• 2020-05-06 04:43:11
  • បាល់ទាត់

Messi បឹងកេត​បង្ហើប​មិត្តរួមក្រុម​៣​រូប​​នេះ លេង​ត្រូវ​ជាមួយ​ខ្លួន​ជាងគេ

  • 2020-05-06 04:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង ម៉ាត់ នូរុណ បាន​បង្ហើប​ប្រាប់ Sabay ថា​កីឡាករ​បឹង​កេត​បីរូប​គឺ ចាន់ វឌ្ឍនាកា សៀង ចន្ធា និង លី មីហ្សាន លេង​ត្រូវ​ជាមួយ​គេ​ជាងគេ បើ​ធៀប​នឹង​កីឡាករ​ផ្សេងទៀត។

កីឡាករ​រហស្សនាម Messi បាន​ពន្យល់​ថា ៖«ការ​លេង​ត្រូវ​គ្នា ដោយសារ​យើង​ហាត់​ជាមួយ​គ្នា លេង​ជាមួយ​គ្នា អ៊ីចឹង​យើង​អាច​យល់​ចិត្ត​គ្នា​ច្រើន»។

ចំណុច​សំខាន់​ផ្សេងទៀតនោះ អតីត​យុវជន​ថ្នាល​ក្លឹប​ភ្នំពេញ​ក្រោន បាន​ឱ្យ​ដឹង​​ពួកគេ​ទាំង​បី​មាន​បច្ចេកទេស​ល្អ ការ​យល់​ដឹង​លើ​ទីលាន​ច្រើន ដែល​ធ្វើ​ឱ្យ​រូបគេ​​ងាយ​សម្រប​ខ្លួន​តាម​ និង​​​លេង​​ឆាប់​យល់​ចិត្ត​គ្នា។

បើ​និយាយ​ពី លី មីហ្សាន អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​អគ្គិសនី​កម្ពុជា មើល​ឃើញ​​ខ្សែ​បម្រើកណ្ដាល​​រូប​នេះ មាន​បច្ចេកទេស​ល្អ​ទាំង​ជំហរ​​គ្រប់គ្រង និង​បញ្ជូន​បាល់។

ម៉ាត់ នូរុណ បន្ថែម៖ «ចំពោះ​ភាព​វ័យ​ឆ្លាត​របស់​គាត់ គឺ​ការ​បញ្ជូន​បាល់ និង​គ្រប់​គ្រង​បាល់។ ការ​គ្រប់គ្រង​បាល់​របស់​គាត់ គឺ​អត់​ឱ្យ​ខូច​ងាយ​ៗ​ទេ។ បើ​ការ​បញ្ជូន​បាល់​ក៏​ច្បាស់​ល្អ ហើយ​តំបន់​ហ្នឹង​គេ​ត្រូវ​ការ អ្នក​បញ្ជូន​បាល់​ច្បាស់ គាត់​លេង​តំណែង​ហ្នឹង​ គឺ​ស័ក្ដិសម​នឹង​គាត់​មែន​ទែន​»។

លី មីហ្សាន បងប្រុស លី វ៉ាហេដ

ម៉ាត់ នូរុណ ជា​អតីត​​​យុវជន​​ថ្នាល​ភ្នំពេញក្រោន ចាប់​តាំង​ពី​ឆ្នាំ​២០១៣ និង​បាន​​ទៅលេង​ឱ្យ​អគ្គិសនី​កម្ពុជា​នៅ​ឆ្នាំ​២០១៦ មុន​បឹង​កេត​ទិញ​យក​នៅ​ឆ្នាំ​២០១៩ និង​បាន​ពាក់​អាវ​លេខ​១០ ជំនួស​​​កីឡាករ​ប្រេស៊ីល Maycon Calijuri ដែលចប់កុងត្រា ប៉ុន្តែ​​រូប​គេ​មិន​បាន​លេង​ទេ ព្រោះ​មាន​របួស ACL។

ចំណែក​ឆ្នាំ​​២០២០​​ Messi បាន​លេង​ជម្រើស​១១​នាក់​ដំបូង ៣​ប្រកួត និង​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​បាន​១គ្រាប់ ក្នុង​ជំនួប​​បឹងកេត ១-១ ជាមួយ​អង្គរ​ថាយហ្គឺរ កាល​ពី​សប្ដាហ៍​ទី១។ យ៉ាងណារូប​គេ​បាន​រង​របួស​ជា​ថ្មី ក្នុង​​ការ​ប្រកួត​បឹងកេត ១-១ ជាមួយ​ណាហ្គា​វើលដ៍ នៃ​​​ការ​​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជាសប្ដាហ៍​ទី​៣​ នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែវេបឹងស្នោរ។ ​​របួស​​សន្លាក់​របស់​គេ នៅ​មិន​ទាន់​ជា​ ១០០%​ឡើយ ប៉ុន្តែ​គេ​សង្ឃឹម​នឹង​អាច​លេង​បាន ពេល​បាល់​ទាត់​ត្រឡប់​មក​វិញនាពេល​​ខាង​មុខ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់