• 2021-09-22 06:25:10
  • បាល់ទះ

វឿន វាសនា ថាលេង៤ស្មើប្លែកសម្រាប់កីឡាករអាជីព

  • 2021-09-22 06:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន វឿន វាសនា យល់ឃើញថាការប្រកួតបាល់ទះ៤ស្មើលក្ខណៈស្តង់ដារ ហាក់ប្លែកសម្រាប់រូបគេក្នុង​នាម​ជាកីឡាករអាជីព។ ប្លែក​ត្រង់​គេមិនសូវមានបទពិសោធ។

កីឡាកររបស់ក្លឹបបាល់ទះវិសាខា បានពន្យល់ថា៖«សម្រាប់ខ្ញុំផ្ទាល់គឺមានអារម្មណ៍ថាប្លែក សម្រាប់ការប្រកួត៤ស្មើនេះ ហើយសម្រាប់ខ្ញុំផ្ទាល់ជាកីឡាករអាជីពមួយរូបដែលធ្លាប់តែមានបទពិសោធលើទីលានស្តង់ដារ៦ស្មើ តែលើទីលាន៤ស្មើ ខ្ញុំអត់សូវ​មានបទពិសោធប៉ុន្មានទេ...»។

គ្មានបទពិសោធស្មាត់បាល់ទះ​ជម្រើសជាតិកម្ពុជារូបនេះថា រូបគេត្រូវការពេលសម្របខ្លួន ចំណែកកីឡាករដែលធ្លាប់លេងក្រៅប្រព័ន្ធ ពួកគេមិនមានអ្វីជាបញ្ហាច្រើន​ទេ។

ស្មាត់ដែល​គេច្រើនស្គាល់ថាស្នាលេខ២០ បានបញ្ជាក់បែបនេះ ៖«សម្រាប់ពួកគាត់នៅខាងក្រៅ ពួកគាត់គឺមិនមានជាបញ្ហាអីធំដុំទេ ព្រោះជាជំនាញរបស់​ពួកគាត់ស្រាប់ ប៉ុន្តែបើសិនជាខ្ញុំអាចនឹងត្រូវការរយៈពេលសម្របខ្លួននៅក្នុងការលេង៤ស្មើនេះ»។

ព្រឹត្តិការណ៍ប្រកួត​បាល់ទះ Special Volleyball Challenge 2021 ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ២៤ ខែ កញ្ញា ដល់ ថ្ងៃ​ទី ១៧ ខែ​តុលា គឺជាការប្រកួត៤ស្មើលក្ខណៈស្តង់ដារ ត្រូវបាន​បង្កើតឡើងជាលើកទីមួយនៅកម្ពុជា ហើយការប្រកួតនេះ វាសនា ជឿជាក់​ថានឹងជួយឱ្យ​កីឡាករលេងក្រៅប្រព័ន្ធស្វែងយល់ និងងាកមកលេង​លក្ខណៈស្តង់ដារដូចកីឡាករអាជីពដែរ។

គួរ​បញ្ជាក់​ថា ​ក្រុម​របស់​វិសាខាក៏បាន​ចុះឈ្មោះ​ចូល​រួម​ប្រកួតព្រឹត្តិការណ៍ Special Volleyball Challenge ដែរ។ ក្រុម​របស់​គេ​មាន​សមាជិក​៦​នាក់​គឺ គួន ម៉ុម, វឿន វាសនា, ផុល រតនៈ​, សួន ចាន់ណារ៉ូ, សឿន ហេង និងឈឹម ឈាងនី៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់