• 2021-07-21 07:55:20
  • ប្រដាល់

សាមអេ ឡើង​ការពារ​ខ្សែ​ក្រវាត់​​ជាមួយ ប្រាចាន់ឆាយ​មក​ពី​ក្លឹប​របស់​សែនឆ័យ

  • 2021-07-21 07:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន​លំដាប់​ពិភព​លោក​ ONE Championship បាន​វិល​​ត្រឡប់​​មក​វិញ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ឆមាស​ទី​២​នៃ​ឆ្នាំ​២០២១​ហើយ។  ​​ព្រឹត្តិការណ៍​​ដែល​រៀប​ចំ​​នៅ​​​កីឡដ្ឋាន​ Singapore Indoor Stadium ​មាន​ឈ្មោះ​ថា ONE: BATTLEGROUND នា​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា ចុង​ខែ​នេះ​​ដែល​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​​លំដាប់​ពិភព​លោក។

គូឯក​ប្រចាំ​កម្មវិធី​តម្រូវ​លើ​ ​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Strawweight ពីរ​ប្រភេទ​​កីឡា​​ពោល ​ខ្លា​​ចាស់​​កំពូល​ល្បិច​​ Sam-A Gaiyanghadao ត្រូវ​​ឡើ​ង​ការពារ​ខ្សែ​ក្រវាត់​មួយ​ថៃ​របស់​ខ្លួន​ទល់​នឹង​​​ជើង​ខ្លាំង​ ទើប​​ចុះ​កុងត្រា​ថ្មី និង​ជា​មិត្ត​រួម​ជាតិ​ថៃ​ដូច​គ្នា​ Prajanchai PK.Saenchai Muaythaigym។ Sam-A មាន​កំណត់​ត្រា​ប្រកួត​ឈ្នះ ៣៧០​ដង ចាញ់​៤៧​ដង និង​ស្មើ​៩​ដង​ដែល​​ជា​ខ្លា​ចាស់ និង​វីរុស​បុរស​ មួយ​ថៃម្នាក់​។

បន្ទាប់​ពី​​ធ្លាប់​​គ្រង​ជើង​ឯក​មួយ​ថៃ​ពិភព​លោក ONE Flyweight ​កីឡាករ​ខ្មែរ​សុរិន្ទ​រូប​នេះ​​បាន​ទម្លាក់​ទម្ងន់​​របស់​ខ្លួន​មក​ប្រកួត​​ទម្ងន់ Strawweight។ ​បន្ទាប់​មក​គេ​​ឈ្នះ​ជើង​ឯក​​ខ្សែ​ក្រវាត់​ឃីក​បុកសីង​ពិភព​លោក ONE Strawweight ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ហើយ​ពីរ​ខែ​ក្រោយ​មក​បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃពិភព​លោក ONE Strawweight។ 

កីឡាករ​មក​ពី​ក្លិប Evolve រូប​​នេះ​ឡើ​​​ការពារ​ខ្សែក្រវាត់​ពិភព​លោកបាន​ជោគជ័យ​ដោយ​បាន​ផ្តួល​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​តារាង​ចំណាត់​ថ្នាក់ Josh “Timebomb” Tonna កាល​ពី​ខែ​តុលា។

ពេល​នេះ អ្នក​លេច​មុខ​ថ្មី​មក​ពី​​ក្លិប​ PK.Saenchai Muaythaigym ត្រូវ​បាន​គេ​ចាត់​ទុក​ជាតារា​ប្រដាល់​មួយ​ថៃ​ដ៏​ឆ្នើម​ម្នាក់ ដូច្នេះ​ហើយ​ទើប​​រូប​គេ​​មាន​​​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ បន្ទាប់​ពី​ចុះ​កុងត្រា​នៅ​សង្វៀន​​លំដាប់​ពិភព​លោក​មួយ​។ ជា​មួយ​​នឹង​​បទ​ពិសោធន៍​​ឈ្នះ ៣៣៧​ដង ចាញ់​៥១​ដង និង​ស្មើ​៣​ដង Prajanchai ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​​នៅ​សង្វៀន Lumpinee និង​ Rajadamnern ជា​ច្រើន​មក​ហើយ មុន​ពេល​បោះ​ជំហាន​ចូល​សង្វៀន ONE។

កីឡាករ​អាយុ​២៦​ឆ្នាំ​ត្រូវ​ពាក់​ស្រោម​ដៃ​គុន​ចម្រុះ​ទម្ងន់​​៤​អោន​ដើម្បី​ស្វែង​រក​ខ្សែ​ក្រវាត់​ពិភព​លោក​បន្ថែម​ទៀត ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ផ្កាយ​គ្រោះ​ម្នាក់​ដល់​អធិរាជ​សង្វៀន​​​រៀម​ច្បង​នៅ​​ចុង​ខែ​នេះ។

ព្រឹត្តិការណ៍ ONE: BATTLEGROUND ​​ក៏​មាន​វត្តមាន​ការ​វិល​ត្រឡប់​មក​វិញ​​​របស់​វីរបុរស​មីយ៉ាន់ម៉ា Aung La “The Burmese Python” N Sang និង Leandro “Wolf” Ataides ដែល​អ្នក​ទាំង​ពីរសុទ្ធ​តែ​បរាជ័យ​​ដោយ​សារ​​ជើង​ខ្លាំង និង​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី​ពីរ​គ្រឿង Reinier “The Dutch Knight” de Ridder។

ពស់​ថ្លាន់​ភូមា Aung La N Sang ជា​ជើង​ឯក​ពិភព​លោក​ទី​១​របស់​មីយ៉ាន់ម៉ា ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ខ្សែ​ក្រវាត់​ពិភព​លោក​២​គ្រឿង​របស់​គេ​ធ្លាក់​ទៅ​លើ​ជើង​ខ្លាំង​តែ​ម្នាក់។ ដូច្នេះ​ការ​វិល​ត្រឡប់​មក​វិញ​នេះ​គឺ​ដើម្បី​បើក​ផ្លូវឆ្ពោះ​ទៅ​រកខ្សែ​ក្រវាត់​របស់​ខ្លួន​មក​វិញ។

ចំណែក Ataides ជា​ជើង​ឯក​ជឺជីតស៊ូ​ពិភព​លោក​៥​សម័យ​កាល​មុន​ពេល​បោះ​ជំហាន​ចូល​គុន​ចម្រុះ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​១១​លើក ការ​ប្រកួត​ចុង​ក្រោយ​រូប​គេ​ចាញ់ De Ridder កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ ដូច្នេះ​ច្បាស់​ណាស់​រូប​គេ​ក៏​រក​ផ្លូវ​ទៅ​​ដណ្ដើម​​​ខ្សែ​ក្រវាត់​​ផង​ដែរ។

វត្តមាន​តារា​ឆ្នើម​ៗ​ជា​ច្រើន​នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND ​រួម​មាន​កីឡាការិនី​វ័យ​ក្មេង​ទើប​អាយុ​១៧​ឆ្នាំ Victoria “The Prodigy” Lee ក៏ត្រូវ​ឡើង​សង្វៀន​ជាលើក​ទី​២ ហើយ​​ខ្លាញី​ឥណ្ឌា Ritu “The Indian Tigress” Phogat ក៏​វិល​មក​វិញ​ដែរ។ កីឡាករ​ថៃ​ជំនាញ​ឃីក​បុក​សីង Sitthichai “Killer Kid” Sitsongpeenong ត្រូវ​ជួប Tayfun “Turbine” Ozcan។

សមាសភាព​គូ​ប្រកួត​ទាំង​អស់​នៅ​ ONE: BATTLEGROUND ៖

  • ជើង​ឯក Sam-A ប៉ះ Prajanchai (ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ ONE Strawweight)
  • ពស់​ថ្លាន​មីយ៉ាន់ម៉ា Aung La N Sang ប៉ះ Leandro Ataides (ប្រកួត​គុន​ចម្រុះ)
  • អ្នក​លេង​ឃីកបុកសីង​ថៃ Sitthichai  ប៉ះ Tayfun Ozcan (ប្រកួត​ឃីក​បុក​សីង)
  • ខ្លាញីឥណ្ឌា Ritu Phogat ប៉ះ​ Lin Heqin (ប្រកួត​គុន​ចម្រុះ)
  • អ្នក​លេង​គុន​ចម្រុះ​ចិន Chen Rui ប៉ះ  Jeremy Pacatiw (ប្រកួត​គុន​ចម្រុះ)
  • យុវតី Victoria Lee ប៉ះ Wang Luping (ប្រកួត​គុន​ចម្រុះ)

ដោយ៖ ស៊ីធី

មតិយោបល់