• 2020-09-07 13:46:19
  • បាល់ទាត់

តារា​ Man Utd និង Man City រង​ការ​រិះគន់​ ក្រោយ​អញ្ជើញ​នារី​ឡើង​សណ្ឋាគារ

  • 2020-09-07 13:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Manchester United កីឡាករ Mason Greenwood និង​ខ្សែ​បម្រើ Manchester City កីឡាករ Phil Foden កំពុង​តែ​រង​សម្ពាធ​ពី​ខាង​ថ្នាក់​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស​ ក្រោយ​ពេល​បែក​ធ្លាយ​វីដេអូ Snapchat ដោយ​មាន​ឮ​សំឡេង​នារីៗ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​របស់​ខ្លួន ក្រោយ​ពេល​ប្រកួត​ឈ្នះ​អ៊ីស្លង់​ក្នុង​លទ្ធផល ១-០។

សារព័ត៌មាន​អ៊ីស្លង់ DV បាន​ចុះ​ផ្សាយ​ថា កីឡាករ​ទាំង​ពីរ​រូប​នេះ​បាន​អញ្ជើញ​នារី​អ៊ីស្លង់​ ២រូប ទៅ​កាន់​បន្ទប់​សណ្ឋាគារ​របស់​ខ្លួន ហើយ​នារី​ម្នាក់​បាន​ថត​វីដេអូ​រួច​បង្ហោះ​ក្នុង​បណ្ដាញ Snapchat។

ក្រោយ​មាន​បែក​ធ្លាយ​រឿង​បែប​នេះ នារី​ម្នាក់​បាន​លើកឡើង​ថា ខ្លួន​បាន​ទាក់ទង​កីឡាករ​ម្នាក់ ក្នុង​ចំណោម​តារា​មក​ពី​ក្រុង Manchester ទាំង​ពីរ​រូប​នេះ។

ជំនួប​ឯកជន​បែប​នេះ​តាម​ធម្មតា​មិន​ទាស់​ខុស​អ្វី​ទេ តែ​ក្នុង​សម័យ​កូវីដ-១៩​នេះ កីឡាករ​ក្រុម​ជម្រើស​​ជាតិ​អង់គ្លេស​បាន​រួច​ផុត​ពី​បទបញ្ជា​ក្នុង​ការ​ដាក់​ចត្តាឡីស័ក ១៤ថ្ងៃ​នៅ​អ៊ីស្លង់ ក៏​ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ត្រឹម​តែ​ទៅ​ហាត់ ហើយ​ទៅ​ប្រកួត​ប៉ុណ្ណោះ ខណៈ​ការ​ប្រាស្រ័យ​ទាក់ទង​អនុញ្ញាត​តែ​មនុស្ស​ក្នុង​បញ្ជី (ក្រុម​គ្រូ​បង្វឹក បុគ្គលិក​អ្នក​រៀបចំ​ការ​ប្រកួត...) ហើយ​សូម្បី​តែ​សមាជិក​គ្រួសារ​ក៏​ហាមឃាត់​មិន​ឲ្យ​ទាក់ទង​ដែរ​អំឡុង​ពេល​ធ្វើ​ដំណើរ​បែប​នេះ។

ក្នុង​ពេល​អម្បាញ់មិញ​នេះ​ដែរ គ្រូ​បង្វឹក​អង់គ្លេស​លោក Gareth Southgate បាន​ឲ្យ​ដឹង​ថា កីឡាករ​ទាំង​ពីរ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ ហើយ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​ប្រទេស​អង់គ្លេស​វិញ ដោយ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដាណឺម៉ាក ជាមួយ​ក្រុម​ទាំង​មូល។ លោក​ក៏​បាន​បន្ត​ថា កីឡាករ​ទាំង​ពីរ​នេះ​ក៏​បាន​សុំទោស​រួច​ហើយ​ដែរ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់