• 2021-05-19 07:15:31
  • ប្រដាល់

ឡើងការពារ​ខ្សែ​ក្រវាត់​ចុង​ខែ​នេះ Xiong អះ​អាង​​ថា ជួប​ដៃ​គូ​ខ្លាំង​រឹតតែមានកម្លាំងចិត្ត​

  • 2021-05-19 07:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី​ជើង​ឯក​ពិភព​លោក​របស់ចិន Xiong Jing Nan បាន​ចាត់​ទុក​ដៃ​គូ​ដែល​មាន​សមត្ថភាពខ្ពស់​ជាង​​គឺ​ជា​ឱកាស​ល្អ​ដែល​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឲ្យ​ប្រឹង​ប្រែង​​ទ្វេ​ឡើង។

ការ​និយាយ​បែប​នេះ​មុន​ពេល​នាង​ត្រូវ​ឡើង​​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Women’s Strawweight របស់​នាង​​ទល់​នឹង​កំពូល​អ្នក​ជំនាញ​ជឺជីតស៊ូ​ប្រេស៊ីល Michelle Nicolini នៅ​ព្រឹត្តិការណ៍​ ONE: EMPOWER ថ្ងៃសុក្រ ទី​២៨ ខែ​ឧសភា​នេះ។

កីឡាការិនីប្រេស៊ីល Nicolini ជា​អ្នក​ដែល​មាន​ជំនាញ​​ជឺជីតស៊ូ​​​​ល្អ​​ឥត​ខ្ចោះ​​​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក ក្នុង​នោះ​​ធ្លាប់​​ឈ្នះ​ជើង​ឯក​ជឺជីតស៊ូ​ពិភព​លោក (IBJJF) ​៨​ដង ឈ្នះ​ជើងឯក​ជឺជីតស៊ូ​ពិភព​លោក (IBJJF World Nogi)​៤​ដង និង​មេដាយ​មាស ADCC ម្តង ប៉ុន្តែ​ទើប​ប្រកួត​គុន​ចម្រុះ​​៨​ដង​ប៉ុណ្ណោះ​គឺ​ឈ្នះ​៦ និង​ចាញ់​២។

ក្នុង​ចំណោម​​ជ័យជម្នះ​៦​លើក​នោះ គឺ​​ធ្វើ​បាន​សម្រេច​ដោយ​​​ក្បាច់​ឃ្លេ​ឲ្យ​ដៃ​គូ​​ចុះ​ចាញ់​បាន​​៥ដង និង​​​ឈ្នះ​ដោយ​ពិន្ទុ​តែ​ម្តង​ប៉ុណ្ណោះ​ទៅ​លើ​រាជ​នី​សង្វៀន Angela Lee សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន ONE។

សម្រាប់​ជំនាញ​ក្រោម​នេះ កីឡាការិនី​ចិន​ទី​១​ដែល​ជា​ជើង​ឯក​ពិភព​លោក​បាន​ទទួល​ស្គាល់​ថា ដៃ​គូ​ប្រេស៊ីល​ម្នាក់​នេះ​ពិត​ជា​ល្អ​ជាង​នាង​មែន ប៉ុន្តែ​​ក៏​ល្អ​ម្យ៉ាង​ដែរ​ដែល​មាន​ឱកាស​ប្រកួត​ជា​មួយ​ដៃ​គូ​ខ្លាំង​ជាង​ខ្លួន។

Xiong Jing ទទួល​ស្គាល់​ថា ៖«ពិត​ណាស់ ជំនាញ​ក្រោម​របស់​គាត់​គឺ​​មាន​​ប្រៀប​លើ​ខ្ញុំ ពី​ព្រោះ​បើ​និយាយ​តាម​បច្ចេកទេស គឺ​​​ចំណុច​ខ្សោយ​របស់​ខ្ញុំ​កន្លែង​ហ្នឹង»។

ទោះ​ជា​យ៉ាង​ណា Xiong គិត​ថា អ្នក​ផ្សេង​ពេល​ជួប​ដៃ​គូ​ខ្លាំង រឿង​ទី​១​ដែល​គិត​គឺ​ភ័យ​ខ្លាច តែ​សម្រាប់​នាង​បាន​យក​ការ​ភ័យ​ខ្លាច​ធ្វើ​ជា​កម្លាំង​ប្រឹង​ប្រែង​ទៅ​វិញ។

«នៅ​ពេល​ខ្ញុំ​ទទួល​បាន​ដំណឹង​ថា Michelle និង​ខ្ញុំ​ត្រូវ​ប្រកួត ខ្ញុំ​បាន​គិត​ថា វា​ជាឱកាស​ល្អ​បន្ថែម​ទៀត​សម្រាប់​ខ្ញុំ​អភិវឌ្ឍ​ខ្លួន។ ខ្ញុំ​ចូល​ចិត្ត​ប្រកួត​ជា​មួយ​ដៃ​គូ​ដែល​ខ្លាំង​ៗ​ជាង​ខ្ញុំ ដូច្នេះ​យើង​នឹង​ឃើញ​អ្វី​ជា​ចំណុច​ខ្លាំង និង​អ្វី​ជា​ចំណុច​ខ្សោយ​របស់​ខ្លួន​ឯង»។

Xiong បាន​និយាយ​ថា ៖« Michelle Nicolini និយាយ​ថា ​ក្បាច់​ក្រោម​របស់​គាត់​គឺ​ល្អ​ជាង​ខ្ញុំ​១០​ដង ហើយ​ខ្ញុំ​គ្មាន​ឱកាស​ឈ្នះ​ទេ បើ​វ៉ៃ​ក្បាច់​ក្រោម តែ​​ការ​ឆ្លើយ​តប​​​របស់​ខ្ញុំ​​គឺ​​​បង្ហាញ​ញញឹម»។

«ស្នាម​ញញឹម​បង្ហាញ​ថា ខ្ញុំ​ដឹង​ខ្លួន​ឯង​ជា​នរណា ហើយ​ខ្ញុំ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។ ខ្ញុំចង់​ចង​ចាំ​ពី​អ្វី​ដែល​គាត់​បាន​និយាយ​នៅ​ពេល​នេះ​ហើយ​បន្ទាប់​មក​​ប្រើ​ជំនាញ​លើ​សង្វៀន​ជា​ការ​ឆ្លើយ​តបទៅ​គាត់​ថា អ្វី​ដែលគាត់​បាន​និយាយ​គឺ​ខុស​ហើយ​»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ Xiong Jing Nan មិន​ហ៊ាន​ព្យាករ​លទ្ធផល​យ៉ាង​ណា​ទេ ប៉ុន្តែ​គោល​ដៅ​របស់​នាង​គឺ​ផ្តួល​ឲ្យ​សន្លប់​បាន​លឿន​គឺ​កាន់​តែ​ល្អ។ «គ្មាន​នរណា​ម្នាក់​ដឹង​លទ្ធផល​យ៉ាង​ណា​ទេ តែ​ខ្ញុំ​នឹង​ប្រឹង​អស់​ពី​លទ្ធភាព ហើយ​​គោល​ដៅ​របស់​ខ្ញុំ​​គឺ​ផ្តួល​​គាត់ឲ្យ​សន្លប់​ឲ្យ​បាន​លឿន​តាម​ដែល​ធ្វើ​ទៅ​បាន​»៕

ដោយ៖ ស៊ីធី

មតិយោបល់