• 2020-03-08 06:59:35
  • បាល់ទាត់

សៀង ចន្ធា រកបាន២គ្រាប់​ដំបូង ជួយបឹងកេតឈ្នះនគរបាលជាតិ ៣-០

  • 2020-03-08 06:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ សៀង ចន្ធា រក​បាន២​គ្រាប់​ដំបូងរបស់ខ្លួនហើយ ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លីគកំពូល​កម្ពុជា ឆ្នាំ​២០២០ ក្នុងជំនួបបឹងកេតឈ្នះនគរបាលជាតិ ៣-០ នៃសប្ដាហ៍​ទី​៤កាល​ពី​ម្សិលមិញ​នេះ។

កីឡាករ សៀង ចន្ធា កណ្ដាល
កីឡាករ ឱ ភារុណ (រូបភាពបឹងកេត)

ក្នុង៣ប្រកកួត​កន្លង​មក ចន្ធា ធ្វើបានល្អណាស់ ប៉ុន្តែពុំមានឱកាសរកគ្រាប់បាល់ឡើយ រហូតដល់ការប្រកួតសប្ដាហ៍ទី៤ តទល់ជាមួយក្លឹបបាល់ទាត់នគរបាលជាតិ ទើបរូបគេ​អាច​រកបាន ២ គ្រាប់ម្នាក់ឯង នៅនាទី ៦៤ និង ៨១ ក្រោយទទួលបានបាល់ Assist ​ពី​កីឡាករ Gopane ទាំងពីរលើក។

គ្រាប់បាល់​២គ្រាប់ របស់ខ្សែប្រយុទ្ធមុតស្រួចរូបនេះ កើតឡើងបន្ទាប់ពីលោកគ្រូ Apisit Im-Amphai ប្រើតិកនិកលេងថ្មីដោយដាក់ឱ្យ សៀង ចន្ធា លេងជាខ្សែប្រយុទ្ធចំតួរយៈពេល៣០នាទីចុងក្រោយ ខណៈ៣ប្រកួតមុនរូបគេលេងនៅតំបន់ស្លាប។

គ្រូបង្គោលបឹងកេតបានឱ្យបែបនេះ ៖«​​ចន្ធាលេង​បាន​ល្អ​ណាស់។ រូប​គេ​លេង​ស្លាប​ក៏​ល្អ លេង​ប្រយុទ្ធ​ក៏​ល្អ។ ខ្ញុំ​បាន​ប្ដូរ​តាក់ទិក ឲ្យ​គេ​លេង​ប្រយុទ្ធ​ចំ​តួ​​។ គេ​លេង​បាន​ល្អ»។

ចំណែក​កីឡាករ ឱ ភារុណ ក៏ធ្វើបានល្អដែរ ដោយរូបគេរកបានគ្រាប់​បាល់ទីមួយ និងដំបូងនៅនាទីទី១៥ ឱ្យបឹងកេតក្នុងរដូវកាល​ថ្មី​នេះ។

ភារុណ បានឱ្យដឹង​ថា ៖«ខ្ញុំសប្បាយចិត្ត ព្រោះវាជាគ្រាប់ដំបូងរបស់ខ្ញុំ ក្នុងរដូវកាលថ្មីនេះ តែយ៉ាងណាខ្ញុំនឹងខំប្រឹងបន្ថែមទៀត ព្រោះឱកាសលេងរបស់ខ្ញុំមានតិច អញ្ចឹងខ្ញុំនៅមានចំណុចខ្វះខាតច្រើនដែលត្រូវបន្ថែម»។

ចប់ការប្រកួតក្រុមម្ចាស់ផ្ទះបឹកកេតយកឈ្នះ ៣-០ លើក្រុមភ្ញៀវនគរបាលជាតិ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់