• 2021-03-30 07:35:57
  • បាល់ទាត់

សេង កុសែន ​សោកស្ដាយ​ដែល​២​ប្រកួត​ដំបូង​បាន ​០ពិន្ទុ​

  • 2021-03-30 07:35:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ សេង កុសែន ​បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ ​ដែល​ពីរ​ប្រកួត​កន្លង​មក​ក្រុម​ នគរ​បាល​ជាតិ​របស់​គេ ​ចាញ់​ទាំង​ពីរ​លើក​មាន ​០​ពិន្ទុ​ឈរ​ចំណាត់​ថ្នាក់​លេខ​២​ បើ​រាប់​ពី​បាត​តារាង។

ក្លឹប​ដែល​នគរបាលជាតិ​ចាញ់ ​មាន​អគ្គិសនីកម្ពុជា​ (៣-២) ​និង​អាស៊ីអឺរ៉ុបយូណាយធីត (៣-២)​ ដែល​ជា​ក្រុម​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា និង​ធ្លាប់​ចាញ់​ពួកគេ​កាល​ពី​រដូវកាល​មុន។

ក្រោយ​មិន​អាច​ជួយ​ក្លឹប​យក​៦​ពិន្ទុ​ពី​ក្រុម​ទាំង​ពីរ​ខាង​លើ ​អតីត​កីឡាករ​ភ្នំពេញ​ក្រោន ​បាន​បង្ហើប​ថា​ ៖«និយាយ​ទៅ​ពីរ​ប្រកួត​ហ្នឹង​ស្ដាយ​ណាស់ ​រក​ពិន្ទុ​អត់​បាន ​ក្រុម​ធ្លាប់​លេង​ជាមួយ​រហូត​សោះ ​យើង​រំពឹង​ថា​បាន​៣ពិន្ទុ ៣ពិន្ទុ ​តែ​ចុង​ក្រោយ​ចាញ់​គេ​ទាំង​ពីរ​ប្រកួត»។

​បើ​តាម​សម្ដី​របស់​អតីត​កីឡាករ​បឹងកេត គឺ ​ក្រុម​របស់​ខ្លួន​ធ្វើ​បាន​ល្អ​ខ្លាំង​ អំឡុង​ពេល​ហ្វឹកហាត់​ ប៉ុន្តែ​ហាក់​ពិបាក​ពេល​ប្រកួត​ជាក់​ស្ដែង។ កុសែន​ មើល​ឃើញ​ថា​ក្រុម​ខ្លួន​ខ្វះខាត​ខ្លាំង​លើ​ការ​ប្រាស្រ័យ​ទាក់ទង​ ការ​គាំទ្រ​ និង​ឆន្ទៈ​ ដែល​ជា​ហេតុ​ធ្វើ​មិន​បាន​ល្អ​ដូច​ការ​ចង់​បាន​របស់​គ្រូ​បង្វឹក។

សេង កុសែន ​ពន្យល់​ថា ៖«ទី​១​កត្តា​គាំទ្រ​គ្នា​យឺត​ ទី​២​គឺ​សំខាន់​មែនទែន​គឺ​ការ​ទំនាក់​ទំនង​គ្នា​ អ៊ីចឹង​គួប​ផ្សំ​ការ​ទំនាក់ទំន​ងការ​គាំទ្រ​គ្នា​យឺត​ អាហ្នឹង​ហើយ​ ហើយ​មួយ​ទៀត​គឺ​ឆន្ទៈ​ម្នាក់​ៗ​ បើ​ឆន្ទៈ​ម្នាក់​ៗ​អត់​ខ្ពស់​ទេ​ គឺ​យើង​មិន​ងាយ​យក​ឈ្នះ​គេ​បាន​ទេ ​អ៊ីចឹង​ចេញ​មក​ពី​ម្នាក់ៗ ​ត្រូវ​មាន​មហិច្ឆតា​ចង់​ឈ្នះ ​ ម្នាក់​ៗ​គឺ​ចេះ​ជួយ​គ្នា​អាហ្នឹង​គឺ​ល្អ​មែនទែន​ អ៊ីចឹង​យើង​ខ្វះខាតការ​ទំនាក់ទំនងគ្នា​ នៅលើ​ទីលាន​សំខាន់​ណាស់»។

យ៉ាងណា​កីឡាករ​វ័យ​៣១​ឆ្នាំ​ និង​មិត្តរួម​ក្រុម ​គ្មាន​ការ​បាក់ទឹក​ចិត្ត​អ្វី​ឡើយ ដោយ​ជំនួស​មក​វិញ​នូវ​ការ​បន្ត​ខិតខំ​ប្រឹងប្រែង​ជាមួយ​ក្លឹប ​និង​ប្ដេជ្ញា​យក​ឈ្នះ​ឲ្យ​បាន​នៅ​ប្រកួត​ក្រោយៗ៕

រូបភាព៖ ក្លឹបបាល់ទាត់នគរបាលជាតិ

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់