• 2022-01-10 08:33:06
  • ប្រដាល់

មែនអត់ មេ ONE ចង់ប្រកួតជាមួយមេ UFC?

  • 2022-01-10 08:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមចូលចិត្តប្រដាល់គុនចម្រុះទូទាំងពិភពលោក បន្ទាប់ពីស្ថាប័នប្រដាល់ ONE Championship បានបង្ហោះសារនៅលើ Twitter ផ្លូវការរបស់ខ្លួនថា តើនរណាចង់ឃើញលោក Chatri ប្រកួតជាមួយលោក Dana?

ការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ONE នេះបានធ្វើឲ្យមានការចាប់អារម្មណ៍ និងបញ្ចេញមតិយោបល់ច្រើន ពីព្រោះបុរសទាំងពីរនេះជាកំពូលមនុស្សដែលបង្កើតស្ថាប័នប្រដាល់ធំបំផុតលំដាប់ពិភពលោកដើម្បីក្លាយជាសមរភូមិអ្នកគុននិយមគ្រប់រូបមកពីទូទាំងពិភពលោក។

លោក Dana White ជានរណា?

លោក Dana White កើតនៅឆ្នាំ១៩៦៩នៅប្រទេសអង់គ្លេស ជាសហគ្រិនអាមេរិក និងជាប្រធានស្ថាប័នប្រដាល់គុនចម្រុះកំពូលនៅអាមេរិកក៏ដូចជាទូទាំងពិភពលោកគឺ Ultimate Fighting Championship ដែលត្រូវបានគេស្គាល់ថា UFC។

ស្ថិតក្រោមការដឹកនាំរបស់លោក Dana White ស្ថាប័នប្រដាល់ក្នុងទ្រុង UFC បានរីកធំធាត់ និងល្បីល្បាញទូទាំងពិភពលោក។ បង្កើតជាផ្លូវការនៅឆ្នាំ១៩៩៣ ស្ថាប័ននេះមានទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។

កាលពីឆ្នាំ២០១៩ លោក Dana White ត្រូវបានគេប៉ាន់ស្មានមានទ្រព្យសម្បត្តិប្រមាណ៥០០លានដុល្លារអាមេរិក។ លោកធ្លាប់ហាត់ប្រដាល់សកលតាំងពីអាយុ១៧ឆ្នាំ ហើយបន្ទាប់មកធ្វើជាគ្រូបង្ហាត់ប្រដាល់សកលដើម្បីសុខភាព។ ក្រៅពីលេចធ្លោ និងជោគជ័យនៅស្ថាប័នគុនចម្រុះ UFC លោកក៏ពាក់ព័ន្ធនឹងការផ្គូផ្គងឲ្យមានការប្រកួតរវាងជើងឯកប្រដាល់សកល Floyd Mayweather ជាមួយកំពូលអ្នកលេងគុនចម្រុះ Conor McGregor ផងដែរ។

លោក Chatri Sityodtong ជានរណា?

លោក Chatri ជាជនជាតិថៃកើតនៅឆ្នាំ១៩៧១ជាសហគ្រិន និងជាអតីតកីឡាករប្រដាល់មួយរូប។ លោកត្រូវបានគេស្គាល់ និងល្បីល្បាញតាមរយៈស្ថាប័នប្រដាល់ធំបំផុតនៅអាស៊ី ក៏ដូចជាទូទាំងពិភពលោក ONE Championship ដែលមានទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារអាមេរិក។

ទើបតែបង្កើតនៅឆ្នាំ២០១១ពោលគឺ១០ឆ្នាំប៉ុណ្ណោះ ស្ថិតក្រោមការដឹកនាំរបស់លោក Sityodtong ស្ថាប័ន ONE រីកចម្រើនធំធាត់យ៉ាងឆាប់រហ័សរហូតជាប់ក្នុងចំណោមកំពូលស្ថាប័នកីឡាទាំង១០លើលោក។ នេះបើយោងតាម Forbes

លោក Chatri បានជាប់ឈ្មោះជាមនុស្សមានឥទ្ធិពលបំផុតលំដាប់ទី២ក្នុងវិស័យកីឡានៅទ្វីបអាស៊ីរបស់ FOX Sports។ ក្រៅពីបង្កើតស្ថាប័ន ONE បុរសជនជាតិថៃរូបនេះក៏ជាអ្នកបង្កើតកម្មវិធីកម្សាន្តប្រើប្រាជ្ញា The Apprentic: ONE Championship Edition ផងដែរ។

កាលពីក្មេង លោក Chatri ហ្វឹកហាត់កីឡាប្រដាល់មួយថៃ និងមានបទពិសោធប្រដាល់៣៥ឆ្នាំ។ ក្រៅពីនេះលោកបានហ្វឹកហាត់ជំនាញជឺជីតស៊ូរបស់ទទួលបានខ្សែក្រវាត់ប្រផេះទៀតផង៕

ដោយ៖ ស៊ីធី

មតិយោបល់