• 2021-10-15 11:30:57
  • បាល់ទាត់

Bartomeuថា​ ជា​កំហុស​របស់​ Barca ដែល​​ឲ្យ​ Messi ចាក​ចេញ​បាន​

  • 2021-10-15 11:30:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Josep Maria Bartomeu អតីត​ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Mundo Deportivo នៅ​ក្នុង​ថ្ងៃ​នេះ​ក្រោយ​មើល​ឃើញ​លោក​ Joan Laporta មិន​ទុក​ខ្សែ​ប្រយុទ្ធ​ Lionel Messi នៅ​ក្លឹប​ដដែល​នេះ​ថា​ វា​ជា​កំហុស​របស់​ក្លឹប​នេះ​ ដែល​​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Lionel Messi ចាក​ចេញ​ពី​ក្លឹប​បាន​។

លោក​ Bartomeu បាន​និយាយ​ថា​៖" ខ្ញុំ​តែង​តែ​គិត​រហូត​មក​ថា​ វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដែល​ Messi អាច​នៅ​ជា​មួយ​យើង​ នេះ​មិន​មែន​មក​ពី​គែ​ជា​កំពូល​កីឡាករ​លំដាប់​ថ្នាក់​ពិភពលោក​តែ​មួយ​មុខ​ទេ​ តែ​ដោយ​សារ​តែ​ឥទ្ធិពល​របស់​គេ​មក​លើ​ការ​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​ក្លឹប​ និង​ស្ថាប័ន​ក្លឹប​ទាំង​មូល​ "។

លោក​បាន​បន្ត​ថា​៖" អញ្ចឹង​​ហើយ​ខ្ញុំ​គិត​ថា​ វា​ជា​កំហុស​របស់​ក្លឹប​ ដែល​ឲ្យ​ Messi ចាក​ចេញ​បាន​ ព្រោះ​គេ​ជា​អ្នក​តំណាង​សម្រាប់​ក្លឹប​នេះ​លើស​ពី​កីឡាករ​បាល់ទាត់​ "។

សូម​រំលឹក​ផង​ដែរ​ថា​ បើ​តាម​ការ​​លើក​ឡើង​របស់​លោក​ Joan Laporta កន្លង​មក​នេះ​ មូលហេតុ​ដែល​មិន​អាច​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Messi បាន​ព្រោះ​​ក្លឹប​លោក​ជួប​បញ្ហា​វិបត្តិ​ប្រាក់​កាក់​ដោយ​សារ​តែ​បញ្ហា​កូវីដ​-១៩ នៅ​តែ​បន្ត​ ហើយ​មួយ​ទៀត​គឺ​បញ្ហា​ច្បាប់​ហិរញ្ញវត្ថុ​របស់​ La Liga គឺ​ Financial Fair Play ដែល​មិន​អនុញ្ញាត​ឲ្យ​ក្លឹប​ដែល​កំពុង​ខាត​បង់​ប្រាក់​ដូច​ Barca ចំណាយ​លុយ​លើ​កីឡាករ​មាន​តម្លៃ​ថ្លៃ​ដូច​ Messi ដែល​ចុង​ក្រោយ​ធ្វើ​ឲ្យ​កំពូល​ខ្សែ​ប្រយុទ្ធ​នេះ​ផ្លាស់​ទៅ​ក្លឹប​ PSG ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់