• 2021-01-12 07:54:47
  • ប្រដាល់

គ្រូម្នាក់បង្ហាញ​ចំណុចខ្សោយធំបំផុតសម្រាប់អ្នកលេងគុនខ្មែរទៅវ៉ៃ ONE

  • 2021-01-12 07:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រដាល់ ONE Super Series របស់ស្ថាប័នកីឡាធំបំផុត ONE Championship បានក្លាយជាទីកន្លែងជំនួបអ្នកលេងក្បាច់គុនមួយថៃ គុនខ្មែរ និងឃីកបុកសីងមកពីជុំវិញពិភពលោក។

មិនថា អ្នកមានជំនាញប្រដាល់វ៉ៃប្រដាល់សេរីមួយថៃ ប្រដាល់សេរីគុនខ្មែរ ឬក៏ឃីកបុកសីងមកពីប្រទេសណា តំបន់ណាទេគឺសុទ្ធតែអាចឡើងប្រកួតបាននៅ ONE Super Series និងសំបូរដៃគូប្រកួតច្រើនណាស់។ ទាំងការប្រកួតលក្ខណៈមិត្តភាព និងខ្សែក្រវាត់ពិភពលោក ហើយក៏រកចំណូលបានច្រើនសន្ធឹកសន្ធាប់។

ទន្ទឹមជាមួយគ្នានេះ កម្ពុជាក៏មានកីឡាប្រដាល់គុនខ្មែរដែលយូរលង់ណាស់មកហើយនៅលើទឹកដីនៃប្រទេសអច្ឆរិយៈ។ ទោះជាយ៉ាងណា សមត្ថភាព និងជំនាញជាកតត្តាចាំបាច់បំផុត មុនពេលលេចមុខទៅប្រកួតលើឆាកអន្តរជាតិ។

អ្នកលេងគុនខ្មែរប្រកួតនៅក្នុងស្រុកទាំងជាមួយមិត្តរួមជាតិ និងជាមួយកីឡាករបរទេស ឃើញថា មានលទ្ធផលល្អប្រសើរគួរទីគាប់ចិត្ត។ ប៉ុន្តែនៅពេលចេញទៅប្រកួតលើឆាកអន្តរជាតិ អ្នកលេងគុនខ្មែរនៅមានកម្រិតទាបជាងគេ។

បើនិយាយពីចំណុចខ្សោយខ្លាំងបំផុតរបស់អ្នកលេងគុនខ្មែរនៅលើឆាកអន្តរជាតិគឺល្បឿនវ៉ៃ។ លោក ជា រិទ្ធ គ្រូបង្ហាត់ប្រដាល់គុនខ្មែរម្នាក់បាននិយាយថា ៖«ចាំបាច់ណាស់ត្រូវផ្លាស់ប្តូរទម្លាប់វ៉ៃនៅលើសង្វៀន។ យើងវ៉ៃគុនខ្មែរមានទម្លាប់យោលរេរាំទៅតាមចង្វាក់ភ្លេង ហើយចេញអាវុធមួយៗ។ ទម្លាប់វ៉ៃយឺ​តនេះគឺទៅមិនរួចជាមួយកីឡាករបរទេសទេ»។

លោកបញ្ជាក់ថា ៖«យើងមានកម្លាំងស៊ុហ្វវ៉ៃល្អហើយ។ យើងមានអាវុធធ្ងន់ៗស្រាប់ហើយ ដូចជាទាត់ និងកណ្តាប់ដៃ។ អីចឹងកម្ពុជាយើងមានសក្តានុពលហើយ»។

ជាក់ស្តែង អ្នកលេងគុនខ្មែរ ឡៅ ចិត្រា ដែលជាកីឡាករលេចធ្លោជាងគេក្នុប្រភេទទម្ងន់៦០គីឡូក្រាម បានប្រកួតជាមួយកីឡាករថៃ Superlek គឺមានចលនាវ៉ៃខុសគ្នាឆ្ងាយណាស់។ កីឡាករថៃម្នាក់នេះបានប្រើជើងទាត់ផ្ទួនៗ លឿនៗ និងញាប់ៗ ខណៈ កីឡាករកម្ពុជាស្ទើរចេញអាវុធមិនរួច។

យ៉ាងណា សុខ ធី ដែលជាកីឡាករគុនខ្មែរកំពុងហាត់នៅប្រទេសថៃបានក្លាយជាកីឡាករកម្ពុជាទី១ដែលទទួលបានជ័យជម្នះនៅ ONE Championship បន្ទាប់ពីឈ្នះកីឡាករចិន ហើយកីឡាករ គង់ សំបូរ បានក្លាយជាកីឡាករកម្ពុជាទី១ដែលប្រកួតលក្ខណៈឃីកបុកសីងនៅ ONE តែចាញ់ពិន្ទុកីឡាករចិន។

បន្ទាប់ពីទីផ្សារកីឡាប្រដាល់ឃីកបុកសីងកំពុងមានតម្រូវការទាំងការប្រកួតលក្ខណៈតំបន់ដូចជាស៊ីហ្គេម និងអន្តរជាតិនៅសង្វៀន ONE កម្ពុជាបានសម្រេចបង្កើតសហព័ន្ធកីឡាប្រដាល់ឃីកបុកសីងកម្ពុជាជាផ្លូវ។ នាពេលខាងមុខនេះ សហព័ន្ធនឹងរៀបចំបណ្តុះបណ្តាលកីឡាករ កីឡាការិនីឃីកបុកសីង និងគ្រប់គ្រងសម្រាប់ការប្រកួតលើឆាកអន្តរជាតិ៕

អត្ថបទ៖ ស៊ីធី

មតិយោបល់