• 2020-04-22 08:11:34
  • បាល់ទាត់

ចាន់ សុភា បង្ហើប​ថា​ណាហ្គា​ជួយ​ឱ្យ​​ខ្លួន​ជាប់​ជម្រើស​ជាតិ U18 កម្ពុជា

  • 2020-04-22 08:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ការពារ ចាន់ សុភា បាន​បង្ហើប​ឱ្យ​ដឹង​ថា រូប​គេ​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា នៃ​ពានរង្វាន់ AFF U-18 Youth Championship ឆ្នាំ​២០១៩ ក៏​ព្រោះ​តែ​កម្លាំង​ចិត្ត​ផ្ដល់​ដោយ​ក្លឹប​ណាហ្គា​វើលដ៍។

រូបភាពណាហ្គាវើលដ៍

តាម​សម្ដី​​​អតីត​កីឡាករ​ក្លឹបវេសស្ទឺន​ភ្នំពេញ និង​អគ្គិសនី​កម្ពុជា ណាហ្គា​ជា​ក្លឹប​ធំ​មួយ​នៅ​លីគកំពូល​កម្ពុជា ដែល​ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង ហេតុ​នេះ​ទើប​ជំរុញ​ឱ្យ​គេ​ខិត​ខំ​ហ្វឹកហាត់។

សុភា បញ្ជាក់ ៖«ខ្ញុំជាប់​ជម្រើស​ជាតិ U18 ហ្នឹង​ដោយ​សារ​​ណាហ្គា ដែល​ផ្ដល់​ឱកាស ជំរុញ​ឱ្យ​ខ្ញុំ​ខ្លាំង ព្រោះ​ណាហ្គា​ជា​ក្លឹប​មួយ​មាន​ការ​​ប្រកួត​ប្រជែង​ខ្លាំង ធ្វើ​ឱ្យ​ខ្ញុំ​ខំប្រឹង​ហាត់​ខំ​ប្រឹង​ប្រជែង ឱ្យ​ខ្ញុំ​យក​ឈ្មោះ U18 បាន»។

ពានរង្វាន់ AFF U-18 Youth Championship ឆ្នាំ​២០១៩ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម។ ឆ្លងកាត់​៥​ប្រកួត​វគ្គចែកពូល B កម្ពុជា ចាញ់ ៣ ឈ្នះ ២ ពោលគឺឈ្នះជាប្រវត្តិសាស្រ្តទៅលើ​ U18 ថៃ ៤-៣ និង​ U18 វៀតណាម ២-១។ សម្រាប់ជើងឯកនៃពានរង្វាន់នេះ គឺបាន​លើអូស្ត្រាលី (៥សម័យកាល) លេខ២បានលើម៉ាឡេស៊ី លេខ៣បានលើឥណ្ដូណេស៊ី និងលេខ៤បានលើមីយ៉ាន់ម៉ា។

គួរ​បញ្ជាក់​ថា ចាន់ សុភា បាន​​ចូល​រួម​ជាមួយ​ណាហ្គា​វើលដ៍​នៅ​ឆ្នាំ​២០១៩ ក្រោយ​ក្លឹប​របស់​គេ វេសស្ទឺន​ភ្នំពេញ ប្រកាស​ផ្អាក​សកម្មភាពនៅ​ឆ្នាំ​ដដែល​។ អតីត​យុវជន​​អាយុ​ក្រោម​១៧​របស់​បឹងកេត លេង​ឱ្យ​ណាហ្គា​បាន​៥​ប្រកួត គឺ​ពាន​សម្ដេច ហ៊ុន សែន ២​ដង​និង​លីគកំពូល​កម្ពុជា ៣​ដង ចំណែក​រដូវ​កាល​ឆ្នាំ​២០១៩-​២០២០​នេះ គេ​មិន​ទាន់​ត្រូវ​បាន​​គ្រូ​បង្គោល​លោក មាស ចាន់ណា ដាក់​ឱ្យ​លេង​នៅ​ឡើយ​ទេ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់