• 2020-10-08 03:28:09
  • បាល់ទះ

៣ ចំណុចគួរឱ្យសរសើរ តារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅ

  • 2020-10-08 03:28:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅ ស្ថិតនៅខាងស្ដាំដៃចម្ងាយប្រមាណជិត ១០០ម៉ែត្រពីច្រកចូលបន្ទាយអង្គរក្សក្រុងតាខ្មៅ មានអាយុជាង១ឆ្នាំ ​និងត្រូវបានគេចាត់ទុកជាទីតាំងប្រកួតបាល់ទះក្មេងខ្ចី បើធៀបនឹងតារាងផ្សេងៗនៅខេត្តកណ្ដាល ភ្នំពេញ និងតាមបណ្ដាខេត្តនានា។ ថ្វីបើទើបតែចាប់កំណើត ប៉ុន្តែតារាងបាល់ទះលំដាប់ស្រុកខ្មែរមួយនេះ មានចំណុចល្អបីមិនសរសើរមិនបាន។

តារាងទី១សម្រាប់លេងគូធំៗ

១-តារាងស្តង់ដារ ស្អាត និងស្រឡះល្អ

តារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅ មានបណ្ដោយ១៨ម៉ែត្រ ទទឹង៩ម៉ែត្រ និងកម្ពស់២,៤៣ម៉ែត្រ កន្លែងវាយសេវ៉ាសល់ ៣ទៅ៤ម៉ែត្រ (ស្តង់ដារ) មានកន្លែងអង្គុយសម្រាប់អ្នកទស្សនា ​ខណៈដំបូលខាងលើមានកម្ពស់១១,៥ម៉ែត្រ។ ទីធ្លារធំទូលាយ ខ្យល់អាកាសល្អ និងមានអនាម័យ។

២-ទទួលស្វាគមយ៉ាងកក់ក្ដៅដល់កីឡាករ និងក្រុមអ្នកឡាយ

ក្រុមកីឡាករបាល់ទះ និងអ្នក Live បានសម្ដែងការកោតសរសើរ ចំពោះការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅ ពីសំណាកម្ចាស់តារាងបាល់ទះក្រុងតាខ្មៅ ទាំងការហួបចុច ភេសជ្ជៈ និងថ្លៃសំបុត្រឡានម៉ូតូជាដើម។ សម្រាប់កីឡាករ និងអ្នកឡាយ ដែលមកលេង និងផ្សព្វផ្សាយ អស់ថ្លៃផ្ញើឡាន ម៉ូតូ ហើយអាចញាំអាហារ ទឹកភេសជ្ជៈផ្សេងៗបានដោយស៊េរី មិនចាំបាច់ចំណាយលុយ។

ត្រង់ចំណុចនេះយុវជនវ័យ១៨ឆ្នាំ និងជាម្ចាស់តារាងបាល់ទះកូនភ្លោះ ហេង កាម៉ារី បានឱ្យដឹងថា តារាងកូនភ្លោះធ្វើបែបនេះ ព្រោះកីឡាករជាអ្នករកចំណូលឱ្យតារាង តាមរយៈលុយតុង ការលក់​​ទឹក ភេសជ្ជៈ និងអាហារផ្សេងៗ រួមទាំងថ្លៃកឹបសំបុត្រឡានម៉ូតូផងដែរ។ ចំណែកក្រុមអ្នកឡាយ ជាសរសៃឈាមមិនអាចខ្វះបាន ក្នុងការផ្សព្វផ្សាយពីតារាងឱ្យគេកាន់តែស្គាល់ច្រើន​។

យុវជនវ័យ១៨ឆ្នាំ និងជាម្ចាស់តារាងបាល់ទះកូនភ្លោះ ហេង កាម៉ារី

យុវជន ហេង កាម៉ារី ពន្យល់ថា ៖«តារាងបាល់របស់ខ្ញុំ ខ្ញុំបើកបានរយៈ១ឆ្នាំ១ខែហើយបង ហើយតារាងរបស់ខ្ញុំឥឡូវ មានគេអ្នកស្គាល់ច្រើន ជាពិសេសមានការចូលរួមពីបងប្អូនដែលស្នេហាវិស័យកីឡាបាល់ទះ គឺចូលរួមកាន់តែច្រើនទៅច្រើន ឥឡូវគេកាន់តែស្គាល់តារាងរបស់ខ្ញុំកាន់តែច្បាស់ទៅច្បាស់ទៅ ហើយនិយាយទៅខ្ញុំសូមអរគុណដល់បងអ្នកឡាយអ្នកឡាយទាំងអស់ ដែលជាចំណែកមួយដ៏ធំក្នុងការឱ្យគេស្គាល់តារាងបាល់ទះរបស់ខ្ញុំបង»។

៣-អនុវត្តបានយ៉ាងល្អតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺ Covid-19

ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា ព្រមានបិទតារាងបាល់ទះ ដែលមិនគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក តារាងកូនភ្លោះក្រុងតាខ្មៅ បានចាប់ផ្ដើមអនុវត្តតាមបានយ៉ាងល្អ ដើម្បីការពារការជំងឺ Covid-19 ដោយមានការវាស់កម្ដៅអ្នកទស្សនា បាញ់លាងដៃជាមួយទឹកអាកុល និងឱ្យអ្នកទស្សនាពាក់ម៉ាស់ឱ្យបានគ្រប់គ្នា និងត្រឹមត្រូវ មុនចូលតារាងបាល់ទះ។ បច្ចុប្បន្នតារាងកូនភ្លោះក្រុងតាខ្មៅ បាននឹងកំពុងតែបន្តអនុវត្តគោលការណ៍នេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់