• 2020-08-06 02:16:40
  • បាល់ទាត់

ទី​បំផុត ​សុបិន​អាក្រក់ ​Sanchez ​នៅ Man Utd ​បាន​ដល់​ទី​បញ្ចប់​ហើយ​

  • 2020-08-06 02:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Alexis Sanchez ​អាច​ចាកចេញ​ពី​ទឹក​ដី Old Trafford ​ដើម្បី​ចូល​រួម​ជាមួយ​ក្រុម Inter Milan ​បាន​ហើយ ​ដោយ​មិន​មាន​តម្លៃ​ខ្លួន​អ្វី​ទាំង​អស់ ​បើ​ទោះ​ជា​សល់​កុងត្រា​២​ឆ្នាំ​ទៀត​ក៏​ដោយ។

​ក្រុម​បិសាច​ក្រហម​បាន​ដាក់ Sanchez ​ឱ្យ Inter Milan ​ខ្ចី​ជើង​កាល​ពី​រដូវ​កាល​មុន​នេះ។ ​ឆ្លង​កាត់​១​រដូវ​កាល​មក​នេះ ​ក្រុម​របស់​លោក Conte ​មើល​ឃើញ​ថា​សមត្ថភាព​របស់​កីឡាករ​ឈីលី​នេះ​ល្អ ​ហើយ​អាច​ចុះ​កុងត្រា​យក​បាន ​តែ​ត្រូវ​កាត់​បន្ថយ​ប្រាក់​ឈ្នួល។ ​ប្រសិន​បើ​មិន​ធ្វើ​ដូច្នេះ​ទេ ​នោះ​ពួកគេ​នឹង​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រលប់​មក​អង់គ្លេស​វិញ។

​សម្រាប់ Man Utd ​វិញ ​លែង​ត្រូវ​ការ​កីឡាករ​មាន​ប្រាក់​ឈ្នួល ៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​នេះ​ទៀត​ហើយ ពោល​គឺ​ធ្វើ​យ៉ាង​ណា​សារ៉េ​ចេញ​ឱ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ ​ក្រោយ​ពី​ក្លឹប​ទាំង​ពីរ​ចរចា​គ្នា​ជា​​យូរ​មក​នោះ ​លទ្ធផល​ក៏​បាន​ចេញ​មក​ថា Sanchez ​ត្រូវ​បាន Inter Milan ​ទិញ​យក​ពី Man Utd ​ហើយ ​ដោយ​គ្មាន​តម្លៃ​ខ្លួន​អ្វី​ទាំង​អស់ ​ទោះ​សល់​កុងត្រា​២​ឆ្នាំ​នៅ Old Traffod ​ក៏​ដោយ។

​ការ​ធ្វើ​បែប​នេះ Man Utd ​នឹង​ចំណេញ​ត្រង់​មិន​ចំណាយ​ប្រាក់​ឈ្នួល ៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​ទៅ​ឱ្យ Sanchez ​ខណៈ​ដែល​ពួកគេ​លែង​ត្រូវ​ការ​ទៅ​ហើយ។ ​ក្រឡេក​ទៅ​មើល Inter Milan ​វិញ ​អាច​បាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឈីលី​ម្នាក់ ​តែ​ក៏​ត្រូវ​ចំណាយ​ប្រាក់​ឈ្នួល​ល្មម​ឱ្យ​ទៅ​គេ​ដែរ។ ប្រភព​នៅ​អ៊ីតាលី ​បាន​បញ្ជាក់​ថា Sanchez ​ដើម្បី​បាន​ចាកចេញ​ពី Man Utd ​នេះ ​រូបគេ​ព្រម​ទទួល​ប្រាក់​ឈ្នួល​ត្រឹម​តែ ១៣០ ០០០​ផោន​ប៉ុណ្ណោះ​ក្នុង​១​សប្ដាហ៍​៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់