• 2020-03-03 04:00:40
  • បាល់ទាត់

យុទ្ធនាការកីឡាដ៏ល្អសម្រាប់កុមារ SCG Kick & Share បានចាប់ផ្ដើមនៅខេត្តកំពតហើយ

  • 2020-03-03 04:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការហ្វឹកហ្វឺនកីឡាបាល់ទាត់ដ៏ល្អ SCG Kick & Share បានចាប់ផ្ដើមសកម្មភាពនៅខេត្តកំពតហើយ ដោយមានការចូលរួមយ៉ាងច្រើនពីកុមារាកុមារីជាង១០០នាក់ មកពីសាលារៀនមួយកន្លែងក្នុងស្រុកបន្ទាយមាស។

ព្រឹត្តិការណ៍ហ្វឹកហ្វឺនបាល់ទាត់ ដែលជាការសហការរវាងក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្រុមហ៊ុនអេសស៊ីជី ធ្វើឡើងក្នុងគោលបំណងបណ្ដុះស្មារតីស្រឡាញ់កីឡា ជាពិសេសកីឡាបាល់ទាត់នៅក្នុងចំណោមកុមារអាយុក្រោម ១២ឆ្នាំ។

កុមារា បន បញ្ញា ដែលបានចូលរួមនៅក្នុងសកម្មភាពហ្វឹកហ្វឺនបាល់ បាននិយាយថា រូបគេមានសេចក្ដីរំភើបរីករាយណាស់ ដែលបានរៀនតិចនិកខ្លះៗពីកីឡាករអាជីព ព្រោះរូបគេចូលចិត្តលេងបាល់ទាត់នៅសាលា។

កុមារា បញ្ញា និយាយថា «ទៅថ្ងៃអនាគត ខ្ញុំក៏ចង់ក្លាយជាកីឡាករបាល់ទាត់មួយរូបដែរ»។

លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានលើកឡើងថា ភ្នំពេញក្រោន និងអេសស៊ីជី មានគោលដៅរួមមួយ ក្នុងការប្រើប្រាស់រូបភាពកីឡា ដើម្បីបញ្ជូនសារទៅកាន់កុមារ និងយុវជន។

លោក លី ហៀង បានអោយដឹងដូច្នេះ ៖«យើងជឿជាក់ថា កីឡានាំមកនូវសុខភាពល្អ ហើយក្មេងដែលឆ្លាត គឺក្មេងដែលមានសកម្មភាពច្រើន និងសកម្ម។ សារនៅថ្ងៃនេះ គឺថាតាមរយៈកីឡា តាមរយៈភ្នំពេញក្រោន យើងចង់ធ្វើជាគំរូល្អមួយដល់ក្មេងៗ»។

ចំណែកលោក សន សីហា នាយកផ្នែករ៉ែរបស់អេសស៊ីជី បានលើកឡើងថា នេះផ្នែកមួយនៃទំនួលខុសត្រូវសង្គមចំពោះសហគមន៍ ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្លិបបាល់ទាត់ ភ្នំពេញក្រោន ដើម្បីលើកកម្ពស់កីឡានៅក្នុងសហគមន៍ តាមរយៈកម្មវិធីមួយ ឈ្មោះថា ‘SCG Kick & Share’។

លោក សន សីហា ប្រាប់ថា ៖«យើងចង់ឲ្យកុមារនៅក្នុងសហគមន៍របស់យើងមានស្មារតីចេះស្រឡាញ់កីឡា។ យើងចង់ឲ្យក្មេងៗជំនាន់ក្រោយ ធ្វើរឿងល្អៗសម្រាប់សង្គម និងជៀសវាងគ្រឿងញៀនដាច់ខាត»។

កុមារាកុមារីប្រមាណជាង១០០នាក់ បានចូលរួមសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ជាមួយកីឡាករពួកគេចូលចិត្ត មកពីក្លឹបភ្នំពេញក្រោន ដែលក្នុងនោះរួមមានកីឡាករលេចធ្លោ អន ចាន់ប៉ូលីន និងកីឡាករ និងសឿត បារាំង។

កីឡារទាំងពីររូបផ្ញើសារដូចគ្នា ទៅដល់កុមារដែលបានចូលរួម «ចូរយើងលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព និងជៀសវាងគ្រឿងញៀនឲ្យបានដាច់ខាត»។

SCG Kick & Share ធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ គិតមកទល់នឹងពេលនេះ មានសិស្សានុសិស្សជាច្រើនពាន់នាក់ នៅតាមបណ្ដាខេត្តមួយចំនួន បានទទួលបទពិសោធន៍ ពីសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ទាំងនេះ។ កម្មវិធីនេះអាចរួមចំណែកគាំទ្រដល់កុមារដែលស្រឡាញ់កីឡាករបាល់ទាត់ អាចសម្រេចក្ដីសុបិនរបស់ពួកគេ ដើម្បីក្លាយខ្លួនជាតារាបាល់ទាត់ នៅពេលអនាគត។

សម្រាប់​ឆ្នាំ​២០២០នេះ ក្រៅ​ពី​ខេត្ត​កំពត សកម្មភាពហ្វឹកហ្វឺនបាល់ទាត់ ‘SCG Kick & Share’ នឹង​បង្ហាញ​ខ្លួននៅ​កន្លែង​ពីរ​ទៀត គឺ​ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់