• 2020-03-05 02:40:21
  • ប្រដាល់

ជើង​ខ្លាំង​មក​ពី​កោះកុង​ សែន​ រ៉ាដេត​ នឹង​ឡើង​សង្វៀន​ជា​លើក​ទី២​ នៅ​ PNN ​ថ្ងៃ​អាទិត្យ​នេះ​

  • 2020-03-05 02:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​វ័យ​ក្មេង​ សែន​ រ៉ាដេត​ នឹង​ឡើងប្រកួត​លើកទី២​របស់​ខ្លួន​នៅ​សង្វៀន​ PNN ​ថ្ងៃ​អាទិត្យ​នេះ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​ជា​មួយ​អ្នក​លេង​គុន​ថៃ​ អប់សែ។​

សែន រ៉ាដេត ប្រកួត​សប្ដាហ៍​មុន

បន្ទាប់​ផ្អាក​ប្រកួត​រយៈ​ប្រហែល​៣ឆ្នាំ​មក​នេះ​ អ្នក​ប្រដាល់​សាច់​ស​ល្អ​គ្រប់​ក្បាច់​ខាង​លើ​នេះ​បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​បាន​១ប្រកួត​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​នៅ​លើ​សង្វៀន​ CNC ។​ នៅ​ថ្ងៃ​អាទិត្យ​ទី៨​ ខែ​មីនា​ ២០២០​ រូប​គេ​នឹង​ត្រូវ​ប្រកួត​កម្ដៅ​សាច់ដុំ​ជា​ថ្មី​ទៀត​នៅ​ PNN ។​

សែន រ៉ាដេត ប្រកួត​សប្ដាហ៍​មុន

នៅ​ប្រកួត​ទី១​ របស់​ រ៉ាដេត​ សប្ដាហ៍​មុន​នេះ​គឺ​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​សរសើរ​ថា​រូប​គេ​នៅ​បង្ហាញ​ទម្រង់​វ៉ៃបាន​ល្អ​ប្រហែល​ពី​មុន​ដែរ​ ប៉ុន្តែ​មួយ​ចំនួន​ក៏​លើក​ឡើង​ថា​សមត្ថភាព​មិន​ទាន់​ដូច​មុន​ ឬ​ល្អ​ដូច​មុននៅ​ឡើយ​ទេ​ ដូច​ជាការ​ចូល​ចាប់​ជា​ដើម។​ យ៉ាង​ណា​មិញ​ ម្ចាស់​ខ្លួន​ក៏​បាន​ឲ្យ​ដឹង​តាម​បណ្ដា​សារព័ត៌មាន​ខ្លះៗ​ដែរ​ថា​ រូប​គេ​នៅ​មិន​ទាន់​ល្អ​ ឬ​ស្ទាត់​ដូច​មុន​ទេ​ ការ​ចេញ​កណ្ដាប់​ដៃ​ក៏​មិន​ទាន់​បាន​ល្អ​ ការ​ចាប់​លេង​ជង្គង់​ក៏​អញ្ចឹង​ដែរ។​ រ៉ាដេត​ បញ្ជាក់​ថា​នឹង​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត។​

រូបភាពលើ​ផេក PNN Sport

រំលឹក​ដែរ​ថា​ សង្វៀន​ប្រដាល់​របស់​ PNN​ ដែល​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​អាទិត្យ​ និង​កំពុង​លេង​ខ្សែក្រវាត់​ប្រាក់ ​ខ្សែក្រវាត់​មាស​នោះ​បាន​ទុក​ឲ្យ​កីឡាករ​ដែល​ជាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាក​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍សិន​ ហើយ​នឹង​បន្ត​ការ​ប្រកួត​វិញ​ថ្ងៃ​ទី១៥​ មីនា​ ២០២០។​ ដោយ​ឡែក​ខាង​រៀបចំ​កម្មវិធី​សប្ដាហ៍​នេះ​បាន​ដាក់​ សែន​ រ៉ាដេត​ ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​លេង​លេង​គុន​ថៃ​ អប់សែ​ លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម។​ ចំណែក​គូ​អន្តរជាតិ​មួយ​ទៀត​នោះ​ ហ៊ីម​ គីមរៀង​ ក៏​ត្រូវ​ប៉ះ​ថៃ​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់