• 2022-01-04 07:07:11
  • ប្រដាល់

​​​​​​​ឯកឧត្ដម​អគ្គនាយក​ ទទក ៖ យើង​​មិន​ត្រូវ​ឲ្យ​កីឡាករ​យក​លុយ​តម្លៃ​ខ្លួន​ទៅ​ព្យាបាល​របួស​ទេ

  • 2022-01-04 07:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ព្រឹក​មិញ​នេះ​​ឯក​ឧត្ដម​​ ឃឹម វុទ្ធី អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ទទក​ ​​បាន​ប្រគល់​លុយ​ចំ​នួន​៣០០​ដុល្លារ​ជា​ថ្លៃ​ព្យាបាល​ដល់​កីឡាករ​ ឯម ចន្នី ដែល​​​បាន​បាក់​ខ្ទង់​ច្រមុះ​​កាល​ពី​ពេល​ថ្មី​ៗ។ ក្នុង​ការ​ប្រគល់​ថវិកា​នេះ​ឯក​ឧត្ដម​ខាង​លើ​បាន​និយាយ​ថា «​​យើ​ង​មិន​ត្រូវ​ឲ្យ​កីឡាករ​យក​លុយ​តម្លៃ​ខ្លួន​ដែល​វ៉ៃ​បាន​ ទៅ​ព្យាបាល​របួស​នោះ​ទេ​»។

​ឯក​​ឧត្ដម​បាន​និយាយ​​ថា «​​កីឡាករ​គ្នា​វ៉ៃ​បាន​លុយ​តម្លៃ​ខ្លួន​តិច​តួច​ ហើយ​បើ​ពេល​មាន​របួស​ទៅ​ឲ្យ​គ្នា​យក​លុយ​តម្លៃ​ខ្លួន​នោះ​ទៅ​ព្យាបាល​​គ្នា​បាន​អី​ផ្គត់ផ្គង់​គ្រួសារ​។ ខ្ញុំ​គិត​ថា​យើង​មិន​ត្រូវ​ឲ្យ​កីឡាករ​យក​លុយ​ដែល​វ៉ៃ​បាន​ទៅ​ព្យាបាល​របួស​អស់​ទេ។ ដូច្នេះ​ទើប​​ក្នុង​នាម​ខ្ញុំ​បាទ​ជា​ថ្នាក់​ដឹក​នាំ​​ស្ថានីយ​ខ្ញុំ​ត្រូវ​តែ​ជួយ​សម្រួល​គ្នា​​»។

​ឯក​ឧត្ដម​បន្ថែម​ថា មិន​ថា​កីឡាករ​រូប​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​របួស​នៅ​ស្ថានីយ​មួយ​នេះ​នឹង​ទទួល​បាន​ការ​​ចេញ​​ថ្លៃ​ព្យាបាល​ដូច​គ្នា ដោយ​​​អ្នក​រៀប​ចំ​ នឹង​សិក្សា​​ទៅ​លើ​ស្ថានភាព​របួស​ ធ្ងន់​ឬ​ស្រាល​កម្រិត​ណា។ លោក​មើល​ឃើញ​ថា​កីឡាករ​​ប្រដាល់​ខ្លះ​​មាន​ជីវភាព​ខ្វះខាត ដូច្នេះ​ក្នុង​ការ​រៀប​ចំ​របស់​ TVK Fighter នឹង​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​កីឡាករ​​តាម​ដែល​អាច​ធ្វើ​ទៅ​​បាន​ ប្រសិន​បើ​មាន​របួស​​នានា​​បាន​កើត​ឡើង​។​

ទន្ទឹម​គ្នា​នោះ​លោក ច័ន្ទ សុទ្ធ តំណាង​សហព័ន្ធ​ក៏​បាន​និយាយ​ដែរ​ថា ជា​ការ​រៀប​ចំ​មួយ​យ៉ាង​​ល្អ ដែល​អាច​​ធ្វើ​ឲ្យ​កីឡាករ​មាន​ភាព​កក់ក្ដៅ​។ ​នេះ​ជា​ការ​គិតគូរ​បាន​ល្អ​មែន​ទែន​ និង​ជំរុញ​ឲ្យ​កីឡាករ​កាន់​​​តែ​មាន​ការ​ខិត​ខំ​ប្រឹងប្រែង​​​ក្នុង​ការ​ប្រកួត​។

​​ជា​មួយ​គ្នា​នោះ​កីឡាករ ឯម ចន្នី បាន​លើក​ឡើង​ដែរ​ថា ក្នុង​នាម​ជា​កីឡាករ​ពិត​ជា​រីករាយ​ដែល​ស្ថានីយ​​អាច​ជួយ​ចេញ​ថ្លៃ​ព្យាបាល​​បាន​ទាំង​ស្រុង​ដូច្នេះ​។ ​ការ​រៀប​បែប​នេះ​ធ្វើ​ឲ្យ​កីឡាករ​មាន​អារម្មណ៍​ថា ​វ៉ៃ​ដោយ​មិន​ខ្លាច​​វ៉ៃ​អស់​សមត្ថភាព​ជូន​ប៉ុស្តិ៍ ​ដើម្បី​ជា​ការ​តបស្នង​។

​ចន្នី បន្ថែម​ដែរ​ថា​ កន្លង​មក​ស្ថានីយ​ផ្សេង​ៗ​ក៏​គេ​បាន​ជួយ​ខ្លះ​ៗ​ដែរ​ប្រសិន​បើ​កីឡាករ​​មាន​បញ្ហា​របួស​ធ្ងន់​ៗ​អី​ ប៉ុន្តែ​គ្រាន់​តែ​មិន​បាន​ជួយ​ពេញ​ដៃ​ពេញ​ជើង​១០០​%​ដូច​ ទទក ឡើយ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់