• 2020-11-16 07:22:16
  • បាល់ទះ

ក្លឹប២កំពុងចែចូវ ចាន់ សុភា យុវជន​របស់​ណាហ្គា​វើលដ៍

  • 2020-11-16 07:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការឱ្យដឹងរបស់យុវជនក្លឹបណាហ្គាវើលដ៍ ចាន់ សុភា ឆ្នាំ២០២០នេះមានក្លឹប​លីគកំពូលកម្ពុជាចំនួន២ កំពុងតាមចែចូវចង់បានរូបគេទៅចូលរួមក្រុម។ ក្លឹបទាំងពីរនោះគឺ ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា និងអង្គរថាយហ្គឺរ។

ចំពោះជម្រើសវិញអតីតយុវជន AFF U-18 Youth Championship ឆ្នាំ២០១៩ នៅមិនទាន់ច្បាស់ថាត្រូវជ្រើសយកមួយណាឡើយ ខណៈក្លឹបរបស់គេបច្ចុប្បន្ន ក៏បានបើកភ្លើងខៀវឱ្យរូបគេ ស្វែងរកទ្រនំ ថ្មីលេងឱ្យបានច្រើនជាងនេះ​ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។​

ប្រាប់មកកាន់ Sabay ថ្ងៃនេះ ចាន់ សុភា ថាគេនឹងជ្រើសយកមួយក្រុម ដើម្បីបន្តដំណើរជីវិតក្នុងអាជីពបាល់ទាត់របស់គេ ប៉ុន្តែឥឡូវកំពុងស្ថិតក្នុងការពិចារ​ណា និងចចារ ហើយអតីតកីឡាករអង្គការ​ផ្កាយ​សមុទ្រ ជឿជាក់គេនឹងបានបង្ហាញខ្លួនញឹកញាប់។

យុវជនជួយក្រុមគោព្រៃជំទង់កម្ពុជា ទម្លាក់ប្រទេសថៃ និងវៀតណាមជាប្រវត្តិសាស្ត្រនេះ បានពន្យល់ថា ៖«សម្រាប់ពីរ(ក្លឹប)ហ្នឹង បើតាមប្អូនគិត បើគេត្រូវការប្អូនហើយ អ៊ីចឹងមានន័យថា បើប្អូនទៅឱកាសគេនឹងឱ្យប្អូនលេងច្រើន សម្រាប់ខ្ញុំខ្ញុំហ៊ាននិយាយថាច្រើន ពីព្រោះដែលចង់បានយើងហើយ ចឹងឱកាសដែលយើងលេង ដឹងគេផ្ដល់ឱ្យយើងច្រើន»។

ចាន់ សុភា រាប់ពីឆ្វេងទៅទី៤នៅបម្រុងខាងក្រៅ

ខ្សែបម្រើការពាររូបនេះ បានចូលរួមជាមួយណាហ្គាវើលដ៍ក្នុងឆ្នាំ២០១៩ ក្រោយក្លឹបចាស់វេសស្ទឺនភ្នំពេញរបស់គេ ប្រកាសផ្អាកសកម្មភាព។ វ័យនៅក្មេងប៉ុន្តែរូបគេ មិនមានឱកាសបង្ហាញសមត្ថភាពលើទីលានច្រើនទេ ប៉ុន្តែយ៉ាងណាអតីតកីឡាករអគ្គិសនីកម្ពុជា បានបង្ហាញការដឹងគុណដល់ក្លឹប​ ដោយលើកឡើងគេមិនអាចជាប់ជម្រើសជាតិ U18 បានឡើយ បើសិនគ្មានក្លឹបចាស់វស្សាសំបូរបទពិសោធន៍មួយនេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់