• 2020-10-08 11:13:39
  • បាល់ទាត់

ក្លឹប​មួយ​ចំនួន​បរាជ័យ​ក្នុង​ការ​ដោះដូរ​កីឡាករ​ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​ឆ្នាំ​នេះ

  • 2020-10-08 11:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​រដូវ​ក្ដៅ​ឆ្នាំ២០២០នេះ បាន​ធ្វើឡើង​អំឡុង​ពេល​ដែល​ក្លឹប​ភាគ​ច្រើន​ជួប​វិបត្តិ​សេដ្ឋកិច្ច​ ខាត​ដើម​ខាត​ចុង​ទាំង​រឿង​ម្ចាស់​ឧបត្ថម្ភ និង​រឿង​សំបុត្រ​ចូល​មើល​ការ​ប្រកួត​។ ក្នុង​ទីផ្សារ​ឆ្នាំ​នេះ​ដែរ ក្លឹប​មួយ​ចំនួន​ដូច​ជា​ Chelsea ហ៊ាន​ចាយ​ធំ ខណៈ​ក្លឹប​ផ្សេង​ទៀត​ចាយ​ល្មម​ៗ។

យ៉ាងណាមិញ ក្នុង​ថ្ងៃ​នេះ​ដែរ Sabay សូម​បង្ហាញ​ពី​ក្លឹប​មួយ​ចំនួន​ ដែល​បរាជ័យ​ក្នុង​ការ​នាំ​ចូលកីឡាករ​ ដែល​ខ្លួន​ប៉ង​ប្រាថ្នា។

Barcelona

ក្នុង​ឆ្នាំ​នេះ​ដែរ ក្លឹប​កាតាឡាន់​មួយ​នេះ​ បាន​បរាជ័យ​ក្នុង​ការ​នាំ​ចូល​ខ្សែ​ស្លាប​ហុល្លង់ Memphis Depay ដែល​ព័ត៌មាន​ភាគ​ច្រើន​យល់​ថា មាន​ភាគរយ​ខ្ពស់​ក្នុង​ការមក​លេង​នៅ La Liga តែ​ចុង​ក្រោយ​ស្ងាត់​ឈឹង​ទៅ​វិញ។ ក្រៅ​ពី​នេះ​ទៀតមាន​របាយការណ៍​ជា​ច្រើន​បាន​រាយការណ៍​ថា Barcelona បរាជ័យ​ក្នុង​ទិញ​ខ្សែ​ការពារ​វ័យ​ក្មេង Manchester City កីឡាករ Eric Garcia និង​ខ្សែ​បម្រើ​ហុល្លង់ Liverpool កីឡាករ Wijnadum ហើយ​ថែម​ទាំង​បរាជ័យ​ក្នុង​ការ​បញ្ចេញ​ខ្សែ​ប្រយុទ្ធ​ Osmane Dembele ចេញ​ទៅ Manchester United ទៀត​ផង​។

មជ្ឈដ្ឋាន​ជា​ច្រើន​យល់​ឃើញ​ថា Barcelona ឆ្នាំ​នេះ​ហេង​តែ​ម្យ៉ាង​គត់​គឺរក្សា​បាន​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi ឲ្យ​ត​នៅ​ជាមួយ​ក្លឹប តែ​ត្រូវ​លក់​ចេញកីឡាករ​ឆ្នើម​ៗ​ដូច​ជា Luis Suarez និង Ivan Rakitic ជា​ដើម។

Bayern Munich

ក្លឹប​អាល្លឺម៉ង់​មួយ​នេះ នៅ​តែ​ប្រមាញ់​យក​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ Callum Hodson Odoi ពី​ក្លឹប​ Chelsea មិន​បាន ខណៈ​ក្លឹប​យក្ស​ Bundesliga មួយ​នេះ​បាន​ប្រឹងប្រែង​អស់​ជាង ១ឆ្នាំ ២ ទៅ​ហើយ នេះ​បើ​តាម​ការ​និយាយ​តៗ​គ្នា​ពី​សំណាក់​អ្នក​សារព័ត៌មាន​បាល់ទាត់​ទ្វីប​អឺរ៉ុប។

Manchester United

មជ្ឈដ្ឋាន​តាម​ដាន​បាល់ទាត់​មួយ​ចំនួន​បាន​យល់​ឃើញថា ឆ្នាំនេះ​នៅ​តែ​ដូច​ឆ្នាំ​មុន បិសាច​ក្រហម​នៅ​តែ​មិន​អាច​ទិញ ខ្សែ​បម្រើ​ប្រយុទ្ធ​អង់គ្លេស Jordan Sacho ពី​ក្លឹប​ Borussia Dortmund ដោយ​សារ​តែ​រឿង​និយាយ​មិន​ត្រូវ​ថ្លៃ​គ្នា។

Manchester City

អំឡុង​ពេល​ដែល​ Messi ប្រកាស​ចាកចេញ​ពី​ក្លឹប​ មួយ​ទ្វីប​អឺរ៉ុប​ប្រកាស​សារភាព​ត្រង់​ៗ​ថា គ្មាន​លទ្ធភាព​យក​ Messi ចូល​ទេ ហេតុនេះ​មាន​តម្រុយ​ជា​ច្រើន​បោះ​ប្រ៊ីយ៉ុង​ថា Man City ជា​ទីតាំង​មួយ ដែល Messi លេង​បន្ទាប់។ ជា​អកុសល ថ្លៃ​ផ្ដាច់កុងត្រា​ជិត ១ពាន់​លាន​ដុល្លារ​អាមេរិក ចង​ជើង​ Messi ជាប់ទៅ​ហើយ ដែល​បណ្ដាល​ឲ្យ​កីឡាករ​រូប​នេះ​បន្ត​លេង​នៅ Barca ១រដូវ​កាល​ទៀត​៕

ប្រិយ​មិត្ត​គិត​ថា ក្លឹប​ណា​ស៊យ​ជាង​គេ​ក្នុង​ឆ្នាំ​នេះ?

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់