• 2021-04-12 00:47:09
  • បាល់ទាត់

មិត្តរួមក្រុមកំពុងឡើងជើង ចំណែក សៀន សុភក្ត្រា បាត់ដំណឹងសូន្យឈឹង

  • 2021-04-12 00:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀន សុភក្ត្រា បានបាត់ដំណឹងពីទីលានសូន្យឈឹង ស្របពេលមិត្តរួមក្រុមរបស់គេម្នាក់ៗ កំពុងតែឡើងជើងគួរឱ្យ​កត់ស​ម្គាល់ក្នុង​រដូវកាលនេះ។

ជុំវិញការអវត្តមានលើទីលានប៉ុន្មានប្រកួតកន្លងមក គឺដោយសារខ្សែប្រយុទ្ធរបស់​ក្លឹបបាល់ទាត់អគ្គិសនីខាងលើ មានបញ្ហារបួសជង្គង់ខាងស្ដាំ អំឡុងពេលហ្វឹកហាត់តាំងពីមុនបើករដូវកាលមកម្ល៉េះ ហើយសព្វថ្ងៃគេកំពុងតែសមម្រាកព្យាបាល។

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះប្រាប់ថា ៖«សម្រាប់បញ្ហារបស់ខ្ញុំ ខ្ញុំរបួសតាំងពីមុន​លីគ ហើយដល់បន្ទាប់មកខ្ញុំសម្រាកប្រហែលជាជិតមួយខែ បន្ទាប់មកខ្ញុំចូលហាត់ ហាត់ប៉ុន្មានក៏វានៅឈឺ ខ្ញុំក៏សម្រាកទៀតរហូតដល់ឥឡូវ»។

ជម្រើសជាតិកម្ពុជាឈុតយុវជនដដែល បានបង្ហាញអារម្មណ៍សោកស្ដាយ ដែលមិនអាចជួយក្រុមបានក្នុងប៉ុន្មានប្រកួតកន្លងមក ហើយលើកឡើង​ថាក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ គេមិនអាចជៀសផុតពីបញ្ហារបួស​​បានឡើយ។

ចំពោះ​ពេលវេលាចូលហ្វឹកហាត់ជាមួយក្រុម សុភក្ត្រា នៅមិនទាន់ដឹងនៅឡើយ ដោយថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២១ខាងមុន គេនឹងត្រូវទៅជួបគ្រូពេទ្យម្ដងទៀត​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់