• 2020-11-09 10:50:26
  • ព័ត៌មាន

អីយ៉ា! Rashford សុទ្ធ​តែ​បាន​និយាយ​ទូរស័ព្ទ​ឆ្លើយឆ្លង​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ទៀត

  • 2020-11-09 10:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​កីឡាករ Marcus Rashford បាន​ទម្លាយ​តាម​បណ្ដាញ​សង្គម​ Twitter ថា ខ្លួន​បាន​និយាយ​ទូរស័ព្ទ​ឆ្លើយឆ្លង​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ទាក់ទិន​នឹង​រឿង​យុទ្ធនាការ​អាហារ​សម្រាប់​កុមារ​ក្រីក្រ​។

កីឡាករ​រូប​នេះ​បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​ Twitter ថា ខ្លួន​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ក្រោយ​ពី​ប្រកួត​ Manchester United និង​ Everton កាល​ពី​ថ្ងៃ​សៅរ៍​ កន្លង​ទៅ។ ក្នុង​កិច្ច​សន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នេះ Rashford បាន​និយាយ​ថា លោក Johnson បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​ប័ណ្ណ​អាហារ​ដល់​ក្មេង​ៗ​ក្រីក្រ​ឡើង​វិញ ខណៈ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​រដ្ឋាភិបាល​អង់គ្លេស​បាន​សម្រេច​ផ្អាក​សម្រាប់​រដូវ​កាល​ឈប់​សម្រាក​ខែ​រងា​ខាង​មុខ​នេះ។

ក្រោយ​ពី​ទូរស័ព្ទ​ជាមួយ Rashford ចប់​ រដ្ឋាភិបាល​អង់គ្លេស​ក៏​បាន​ប្រកាស​ពី​វិធានការ​មួយ​ ដែល​ចំណាយ​ទឹកប្រាក់​ខ្ទង់​ ២០០លាន​ដុល្លារ​សម្រាប់​រដូវ​កាល​គ្រិស្តម៉ាស​ឆ្នាំ​នេះ ហើយ​នឹង​ចំណាយ​ខ្ទង់ ៥០០លាន​ដុល្លារ​អាមេរិក​ទៀត ដើម្បី​ជួយ​ផ្ដល់​អាហារ​ដល់​កុមារ​ជាង ២លាន​នាក់ ក៏​ដូច​ជា​បង់​ថ្លៃ​ទឹក​ភ្លើង​ផ្សេងៗ​ទៀត​ផង​។

សូម​ជម្រាប​ផង​ដែរ​ថា Rashford បាន​ធ្វើ​ការ​តស៊ូ​មតិ​ ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ តាម​រយៈ​ការ​ផ្ដល់​អាហារ​ដល់​ក្មេងៗ​ក្រីក្រ ដោយ​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​មួយ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ តាម​រយៈ​យុទ្ធនាការ​នេះ​ដែរ កីឡាករ​រូប​នេះ​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​មតិ​សាធារណៈ ក៏​ដូច​ជា​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ និង​ទទួល​បាន​មេដាយ​ពី​មហា​ក្សត្រិយ៍​អង់គ្លេស​ទៀត​ផង​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់