• 2021-04-27 08:08:43
  • បាល់ទះ

មកស្គាល់អតីតកីឡាកររហស្សនាម «ឃាតករឈាមត្រជាក់» ដៃគូរបស់ទូចអង្គរក្ស

  • 2021-04-27 08:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេងមិនសូវចេះមាត់ករច្រើន ដែលស្រដៀងនឹងពាក្យចាស់លោកថា មឺសៗឆ្កឹះឆ្នាំងបាយធ្លុះលោក ភី ដារ៉ា ហៅស្មាត់ទួក ត្រូវបាន​អ្នក​តាម​ដាន​បាល់ទះ​ឱ្យ​រហស្សនាមថា «ឃាតករឈាមត្រជាក់»។

អេគីបមិនទាន់ចូលក្លឹបអាជីព

រហស្សនាមនេះលោក ដារ៉ា ទទួលបានតាំងតែពីដើរលេងជាមួយ ឆែលស៊ី តាក់ជើងទា ដាតាកែវ និងហុងសៀមរាប ដោយ​អុកឡុកអស់ហើយនៅប៉ែក ព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានយកឈ្នះស្មាត់ធំៗស្រុកខ្មែរច្រើនគួរសមដែរ។

មិនតែប៉ុណ្ណោះស្មាត់ល្បីតាមស្រុកភូមិ ដារ៉ា តាក់ជើងទា និងឆែលស៊ី ក៏ធ្លាប់​បាន​យកឈ្នះលើ​ម៉ាប់ឆ្វេងបីស្មើនៅប៉ោយប៉ែតដែរ ដែលកាលនោះអេគីបរបស់សឺវីសឥតស្រមោលគឺ​ពេញ​សាច់​ខ្លាំង​មាន​ដូច​ជា​ ម៉ាប់ធំ ថនប៉ះសេ និង​ម៉ាប់​ឆ្វេង​ខ្លួន​ឯង​ផ្ទាល់។

លោក ភី ដារ៉ា ពាក់លេខ​៦

ប្រវត្តិបាល់ទះអាជីព

លោកដារ៉ា ដំបូងឡើយចេះលេងបាល់នៅអនុវិទ្យាល័យ ចាប់ពីថ្នាក់ទី៨ឡើងទៅ។ គេបានប្រកួតតំណាងវិទ្យាល័យបាត់ដឹង ឈ្នះអស់​វិទ្យាល័យ​តាម​ស្រុក រួចក៏​លេង​តំណាងឱ្យ​ខេត្តកំពង់ស្ពឺប្រកួតទូទាំងប្រទេស តែមិនទទួលបានជោគជ័យឡើយ។ ចប់បាក់ឌុបឆ្នាំ២០១១ គេបានឡើងមករៀនភ្នំពេញ និងបានចូលហាត់បាល់​ទះ​នៅក្លឹបកងពលតូចអន្តាគមន៍លេខ៩ ចំណុះកងពលធំអន្តាគមន៍លេខ៣។

នៅកងពលតូចអន្តរាគមន៍លេខ៩ លោកជួយក្លឹបលើកពានមួយចំនួនដែរដូចជា ពានរង្វាន់ស្រាបៀរលីអូរដូវកាលដំបូង នៅខេត្តសៀមរាប និងពានមហាជនតាមបណ្ដាខេត្តផ្សេងៗទៀត។

ក្នុងឆ្នាំ២០១៥ លោក​បានចេញពីកងពលទៅចូលរួមជាមួយក្លឹបបញ្ជាការដ្ឋានអង្គរក្សការពារផ្ទាល់ និងបញ្ចប់អាជីពនៅក្លឹបមួយនេះនៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។

ដោយ​ចូល​មុន​ទូច​អង្គរក្ស នៅក្លឹប​បញ្ជាការដ្ឋាន​អង្គរក្សការពារ​ផ្ទាល់ ដារ៉ា ឈ្នះពានផ្ទៃក្នុង (ក្នុងអង្គភាព) បានចំនួនពីរដង និងពានរង្វាន់បាល់ទះស្រាបៀរលីអូមួយ​លើក​នៅទឹកដី​ខេត្តបាត់ដំបង។

ដោយ​មើល​ឃើញ​ពី​សមត្ថភាព​ដ៏​ល្អ កីឡាករជំនាញដឺមីរូបនេះ និង​មិត្ត​រួម​ក្រុម​របស់​គេ​​ពីរ​បី​នាក់​ទៀត ត្រូវបានក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមួយ ទិញយកទៅលេងពានរង្វាន់មួយក្នុងប្រទេសវៀតណាម មួយរដូវកាល​មាន​រយៈពេល២ខែ ប៉ុន្តែ​​បាន​ត្រឹម​លេខ២ប៉ុណ្ណោះ។

លោក ភី ដារ៉ា ពាក់លេខ៦

ឆ្នាំបង្កើតអេគីបជាមួយទូចអង្គរក្ស និងលេងឡើងខ្លាំងបំផុត

អតីតកីឡាករអង្គរក្សរូបនេះ លេងឡើងខ្លាំងបំផុតនៅអំឡុងឆ្នាំ ២០១៥ - ២០១៦។ អេគីបថ្មីរបស់លោកជាមួយទូចអង្គរក្សមាន​ដូចជា ទូចអង្គរក្ស ភាកងពល ហុង ឆែលស៊ី និង​រូប​លោក​ផ្ទាល់ ចាប់ផ្ដើមនៅឆ្នាំ២០១៤ ដល់ ២០១៦។ ក្រុម​មួយ​នេះ​លេង​ប្ដូរ​គ្នា ហើយ​ភាគច្រើនលេងជាមួយគីឡូធំៗ ប៉ុន្តែបើប៉ះគីឡូល្មមៗមិនមានទូចអង្គរក្សទេ។

អតីត​កីឡាករ​បាល់ទះនៃសាកលវិទ្យាល័យន័រតុន និងទូចអង្គរក្ស លេងយល់ចិត្តគ្នាណាស់ ដ្បិតពួកគេ​ដើរជាមួយគ្នាតាំងពីក្មេងៗ សូម្បីរៀនក៏​នៅសាកលវិទ្យាល័យ កន្លែងស្នាក់នៅ និងអង្គភាពលេងបាល់ក៏នៅជាមួយគ្នា។ លោកបានបញ្ចប់អាជីពបាល់ទះនៅឆ្នាំ២០១៩ ហើយបច្ចុប្បន្ន​ស្មាត់​ល្អ​រូប​នេះ បម្រើការងារនៅអគ្គស្នងការនគរបាលជាតិ។

ចំណេះជំនាញក្នុងបាល់ទះ

កាលនៅជាកីឡាករលោក ភី ដារ៉ា ជំនាញដេញបាល់លឿន ពូកែ​ធ្វើរនាំង និងកាងសេវា។ បើ​លេង​បាល់​​ប្រកួត​ក្រៅ​ផ្លូវការកាហ្វេគុយទាវ លោក​ដារ៉ា​ក៏​ជំនាញ​បាល់​បោក​ពី​លើៗ​ដែរ។ បច្ចុប្បន្ន​​​​​លោក​នៅ​សល់​ប្រហែល​ ៣០%​ នៃ​សមត្ថភាព​ពី​មុន ហើយ​បើ​តាម​ការ​ឱ្យ​ដឹងលោកក៏​នឹង​ត្រៀម​ហ្វឹក​ហាត់ ដើម្បី​ប្រឡូក​តាម​តារាង​បាល់​ទះ​នានា​វិញ​។

កម្រិតវប្បធម៌

ឆ្នាំ២០១១ ភី ដារ៉ា បានបញ្ចប់បាក់ឌុបនៅវិទ្យាល័យបាត់ដឹង ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ លុះដល់ឆ្នាំ២០១៥ បុរសវ័យ៣១ឆ្នាំរូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញមន្ទីរពិសោធន៍ (Laboratory) ពីសាកលវិទ្យាល័យ​ន័រតុន​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់