• 2020-09-02 03:01:13
  • ប្រដាល់

ឯម​ សុធី​ ប្រកួត​បែក​៣១ថ្នេរ​ មិន​ហ៊ាន​ទៅ​ស្រុក​ជួប​ម្ដាយ​ទេ​ខ្លាច​ពិបាក​ចិត្ត​បន្ថែម​

  • 2020-09-02 03:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ក្លឹប​និរោធមានជ័យ​ ឯម​ សុធី​ ថា​មាន​របួស​បែក​ ៣១ថ្នេរ​នេះ​ហើយ​លែង​ហ៊ាន​ទៅ​ជួប​ម្ដាយ​នៅ​ស្រុក​កំណើត​ហើយ​ ព្រោះ​ខ្លាច​ម្ដាយ​រឹតតែ​ពិបាក​ចិត្ត​ និង​​ឈឺ​ថែម​ទៀត។​

របួស ឯម សុធី

នេះ​បើ​តាម​លោក​ ឯម​ វុត្ថា​ ដែល​គ្រូ​បង្វឹក​របស់​ ឯម​ សុធី​ បាន​ឲ្យ​ដឹង​ថា​ ម្ដាយ​របស់​កូន​សិស្ស​ខ្លួន​រូប​នេះ​គឺ​កំពុង​តែ​មាន​ជំងឺ​នៅ​ឯ​ស្រុក​កំណើត​ផង​ដែរ។​ ឯម​ សុធី​ មួយ​រយៈ​ពេល​គឺ​ប្រឹង​ប្រកួត​ដើម្បី​យក​ថវិកា​ទៅ​ជួយ​ព្យាបាល​ម្ដាយ​ ប៉ុន្តែ​១ប្រកួត​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​មាន​របួស​ធ្ងន់​ដេរ​ច្រើន​ថ្នេរ​ទៅ​ហើយ។​

ឯម សុធី

គ្រូ​បង្វឹក​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ឯម​ សុធី​ មាន​របួស​ដេរ​៣១ថ្នេរ​បែប​នេះ​រូប​គេ​មិន​ហ៊ាន​ទៅ​ស្រុក​ជួប​មុខ​ម្ដាយ​នោះ​ទេ​ ព្រោះ​ខ្លាច​ពេល​ម្ដាយ​ឃើញ​ស្ថានភាព​ខ្លួន​នៅ​ពេល​នេះ​នឹង​មាន​ការ​ពិបាក​ចិត្ត​បន្ថែម​ វា​ប៉ះពាល់​ដល់​ជំងឺ​ដែល​កំពុង​មាន​ស្រាប់​ ដូច្នេះ​នៅ​ទ្រាំព្យាបាល​ខ្លួន​ឲ្យ​ជា​សិន​បាន​ទៅ។​

រំលឹក​ដែរ​ថា​ អ្នក​លេង​គុន​ខ្មែរ​ ឯម​ សុធី​ បាន​មាន​របួស​បែក​ ៣១​ថ្នេរ​ នៅ​ពេល​ដែល​យក​ឈ្នះ​កីឡាករ​ វៀត​ ប៊ុនឌឿន​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៩​ ខែ​សីហា​ ឆ្នាំ​២០២០​ នៅ​ឯ​សង្វៀន​បាយ័ន។​ សុធី​ ជា​សិស្ស​គុន​មក​ពី​ក្លឹប​និរោធនមានជ័យ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់