• 2021-03-25 07:39:32
  • ប្រដាល់

ជំនួប​រវាង Andriano​​ និង Johnson តើ​ចាន់ រតនា​យក​ខាង​ណា?

  • 2021-03-25 07:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ខ្សែក្រវាត់គុនចម្រុះពិភពលោក Adriano Moraes ត្រូវវិលមកកាន់សង្វៀនវិញដើម្បីការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួន បន្ទាប់ពីខកខានឡើងសង្វៀនអស់រយៈពេលជាច្រើនខែមក។

ការឡើងការពារខ្សែក្រវាត់របស់ខ្លួនលើកនេះ Adriano Moraes ជាជើងខ្លាំងប្រេស៊ីលត្រូវប្រឈមនឹងជើងខ្លាំងអាមេរិក Demetrious Johnson ដែលជាអតីតជើងឯកពិភពលោក UFC ជាច្រើនឆ្នាំ។

សម្រាប់ជំនួបដ៏សំខាន់នៅក្នុងតំណែងគូឯកនៅព្រឹត្តិការណ៍ “ONE on TNT I“ដែលនឹងផ្សាយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃពុធ ទី៧ ខែមេសា ខាងមុខនេះ មានអ្នកជំនាញ ក៏ដូចជាអ្នកតាមវិស័យកីឡាជាច្រើនបានធ្វើការព្យាករ។

ក្នុងចំណោមនោះ ជើងខ្លាំងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ក៏បានបង្ហាញចំណាប់អារម្មណ៍រវាង Adriano Moraes និង Demetrious Johnson។

ចាន់ រតនា បានឲ្យដឹងថា អ្នកទាំងពីរសុទ្ធតែមានចំណុចល្អ និងលក្ខណៈពិសេសរៀងៗខ្លួនដែលមិនងាយធ្វើឲ្យដៃគូណម្នាក់សន្លប់ស្រួលៗឡើយ។

«សម្រាប់ខ្ញុំ អ្នកទាំងពីរមានចំណុចល្អរៀងៗខ្លួន។ ម្ចាស់ខ្សែក្រវាត់មានកម្ពស់ខ្ពស់ជាង និងបទពិសោធជំនាញក្រោមជឺជីតស៊ូរបស់គាត់គឺល្អ ពីព្រោះគាត់ជាជនជាតិប្រេស៊ីល។ គាត់មានក្បាច់វ៉ៃល្អ ហើយកម្លាំងស៊ុហ្វក៏ល្អ»។ នេះជាសំដីរបស់ទូតសុច្ឆន្ទៈរបស់សែលកាត។

អ្នកលេងគុនចម្រុះកម្ពុជាលេចធ្លោលើឆាកអន្តរជាតិយល់ឃើញពីកីឡាករមកដណ្តើមខ្សែក្រវាត់ថា ៖« Johnson ជាកីឡាករដែលមានបទពិសោធច្រើន អាយុច្រើនបន្តិច ហើយក្បាច់MMA ដ៏ល្អ។ និយាយទៅទាំងពីរនាក់ប្រដុំប្រសងគ្នា»។

ទោះបីជាយ៉ាងណា ប្រសិនបើឲ្យជ្រើសរើស ចាន់ រតនា បានប្រាប់ថា ៖«សម្រាប់ខ្ញុំ ខ្ញុំទុកចិត្តលើម្ចាស់ខ្សែក្រវាត់ច្រើនជាង»។

បើទោះជាទុកចិត្តលើម្ចាស់ខ្សែក្រវាត់ ប៉ុន្តែត្រូវបានតារាប្រដាល់ទូតសុច្ឆន្ទសសែលកាតមានការព្រួយបារម្ភលើកម្លាំងស៊ុហ្វ។

រតនា លើកឡើងថា ៖«ម្ចាស់ខ្សែក្រវាត់ខានឡើងប្រកួតយូរហើយ ដូច្នេះអាចធ្វើឲ្យប៉ះពាល់ដល់កម្លាំងស៊ុហ្វរបស់គាត់ដែរ។ តែដូចខ្ញុំគិតអីចឹង សម្រាប់ពីរនាក់ ល្អដូចគ្នា មានចំណុចខ្លាំងដូចគ្នា តែខ្ញុំទុកចិត្តលើម្ចាស់ខ្សែក្រវាត់ច្រើនជាង»។

អ្នកគាំទ្រកម្ពុជាប្រហែលជានៅចាំចំពោះម្ចាស់ខ្សែក្រវាត់ខ្សែក្រវាត់ពិភពលោក ONE Flyweight ពីកីឡាករ Adriano Moraes បានឈ្នះខ្សែក្រវាត់នេះលើកដំបូងនៅទឹកដីកម្ពុជាកាលពីឆ្នាំ២០១៤ ដែលពេលនោះក៏មានវត្តមានកីឡាករ ចាន់ រតនា ប្រកួតក្នុងព្រឹត្តិការណ៍ ONE: Rise of the Kingdom ដែរ។

ក្រោយពេលឡើងការពារខ្សែក្រវាត់ជោគជ័យបាន១ដង ក៏បានរបូតខ្សែក្រវាត់ខាងលើនេះទៅវិញ ប៉ុន្តែនៅឆ្នាំ២០១៩ទើបដណ្តើមបានខ្សែក្រវាត់នេះមកវិញដើម្បីគ្រប់គ្រងដល់ឥឡូវ។ គិតចាប់តាំងពីខែមករា ឆ្នាំ២០១៩មក កីឡាករប្រេស៊ីលរូបនេះមិនបានឡើងប្រកួតទេ។

ចំណែកកីឡាករអាមេរិក Demetrious Johnson ទើបតែបោះជំហានចូលសង្វៀន ONE នៅឆ្នាំ២០១៨ ប៉ុន្តែរូបគេបានឈ្នះខ្សែក្រវាត់ពិភពលោក ONE Flyweight World Grand Prix មួយគ្រឿងហើយកាលពីឆ្នាំ២០១៩។

ប៉ុន្តែនិយាយពីបទពិសោធវិញគឺ Johnson អាយុ៣៤ឆ្នាំបានចូលប្រឡូកក្នុងអាជីពប្រដាល់គុនចម្រុះស្ទើរមួយជីវិតហើយ។ រូបគេជាជើងឯកគុនចម្រុះពិភពលោកនៅស្ថាប័ន UFC តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០១៨មុនពេលធ្វើដំណើរមកប្រឡូកក្នុងទឹកដីអាស៊ី៕

ដោយ៖ ស៊ីធី

មតិយោបល់