• 2021-04-10 07:59:01
  • បាល់ទាត់

Bata ថាការផ្លាស់ប្ដូរក្លឹបច្រើន ធ្វើឱ្យ​គេកាន់តែល្អ និងមានបទពិសោធច្រើន

  • 2021-04-10 07:59:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ Dzarma Bata បានលើកឡើងថាការផ្លាស់ប្ដូរក្លឹបលេងច្រើន ធ្វើឱ្យ​រូបគេកាន់តែលេង​ល្អ និងមានបទពិសោធន៍កាន់តែច្រើន ក្នុងការប្រជែងនៅលីគកំពូលកម្ពុជា។

ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះ​ បានផ្លាស់ប្ដូរក្លឹបជាច្រើនដូចជាក្លឹបបឹងកេត ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង អាស៊ីអឺរ៉ុបយូណាយធីត សូលទីឡូអង្គរ និង​អង្គរថាយហ្គឺរ។

ត្រង់​ចំណុច​នេះ Bata បានលើកឡើងថា ៖«ការលេងក្លឹបច្រើនមិនប៉ះពាល់ដល់ការលេងរបស់ខ្ញុំទេ មានតែធ្វើឱ្យ​ខ្ញុំកាន់តែលេងល្អ និងមានបទពិសោធកាន់តែច្រើន។ ធ្វើឱ្យ​ខ្ញុំងាយស្រួលលេង ព្រោះខ្ញុំធ្លាប់លេងជាមួយពួកគេពីមុនមក ហើយអ្វីដែលសំខាន់នោះ គឺលេងតួនាទីខ្លួនឯងឱ្យ​បានល្អ និងស្ដាប់ការណែនាំរបស់គ្រូបង្វឹក»។

រដូវកាលឆ្នាំ២០២០ជុំទីមួយ Bata លេងឱ្យ​ក្លឹបអង្គរថាយហ្គឺរ ខណៈជុំទីពីរគេជាផ្នែកមួយ​ដ៏​សំខាន់ក្នុង​ការ​ជួយឱ្យ​បឹងកេត លើកពានលីគកំពូលកម្ពុជា។

រដូវកាលឆ្នាំ២០២១នេះ Bata បានចូលរួមជាមួយក្លឹប TIFFY Army ហើយការមកដល់លើកនេះ គេថាមិនពិបាកក្នុងការសម្របខ្លួនទេ ព្រោះគ្រូបង្វឹក កីឡាករខ្មែរសុទ្ធសឹងជាមិត្តចាស់ ដែលគេធ្លាប់លេងជាមួយ។ ចំណែកកីឡាករបរទេសមួយចំនួនដូចជា Yuta Kikuchi និង Cristiano Sergipano ក៏ជាមិត្តរួមក្រុមចាស់ដូចគ្នាដែរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់