• 2021-05-04 03:02:45
  • បាល់ទាត់

ក្រោយ​ប្រពន្ធ​ស្លាប់​ ឪពុក​ ឈិន​ជិន ​​សុខ​ចិត្ត​នៅម្នាក់​ឯង​ ឲ្យ​កូន​​បន្ត​ក្ដី​ស្រមៃ​អាជីព​បាល់ទាត់នៅ​ឆ្ងាយ

  • 2021-05-04 03:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ៊ន ណារិទ្ធ​ ឪពុក​របស់​យុវជន​លេចធ្លោ​​ គីរីវង់​សុខ​សែន​ជ័យ ហ៊ត ឈិន​​ជិន សុខ​ចិត្ត​រស់​នៅ​ស្រុក​កំណើត​តែ​ម្នាក់​ឯង​​ខេត្ត​​ប៉ៃលិន ដោយ​ជំរុញ​​ឲ្យ​កូន​ប្រុស​បន្ត​​អាជីព​បាល់ទាត់ ​បើ​ទោះ​​ប្រពន្ធ​​ស្លាប់​ចោល​កាល​ពី​ចុង​ឆ្នាំ​២០២០ ថ្មី​ៗ​នេះ។

ហ៊ត ឈិន​ជិន លេខ៨ រូប​ថត​ផ្ដល់ឲ្យ​

​​​​​យុវជន​វ័យ​១៩​ ឈាន​ចូល​២០ ​ឆ្នាំ​ ​ឈិន​ជិន បាន​រៀបរាប់​ថា ក្រោយ​ពេល​ម្ដាយ​ស្លាប់​គេ​ចង់​​បោះបង់​អាជីព​បាល់ទាត់​ចោល​​ទៅ​ហើយ ដោយ​គិត​ថា​​ នឹង​ទៅ​រស់នៅ​ជុំ​គ្នា​ពីរ​នាក់​លោក​ប៉ា​របស់គេ​នៅ​ស្រុក​កំណើត​​ខេត្ត​ប៉ៃលិន។ ប៉ុន្តែ​លោក​ប៉ា​របស់​គេ​បាន​ជំរុញ​ទឹក​ចិត្តកូន​​ប្រុស​ដោយ​ សុខ​ចិត្ត​រស់​នៅ​ម្នាក់​ឯង​ មិន​ឲ្យ​កូន​ប្រុស​បោះបង់​អាជីព​បាល់ទាត់​ចោល​ឡើយ​ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​​ប្រុស​ប្រឹងប្រែង​ថែម​ទៀង​ផង។

បច្ចុប្បន្ន​លោក​ប៉ា​របស់​គេ​មាន​វ័យ​៥៨​ឆ្នាំ​ហើយ ឈិន​ជិន មានបង​ប្អូន​៤ នាក់​ហើយ​គេ​ជា​កូន​ពៅ​។ ចំណែក​បងបង​របស់​គេ​​សុទ្ធតែ​​ជាប់​បំពេញ​ការងារ​រៀងៗ​ខ្លួន​អស់​ហើយ​។ ឪពុក​របស់​គេ​បាន​និយាយ​មក​កាន់​គេ​ថា «យើង​ដើរ​ដល់​ចំណុច​នេះ​ហើយ​ ត្រូវ​តែ​បន្ត​ដើរ​ឲ្យ​ដល់​គោលដៅ​កូនប្រុស​»។ ក្រោយ​ពេល​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​បែប​នេះ​ ឈិន​ជិន ​ក៏​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​ប៉ា​របស់​គេ។

​​យុវជន​កើត​ថ្ងៃ​ទី​១៥ ខែ​សីហា​ ឆ្នាំ​២០០១ រូប​នេះ​បាន​ចូល​លេង​បាល់ទាត់​ដំបូង​​ជា​មួយ​យុវជន​ក្រោម​អាយុ ១៣ ឆ្នាំ​របស់​ខេត្ត​ប៉ៃលិន ​កាល​ឆ្នាំ​២០១៤ ក្រោយ​មក​ក៏​ទទួល​បាន​ឱកាស​ចូល​ហាត់​បាល់ទាត់​នៅ​បាទី​​នៅ​ឆ្នាំ២០១៦។ ​បន្ទាប់​ពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​​ចំនួន​​២​ឆ្នាំ ​ពោល​គឺ​ចុង​ឆ្នាំ​២០១៨​គេ​ក៏​ត្រូវ​បាន​ក្លឹប​អាជីព​បឹង​កេត​កោះ​​ហៅ​ឲ្យ​ចូល​លេង​នៅ​ឈុត​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​​។ ​បង្ហាញ​ខ្លួន​ជា​មួយ​យុវជន​បឹង​កេត​បាន​តែ​មួយ​ឆ្នាំ​​កូន​ពៅ​ក្នុង​គ្រួសារ​រូប​នេះ​ក៏​បាន​ឡើង​មក​លេង​ឈុត​ធំ​តែ​ម្ដង។ លេង​ឲ្យ​ឈុត​ធំ​បឹង​កេត​ឆ្នាំ​២០២០​មិន​បាន​បង្ហាញ​ខ្លួន​លេង​ក្នុង​លីគ​ទេ ហើយ​រដូវ​កាល​ថ្មី​​២០២១​គេក៏​ផ្លាស់​មក​កាន់​គីរីវង់​សុខ​សែន​ជ័យ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់