• 2021-01-28 07:38:00
  • បាល់ទះ

ព្រោះតែហេតុផលនេះទើប សម្បត្តិបញ្ញា ខំហ្វឹកហាត់ទាំងប៉ះសេនិងស្មាត់

  • 2021-01-28 07:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានរយៈពេល២ឆ្នាំមកហើយដែល អ៊ុង សម្បត្តិបញ្ញា លេងក្នុងតំណែងជាស្មាត់ស្ដាំនៅក្លឹបស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែប្រមាណជាបីខែមកនេះ គេត្រូវបានគ្រូបង្វឹក​ប្ដូរឱ្យទៅលេងប៉ះសេវិញ ក្រោយក្្លឹបខ្្វះជំនាញដ៏សំខាន់មួយនេះ។

ទោះបីជាហ្វឹកហាត់ជាអ្នកប៉ះសេក្ដី បញ្ញា ក៏នៅបន្តហាាត់ជំនាញស្មាត់ដដែល ដើម្បីបង្ការក្រែងស្ទើរស្មាត់ណាមួយ ឬរបួសជាដើមនោះ គេអាចនឹងជំនួសតំណែងនេះបាន។

អ៊ុង សម្បត្តិបញ្ញា បានបង្ហើបថា ៖«ដំបូងខ្ញុំស្មាត់ ដល់ពេលទៅក្លឹបខ្ញុំស្មាត់ច្រើន ប៉ុន្តែប៉ះសេអត់សូវមានទេ មានតែបងឃាងម្នាក់ទេ បន្ទាប់មកគាត់ក៏ធ្វើតេស្តពួកខ្ញុំទាំងអស់គ្នា ថាចង់រើសអ្នកប៉ះសេមួយ ព្រោះប៉ះសេសំខាន់ ដល់ពេលមើលដៃទាំងអស់គ្នាទៅ ឃើញដៃខ្ញុំ​ទំនងជាងគេ អាចថាប៉ះសេបានគាត់ក៏ជ្រើសរើសខ្ញុំមកហាត់ ដោយសារស្មាត់ធំៗពួកខ្ញុំមានច្រើនដែរ គាត់​ក៏​សុខចិត្ត​ដក​ខ្ញុំ​មួយ​យក​មក​ប៉ះសេផង ហើយ​ឱ្យខ្ញុំរៀនស្មាត់ផង ក្រែង​លោ​ស្មាត់ពួកខ្ញុំនៅស្ទើរអីទៅ ក៏ខ្ញុំមានជំនាញទាំងប៉ះសេនិងស្មាត់»។

កីឡាករវ័យ២៣ឆ្នាំ បានរៀបរាប់ទៀតថា ការហាត់ទាំងប៉ះសេនិងជំនាញស្មាត់នេះ គឺជារឿងចំណេញមួយក្នុងការជួយក្រុមពេលប្រកួត ប៉ុន្តែយ៉ាងណាគេចង់ពង្រឹងជំនាញប៉ះសេឱ្យខ្លាំង និងស្ទាត់ជំនាញ ដើម្បីចែកបាល់ឱ្យស្មាត់វៃផ្ដាច់បានល្អ។

ជំនាញប៉ះសេ ត្រូវបាននិស្សិតថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចរូបនេះ មើលឃើញ​ជាជំនាញមួយពិបាក ពុំសូវមានអ្នកចង់ហាត់ ​ព្រោះត្រូវការភាពឆ្លាតវៃ ចែកបាល់ស្អាតដាច់បាំង និងត្រូវយល់ចិត្តស្មាត់ទាំងអស់។

កីឡាករកម្ពស់១,៨៣ម៉ែត្រ ទម្ងន់៧៥គីឡូក្រាម អ៊ុង សម្បត្តិបញ្ញា បានចូលហាត់បាល់ទះនៅក្លឹបស្នងការនគរបាលរាជធានីភ្នំពេញ នៅឆ្នាំ២០១៩ ហើយរូបគេទើបហាត់ជំនាញ់ប៉ះសេ បានប្រមានបីខែប៉ុណ្ណោះគិតមកទល់ពេលនេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់