• 2021-09-15 06:39:03
  • បាល់ទះ

ចិត្តបុណ្យណាស់! លោកគ្រូ ធី សុធា បង្ហាត់បាល់ទះក្មេងៗមិនយកប្រាក់ និងផលិតបានកីឡាករល្អៗច្រើន

  • 2021-09-15 06:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុតែស្រលាញ់កីឡាបាល់ទះ លោក ធី សុធា បាន​ចាប់ផ្ដើមបង្កើតតារាងដីវាលស្រែប្រក់មេឃមួយ​នៅឆ្នាំ២០១៧។ កាលនោះលោកជ្រើសបាន​កីឡាករកម្ពស់ខ្ពស់៦នាក់រួមមាន រិទ្ធ ពិសី (ហៅសី) អ៊ឹម ណារិទ្ធ (ហៅតាក់អន្លង់វែង) វណ្ណ គីលី (ហៅ Belly) ស៊ឹម ដែន (ហៅដែន) ម៉េង ស៊ីម៉ាក់ និង ព្រឿង ម៉េងអ៊ី។

លោក សុធី បានបង្ហាត់បង្រៀនពួកគេដោយមិនយក​ប្រាក់ ហ្វឹកហាត់ និងរស់នៅជាមួួយ​គ្នាបែបលក្ខណៈស្រុកស្រែ មានហូបគិតតាមមាន​ហូប អត់ហូប​គិតតាមអត់ហូប​ ប្រៀបបី​ដូចជា​គ្រួសារតែមួយអ៊ីចឹង​។

បច្ចុប្បន្នសិស្សរបស់លោកគឺ អ៊ឹម ណារិទ្ធ ហៅ​តាក់អន្លង់វែង ជាកីឡាករកំពុងហាត់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ និងជាកីឡាកររបស់ក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែក ស៊ឹម ដែន ធ្លាប់ទៅចូលរួមជាមួយក្រុម 911 នៃក្លឹបបញ្ជាការដ្ឋានអង្គរក្ស។ ដោយឡែកបួននាក់ទៀត មានឈ្មោះក្របខ័ណ្ឌនៅអង្គភាពកងពលលេខ៩ក្នុងខេត្តបាត់ដំបង។

គ្រូបាល់ទះវ័យ៣៩ឆ្នាំដដែល បានបង្ហាញការរំភើបរីករាយពេលឃើញសិស្សរបស់ខ្លួនមានសមត្ថភាពល្អ និង​​លេង​នៅ​ក្លឹបល្អៗ​ ខណៈ​លោកមិនចង់បានអ្វីក្រៅពីចង់​ឃើញភាពរីកចម្រើនរបស់ពួកគេឡើយ​។

លោកគ្រូ ធី សុធា

លោកបញ្ជាក់ថា ៖«មានអារម្មណ៍ថាសប្បាយចិត្ត ហើយនិងមានចិត្តមួយដែលរំភើបក្នុងការងារដែលយើងប្រឹងប្រែងមក វាបានលទ្ធផលល្អខ្លះៗដែរ ហើយក៏ទឹកចិត្តហ្នឹងគឺមិនបញ្ហាអីទេជាមួយក្មេង ឱ្យ​តែគាត់មានអនាគត គាត់សម្រេចចិត្តដើរផ្លូវមួយណា សម្រេចចិត្តទៅរស់នៅកន្លែងណាក៏ខ្ញុំសប្បាយចិត្ត ជូនពរគាត់ ដើម្បីឱ្យ​គាត់មានមុខមាត់មានកិត្តិយសបន្តក្នុងវិស័យបាល់ទះយើង»។

ក្រៅ​ពី​អ្នកទាំង​៦​នាក់​ខាង​លើ លោកគ្រូ​សុធាក៏ផលិតបានកីឡាករល្អៗមួយចំនួនទៀតដែរ បើទោះសមត្ថភាព​មិនល្អខ្លាំង ប៉ុន្តែ​អាចលេងលំដាប់​ថ្នាក់​ស្រុក​ឬ​ខេត្តដែរ។

ចិត្តស្រលាញ់កាន់តែធំ បុរសមានដើមកំណើតនៅខេត្តបាត់ដំបង ក៏បានផ្លាស់មកតារាងជួលដំបូលថ្មី ចម្ងាយពីតារាងចាស់ប្រមាណ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិឃុំជ្រៃ ឃុំជ្រៃ ឃុំថ្មគោល ខេត្តបាត់​ដំបង​។ លោកបង្ហើបថា​សព្វថ្ងៃលោកមានកូនសិស្សមួយចំនួនដែរ ប៉ុន្តែ​ដោយសារ​ប្រទេសកំពុងជួបវិបត្តិជំរាតត្បាត​កាច​សាហាវ​ងឺកូវីដ-១៩ ក្រុម​បាល់ទះឃុំជ្រៃរបស់លោក​មិនបានប្រមូលផ្ដុំកីឡាករ​ហ្វឹកហាត់ឡើយ។

បើតាមការឱ្យ​ដឹងពីគ្រូបាល់ទះប្រចាំ​អង្គភាពកងពលលេខ៩ខេត្តបាត់ដំបងរូបនេះ គឺលោករីករាយក្នុងការទទួលក្មេងៗកំព្រាដែល​គ្មានផ្ទះសំម្បែង ដែលចង់ហាត់បាល់ឱ្យ​ស្នាក់នៅជាមួយបានម្នាក់ទៅពីរនាក់តាមលទ្ធភាពលោកមាន។ តែយ៉ាងណាពេលនេះលោកបង្ហើប​ថា​ ក្រុម​កំពុងខ្វះខាត ហើយក៏មិនដឹងថាអាចដំណើរការការបង្ហាត់បណ្ដុះបណ្ដាលសិស្សបាន​ដល់​ពេលណាទៀតដែរ ខណៈកន្លងមកលោកពឹងផ្អែក​លើជំនួយពីសប្បុរសជន អង្គភាពកង​ពល​លេខ៩ និងថវិកាដ៏​ស្ដួច​ស្ដើង​ផ្ទាល់ខ្លួន​របស់លោក។ ចំណែកតារាងថ្មីរបស់លោក មាន​គម្លាត​ឆ្ងាយពីភូមិផ្សេង ជា​ហេតុ​មិនសូវមានអ្នកទៅលេង ខណៈតម្លៃជួល ២០០ដុល្លារក្នុងមួយខែ។

លោកគ្រូ ធី សុធា បានសង្កត់ធ្ងន់ថា ៖«ទី១ ភាគច្រើនពីសប្បុរសជន ទី២ មានការឧបត្ថម្ភពីអង្គភាពកងពលលេខ៩មកខ្លះ យើងជួយរួមចំណែកគ្នាខ្លះៗដែរ ហើយទី៣ ខ្ញុំអ្នកក្រោយគេគឺថាខាងបាល់ខាងវីឡេ ព្រោះសមត្ថភាពខ្ញុំមិនមានមិនអីទេ ចឹងខ្ញុំអាចនៅក្រោយគេ សមត្ថភាពខ្ញុំវាខ្សត់ខ្សោយ គ្រាន់និយាយថាទី១សំខាន់ខាងសប្បុរសជនយើងខាងខេត្តបាត់ដំបងគាត់ជួយច្រើន គាត់ជួយជាវីឡេ ជួយជាបាល់ និងថវិកាអីជាដើម ហើយអង្គភាពរបស់ខ្ញុំខាងកងពលលេខ៩ គាត់មានជា១ឆ្នាំម្ដង គាត់មិនអាចមានលទ្ធភាពគ្រប់គ្រាន់ទេ គ្រាន់ថាគាត់បានជំនួយមកយើងខ្លះៗដែរដូចជាអង្ករ ប្រាក់បាយទឹក វីឡេ បាល់អីចឹងទៅ»។

សប្បុរសជនឧបត្ថម្ភទឹកសុទ្ធ និងអង្ករ

ឆ្លៀត​ក្នុង​ឱកាស​នេះលោកគ្រូ​សុធា សូម​ថ្លែ​ងអំណអរគុណ​ដល់​លោកគ្រូ​ៗ​ និង​រៀម​ច្បង​ រួម​ទាំង​សប្បុរសជនទាំងអស់ ដែល​បាន​ជួយ​ជ្រោមជ្រែង​បណ្ដុះ​បណ្ដាល និង​ផ្ដល់​ជា​ជំនួយ​ខ្លះៗ​ដល់​រក្រុម​បាល់ទះ​របស់​លោក។ លោក​បាន​ប្ដេជ្ញា​ខំប្រឹង​ប្រែង បណ្ដុះ​បណ្ដាល​ក្មេងៗ ដើម្បី​ឱ្យ​ពួកគេ​មាន​ជំនាញ សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន។

គួរ​បញ្ជាក់​ថាសព្វថ្ងៃ​លោក ធី សុធា ជាគ្រូបាល់ទះមួយរូបនៅក្នុងអង្គភាពកងពលលេខ៩ខេត្តបាត់ដំបង ហើយលោកបានជួលតារាងបាល់ទះដំបូលមួយ​នៅ​ក្នុង​ភូមិជ្រៃ ឃុំជ្រៃ ឃុំ​ថ្មគោល ខេត្ត​បាត់​ដំបង ដើម្បី​បង្ហាត់​បង្រៀន​ក្មេងៗ​ដែល​ស្រលាញ់​វិស័យ​មួយ​នេះ។

សម្រាប់​ប្រិយមិត្ត​ដែល​ស្រលាញ់វិស័យ​បាល់ទះ និង​ចង់​ជួយ​ជា​បាល់​វីឡេ និង​ថវិកា​តិច​ច្រើន​ក្ដី​អាច​ទាក់ទង​ទៅ​លេខ​​​លោកគ្រូ​ផ្ទាល់​ ០៩៥ ៩៣៩ ១៩៣ - ០៨១ ៤៣៤ ៤៨៤ - ០៨៨ ៣៧៣ ៣១៨៦៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់