• 2021-07-02 08:36:24
  • កីឡា​ផ្សេង​ៗ

ប៉ែន​ សុគង់៖​ ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ឲ្យ​សម​ចំពោះ​ការ​ជួយ​គ្រប់​ផ្នែក​របស់​កម្ពុជា​

  • 2021-07-02 08:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​អត្តពលកម្ម​ ប៉ែន​ សុគង់​ ថា​ខ្លួន​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​កម្រិត​ពិភពលោក​នៅ​អូឡាំពិក​ហ្គេម​ ២០២០​ ឯ​ប្រទេស​ជប៉ុន​ ខាង​មុខ​នេះ។​

ប៉ែន សុគង់ (រូបភាព CAMSOC)

ប៉ែន​ សុគង់​ បាន​ឲ្យ​ដឹង​ថា​ ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ហ្គេម​ ២០២០​ នេះ​ជា​លើក​ទី១​ សម្រាប់​ខ្លួន​ផង​ដែរ។​ ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​នេះ​គឺ​មាន​ការ​ជួយ​ជ្រោមជ្រែង​ច្រើន​ពី​សំណាក់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ជា​ដើម។​

កីឡាករ​វ័យ​ ២៨​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ រូប​គេ​បច្ចុប្បន្ន​នេះ​កំពុង​ធ្វើ​ការ​ហ្វឹកហាត់​ខ្លាំង​ ពោល​ក្នុង​១ថ្ងៃ​ហាត់​ ៤-៥​ម៉ោង​ និង​៥ថ្ងៃ​កន្លះ​ក្នុង​១សប្ដាហ៍​ផង​ដែរ។​ ការ​ហ្វឹកហាត់​ទាំង​នោះ​ផ្ដោត​លើ​ហាត់​យក​ល្បឿន​ និង​កម្លាំង​កាយ​ជា​ដើម។​ បើ​ទោះ​ជា​ការ​ប្រកួត​មួយ​នេះ​ស្ថិត​ក្នុង​កម្រិត​ពិភពលោក​យ៉ាង​ណា​ក្ដី​ សុគង់​ ប្ដេជ្ញា​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ និង​ឲ្យ​វា​សាក​សម​ទៅ​និង​ការ​ជ្រោមជ្រែង​ពី​ថ្នាក់​ដឹកនាំ​ផ្សេងៗ។​

ប៉ែន សុគង់ (រូបភាព CAMSOC)

បញ្ជាក់​ដែរ​ថា​ កម្ពុជា​បាន​សិទ្ធ​អនុគ្រោះ​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ តូក្យូ​ ២០២០​ នេះ​មាន​២ប្រភេទ​កីឡា​គឺ​ ហែលទឹក​ និង​អត្តពលកម្ម។​ កីឡាករ​ ប៉ែន​ សុគង់​ នឹង​ត្រូវ​ចូលរួម​រត់​ប្រណាំង​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ។​ ព្រឹត្តិការណ៍​អូឡាំពិក​ តូក្យូ​ ២០២០​ នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៥​ ខែ​កក្កដា​ ដល់​ ទី១​ ខែ​សីហា៕​ អត្ថបទ​កែសម្រួល​ពី​ Cambodia SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់