​បន្ត​បន្ទាប់។ ហើយ​ខ្ញុំ​​អាច​និយាយ​បាន​ថា ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​កីឡាករ​ជំនាន់​នេះ។ វា​ពិត​ជា​មាន​កិត្តិយស​​ដែល​បាន​លេង​ជាមួយ​គ្រប់​គ្នា ថ្វី​បើ​ពេល​ខាង​មុខ​​ខ្ញុំ​នឹង​អាច​មាន​វត្តមាន​នៅ​ទី​នេះ​ទៀត​ឬ​យ៉ាង​ណា”។ សម្ដី Salah។

Salah វ័យ​២៩​ឆ្នាំ​​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ​អេហ្ស៊ីប​៨៤​ប្រកួត​រក​បាន​៤៧​គ្រាប់ និង​​រង​ជើង​ឯក Africa Cup of Nations ​២​ដង(២០១៧​និង​២០២១)។ ក្រោយ​បញ្ចប់​ភារកិច្ច​ជាមួយ​ជម្រើស​ជាតិ​ គេ​នឹង​​ត្រលប់​មក​ជួយ​ក្រុម Liverpool វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់