• 2020-06-09 01:33:57
  • បាល់ទាត់

សំ វណ្ណនិត៖ ផល​ពិបាក​​សម្រាប់​ខ្ញុំ គឺ​កាយសម្បទា​តូច​ល្អិត

  • 2020-06-09 01:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន សំ វណ្ណនិត កំពុង​ប្រកប​អាជីព​នៅ​លីគ​កំពូល​កម្ពុជា​ជាមួយ​ក្លឹប​នគរបាល​ជាតិក្នុង​តំណែង​ជា​ខ្សែ​ការពារ។ កីឡាករ​​មក​ពី​ខេត្ត​កោះកុងបាន​បង្ហើប​ថា កាយសម្បទា​តូច​ល្អិត ជា​គុណវិបត្តិ​​សម្រាប់​រូបគេក្នុង​ការ​ប្រជែង​យក​ជម្រើស​១១​នាក់​ដំបូង។

សំ វណ្ណនិត (លេខ២០)-រូបភាពរបស់ក្លឹបនគរបាលជាតិ

អតីត U16 ប្រចាំ​ខេត្ត​កោះកុង​ ពន្យល់​ថា ៖«ផល​ពិបាក​​សម្រាប់​ខ្ញុំ ទី១​​កាយសម្បទា​តូច​ល្អិត​អ៊ីចឹង​ទៅ​ យើង​ពិបាក​ប្រជែង​យក​ជម្រើស​១១​នាក់ យើង​ត្រូវ​ទាមទារ​សមត្ថភាព​​ខ្ពស់​លើស​ អ្នក​មាន​កាយ​សម្បទា​ខ្ពស់​ធំ​ជាង​យើង »។

ទោះបីជា​ពិបាក​ក្នុង​ការ​ប្រជែង ប៉ុន្តែ​កីឡាករ​កម្ពស់ ១,៦៤​ម៉ែត្រ ទម្ងន់ ៥៥គីឡូក្រាម បាន​ប្ដេជ្ញា​ហ្វឹកហាត់​ឱ្យ​​ខ្លាំង ដើម្បី​បង្ហាញ​ឱ្យ​គ្រូ​បង្វឹក​បាន​ឃើញ និង​មាន​ឱកាស​លេងលើ​ទីលាន។

ឆ្នាំ​២០១៤ សំ វណ្ណនិត ធ្លាប់​ធ្វើតេស្ត​ជាប់​នៅ​សាលា​បាល់ទាត់​បាទី ប៉ុន្តែ​ដោយ​គេ​មាន​អាយុ​លើស ទើប​មិន​បាន​លេង​នៅ​ទី​នោះ និង​សម្រេច​ចិត្ត​រក​ក្លឹប​លេង ​នៅ​ភ្នំពេញ ដោយ​ធ្វើតេស្ត​ជាប់ U17 របស់​បឹងកេត ហើយ​ឆ្នាំ​២០២០២​នេះ គេ​ជា​កីឡាករ​របស់​ក្លឹប​នគរបាល​ជាតិ ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ ប្រាក់ សុវណ្ណារ៉ា។

ក្នុង​ការ​ប្រកួត​ដណ្ដើមពានរង្វាន់​លីគកំពូល​កម្ពុជា MCL ដំណើរការ​បាន​៥​សប្ដាហ៍​ហើយ ប៉ុន្តែ​ខ្សែការពារវ័យ២៣ឆ្នាំ មិនទាន់បានលេងមួយប្រកួតឡើង មុនពេលលីគត្រូវបានផ្អាកជាបណ្ដោះអាសន្ន ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩ កាលពីដើមខែមីនា ឆ្នាំ២០២០។

លីគកំពូលកម្ពុជានឹងចាប់ផ្ដើមឡើងវិញ​ពីថ្ងៃទី០៤ និងទី០៥ ខែ​កក្កដា ប៉ុន្តែ​ត្រូវ​លេង​បិទទ្វារ​គ្មាន​អ្នកគាំទ្រ។ ជើង​ទី​១​ នឹង​ធ្វើ​ឡើង​បន្ត​ពី​សប្ដាហ៍​ទី​៦ ហើយ​​គ្រោង​បញ្ចប់​ថ្ងៃ​ទី​១២ និង​១៣ ខែ​កញ្ញា ខណៈ​ជើង​ទី​២ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ដល់ ២៤-២៥ ខែ​តុលា។

ចំណែក​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន នឹង​​​ចាប់​ផ្ដើម​ថ្ងៃ​ទី៣០ និង​ថ្ងៃទី០១ ខែ​មិថុនា ដល់ថ្ងៃទី២៩ ខែ​កក្កដា​ សម្រាប់​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ជាតិនឹងធ្វើឡើង​ពី​ថ្ងៃ​ទី១២-១៣ ខែ​សីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២០៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់