• 2021-04-10 04:03:30
  • បាល់ទាត់

មកដឹងគោលបំណងធំៗរបស់ខ្សែការពារឆ្នើម ស្រាំង ទិត្យឈី

  • 2021-04-10 04:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាំង ទិត្យឈី បានចេញពីក្លឹបធំៗដូចជាភ្នំពេញក្រោន បឹងកេត និងអគ្គសនីកម្ពុជា ទៅចូលរួមជាមួយអង្គរថាយហ្គឺរ មានលោក Akihiro Katō ជាម្ចាស់​ក្លឹប។

ស្រាំង ទិត្យឈី ចូលអង្គរថាយហ្គឺររដូវកាលឆ្នាំ២០២១

ខ្សែការពារវ័យ២៣ឆ្នាំ បានមកកាន់ក្លឹបមានមូលដ្ឋាននៅខេត្តសៀមរាបក្នុងឆ្នាំនេះជាមួយនឹងជំនឿចិត្ត និងមានគោលបំណងធំចង់លើកពានលីគកំពូលកម្ពុជាជាមួយថាយហ្គឺរ។

ទិត្យឈី ប្រាប់ថា ៖«និយាយពីសមត្ថភាពគឺខ្ញុំជឿជាក់លើខ្លួនឯង ហើយមួយទៀតគឺខ្ញុំជឿជាក់លើមិត្តរួមក្រុម ជឿជាក់លើគ្រូ ជឿជាក់លើបុគ្គលិកទាំងអស់ថាពួកយើងអាចធ្វើបាននៅឆ្នាំនេះ»។

កីឡាករមកពីខេត្តស្ទឹងត្រែង មានទំនុកចិត្ត១០០%បែបនេះ ក៏ព្រោះតែក្រុមរបស់គេបួនប្រកួតកន្លង​មក មិនទាន់ស្គាល់ពាក្យ «ចាញ់» ពោលគឺឈ្នះបីស្មើមួយ​មាន១០ពិន្ទុឈរកំពូលតារាងបណ្ដោះអាសន្ន តាមពីក្រោយដោយភ្នំពេញក្រោន (៩ពិន្ទុ) និងព្រះខ័នរាជស្វាយរៀង (៩ពិន្ទុ)។

ស្រាំង ទិត្យឈី ក៏ធ្លាប់បានឱ្យដឹងដែរថា បើក្រុមណាហ៊ានមើលស្រាលក្លឹប​អង្គរថាយហ្គឺរ ក្រុមនោះឯងនឹងគ្រោះថ្នាក់ជាមិនខាន។

ចំពោះ​គោលដៅធំពីរបន្ទាប់ របស់អតីតយុវជនខេត្តស្ទឹងត្រែង អាយុក្រោម​១៣ឆ្នាំ គឺគេចង់ជាប់ជម្រើសជាតិ និងចង់ចេញទៅលេងនៅក្រៅប្រទេស៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់