- 2021-05-13 02:30:03
- ព័ត៌មាន
មកដឹងទីតាំង៥ធំៗ កម្ពុជា គ្រោងយកធ្វើកន្លែងប្រកួតស៊ីហ្គេមឆ្នាំ២០២៣
- 2021-05-13 02:30:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងទីតាំង៥ធំៗ កម្ពុជា គ្រោងយកធ្វើកន្លែងប្រកួតស៊ីហ្គេមឆ្នាំ២០២៣
ចន្លោះមិនឃើញ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រកាសសម្រេចយកទីតាំង៥ធំៗ រៀបចំធ្វើកន្លែងប្រកួតស៊ីហ្គេមឆ្នាំ២០២៣ មានដូចជារាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងខេត្តកំពត។
បើតាមការឱ្យដឹងពីអគ្គលេខាធិការរូបនេះ ការកំណត់ទីលានប្រកួតត្រូវបានសហព័ន្ធកីឡាជាតិភាគច្រើនបានឯកភាព និងយល់ស្របទៅនឹងការរៀបចំទីលានប្រកួតរបស់គណៈកម្មការទីលាននៃ CAMSOC លើកលែងតែខេត្តកំពត ដែលគ្រោងរៀបចំការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ ត្រូវបានសហព័ន្ធស្នើសុំឲ្យគណៈកម្មការជំនាញចុះពិនិត្យទីតាំងថ្មី នៅជាយក្រុងភ្នំពេញ។
ខេត្តសៀមរាប ត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួតប្រណាំងកង់
តព្រះសីហនុ រៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង
ខេត្តកែប ត្រូវប្រកួតទ្រីយ៉ាងត្លុង រីឯខេត្តកំពត គឺត្រៀមការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ (មិនទាន់សម្រេចទេ)។
ចំណែកប្រភេទកីឡាភាគច្រើន ត្រូវប្រកួតនៅរាជធានីភ្នំពេញ ជាពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា នេះគ្រាន់តែជាកិច្ចប្រជុំគណៈអចិន្រ្ដៃយ៍ CAMSOC ដើម្បីរៀបចំបញ្ជូន និងស្នើសុំសេចក្ដីសម្រេចលើទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ពោលគឺមិនទាន់សម្រេចត្រឹមកិច្ចប្រជុំនេះឡើយ ហើយក្រោយធ្វើការកំណត់ទីលានប្រកួតកីឡាទូករួច គណៈអចិន្រ្ដៃយ៍នឹងធ្វើរបាយការណ៍ជូនសម្ដេចពិជ័យសេនាតែម្ដង។ ចំពោះពិធីបើក-បិទ ដែលត្រូវធ្វើកម្មវិធីគម្រោងលម្អិតពីដើម រហូតដល់ចប់ នឹងត្រូវពិភាក្សាគ្នានាពេលក្រោយទៀត ។
ការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈអចិន្ត្រយ៍ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រយ៍ គណៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះគឺផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន២គឺ ទី១-ការកំណត់ទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡា៤០ប្រភេទត្រូវកំណត់ទីតាំង និង ទី២-ពិភាក្សាពីកម្មវិធីលម្អិត សម្រាប់ពិធីបើក-បិទស៊ីហ្គេមឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕