- 2020-10-10 02:18:27
- ប្រដាល់
ONE ថាជើងខ្លាំងឥណ្ឌាដែលទើបឈ្នះយប់មិញ អាចនឹងក្លាយជាគូប្រកួតរបស់ ចាន់ រតនា
- 2020-10-10 02:18:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ONE ថាជើងខ្លាំងឥណ្ឌាដែលទើបឈ្នះយប់មិញ អាចនឹងក្លាយជាគូប្រកួតរបស់ ចាន់ រតនា
ចន្លោះមិនឃើញ
អ្នកជំនាញយុទ្ធគុនចម្រុះឥណ្ឌា Roshan Mainam បានយកឈ្នះកីឡាករចិន Peng Shuai Liu ដោយប្រើក្បាច់ក្លេ ក ពីក្រោយ (Rear naked choke) ត្រឹមទឹកទី២ ក្នុងកម្មវិធី ONE: REIGN OF DYNASTIES នៅសិង្ហបុរី កាលពីយប់មិញ។ ក្រោយជ័យជម្នះនេះ វិបសាយ ONEFC.com បានបញ្ជាក់ថា គូប្រកួតបន្ទាប់របស់កីឡាករឥណ្ឌាដែលកំពុងហាត់ក្នុងក្លឹបល្បីក្នុងសិង្ហបុរី Evolve MMA រូបនេះ អាចជាអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា។
ប្រភពដដែលបញ្ជាក់ថា រតនា អាចនឹងក្លាយជាគូប្រកួតដ៏ជក់ចិត្តជាមួយ Mainam ដោយសារក្បាច់គុនខ្មែរដ៏ល្អរបស់ខ្លួន។ បន្ថែមលើនេះ ONE ក៏បានសរសើរពីក្បាច់ការពារឃ្លេ និងដោះឃ្លេរបស់ចាន់ រតនាផងដែរ។ ជាក់ស្ដែង គូប្រកួតដែលពូកែឃ្លេ៣នាក់ជាប់ៗគ្នាហើយ ដែលបានចាញ់ចាន់ រតនា រួមមានជើងឯកចំបាប់គុយបា Gustavo Balart និងជើងខ្លាំងឥណ្ឌូណេស៊ី Rudy Agustian ផងដែរ។
ងាកមកនិយាយពី Mainam វិញម្ដង។ កីឡាករវ័យក្មេងរូបនេះ គឺជាជើងឯកចំបាប់ថ្នាក់ជាតិរបស់ឥណ្ឌា ដែលបានហាត់ក្បាច់ចំបាប់ តាំងពីអាយុ៩ឆ្នាំមកម្ល៉េះ។ ក្រោយជោគជ័យខ្លាំងក្នុងការប្រកួត Super Fight League របស់ឥណ្ឌា Mainam បានធ្វើតេស្ដជាប់នៅក្លឹបដ៏ល្បី Evolve ក្នុងប្រទេសសិង្ហបុរី ដោយប្រជែងឈ្នះបេក្ខភាពខ្ទង់រយនាក់ ហើយបន្ទាប់មកក៏ចុះកុងត្រានៅ ONE Championship។ ២ប្រកួតនៅ ONE កន្លងមក Mainam បានឈ្នះមុនចប់ទឹកទាំងអស់ គឺឈ្នះកីឡាករគុនខ្មែរ ខុន ស៊ីចាន់ ក្នុងទឹកទី១ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ និងទើបឈ្នះកីឡាករចិន Peng Shuai Liu កាលពីយប់ថ្ងៃសុក្រ។ បើនិយាយពីកំណត់ត្រារួមវិញ Mainam ធ្លាប់ប្រកួត ៧ដង ឈ្នះ៥ដង និងចាញ់ ២ដង។
ចំណែក ចាន់ រតនា វិញ បានឈ្នះ ៣ប្រកួតជាប់គ្នានៅ ONE (កំណត់ត្រាសរុប ឈ្នះ៧ដង និងចាញ់៣ដង) ខណៈប្រកួតចុងក្រោយ គឺតាំងពីខែសីហា ឆ្នាំ២០១៩ មកម្ល៉េះ។ តាមពិតទៅ រតនា ត្រូវមានឈ្មោះប្រកួតជាមួយជើងខ្លាំងជប៉ុន តាំងពីខែមេសាកន្លងទៅ ប៉ុន្តែដោយសារកូវីដ១៩ ទើប ONE សម្រេចលុបចោលកម្មវិធីប្រកួតវិញ។
យ៉ាងណាក្ដី ការលើកឡើងខាងលើនេះ គ្រាន់តែជាការវិភាគរបស់ ONEFC.com ប៉ុណ្ណោះ។ ការប្រកួតផ្លូវការកើតឡើងមែនឬយ៉ាងណា នឹងត្រូវប្រកាសនាពេលខាងមុខ៕