• 2021-08-27 08:41:34
  • បាល់ទាត់

Rooney ​​មិន​ជឿ​ថា​ Ronaldo ចោលកេរ្តិ៍ឈ្មោះ​នៅ Man Utd ដើម្បី​លេង​ឱ្យ​ Man City ​ទេ

  • 2021-08-27 08:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Wayne Rooney ​នៅ​តែ​មិន​ជឿ​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​សុខ​ចិត្ត​ចោល​អ្វី​ដែល​ខ្លួន​ធ្លាប់​បាន​សាង​នៅ Manchester United ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​គូ​ប្រជែង​ទីក្រុង Manchester City ​ឡើយ។

​វា​ពិត​ជា​បង្ក​ភាព​ភ្ញាក់ផ្អើល​មែន​នៅ​ពេល​ដែល​គ្រប់​គ្នា​បាន​ដំណឹង​ថា Ronaldo ​នឹង​ចូល​រួម​ជាមួយ​ក្រុម Manchester City ​នោះ។ ខណៈ​ដែល​រូបគេ​ធ្លាប់​និយាយ​ថា​ហើយ​ខ្លួន​នឹង​មិន​ទៅ​លេង​នៅ​ក្រុម​មេឃ​ខៀវ​ឡើយ ព្រោះ​រូបគេ​ធ្លាប់​លេង​ឱ្យ​ក្រុម Manchester United ​និង​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ក្នុង​ក្លឹប​នេះ។ តែ​យ៉ាងណា​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​ប្រភព​ជា​ច្រើន​សុទ្ធ​តែ​អះអាង​ដូច​គ្នា​ថា​អតីត​កីឡាករ Real Madrid ​រូប​នេះ​នឹង​ចេញ​ពី Juventus ​ហើយ​កំពុង​ចរចា​ជាមួយ Man City ​ទៅ​ហើយ។

​សម្រាប់ Rooney ​វិញ​ដែល​ជា​អ្នក​ធ្លាប់​លេង​ជាមួយ Ronaldo ​នៅ Old Trafford ​តាំង​ពី​ឆ្នាំ​២០០៤​ដល់​២០០៩​នោះ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៏​ថា​៖ “ដោយ​ស្មោះ ​ខ្ញុំ​មិន​ដឹង​ថា​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​វា​កើត​ឡើង​នើ​ទេ។ ប្រសិន​បើ​អ្នក​កំពុង​សួរ​ខ្ញុំ​ថា​​បើ​សិន​អាច​ទៅ​រួច នោះ​ខ្ញុំ​នឹង​មាន​ការ​សង្ស័យ​ច្រើន​ណាស់​ថា​នោះ​វា​នឹង​អាច​ទៅ​រួច​យ៉ាង​មិច។ Cristiano ទទួល​បាន​កេរដំណែល​ដ៏​អស្ចារ្យ​នៅ ​United។ ​ខ្ញុំ​មិន​គិត​ថា​គាត់​ផ្លាស់​ទៅ​កន្លែង​ផ្សេង​ដោយសារ​តែ​ហេតុផល​ហិរញ្ញវត្ថុនោះ​ទេ។ ខ្ញុំ​ដឹង​ថា​គាត់​មោទកភាព​ណាស់​ក្នុង​អាជីព​ជា​កីឡាករ​នៅ​ទី​នេះ ​ខ្ញុំ​មិន​អាច​មើល​ឃើញ​​ថា​គាត់​ទៅ City ​ទេ ប៉ុន្តែ​វា​ជា​បាល់ទាត់ ដូច្នេះ​អ្នក​មិន​ដឹង​មុន​ឡើយ”។

​វីរបុរស​បិសាច​ក្រហម​ខាង​លើ​ក៏​បញ្ជាក់​ថា​សម្រាប់​ខ្លួន​គេ​វិញ ​ច្បាស់​ណាស់​គឺ​មិន​អាច​ទៅ​លេង​ឱ្យ​ក្រុម Liverpool ​ឬ Man City ​បាន​ឡើយ តែ​កីឡាករ​ដទៃ​មាន​ការ​យល់​ឃើញ​ខុស​គ្នា ​មិន​អាច​ដូច​គ្នា​ឡើយ៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់