• 2019-07-09 07:12:13
  • ប្រវត្តិ​​

បង្កើត​៦៣​ឆ្នាំ​ ពាន​ Ballon d'Or មាន​អ្នក​ចាំ​ទី​ឈ្នះ​តែ​ម្ដង​គត់​

  • 2019-07-09 07:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ballon d'Or គឺ​ពាន​រង្វាន់​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ពិភព​បាល់ទាត់​ដែល​ផ្ដល់​ឲ្យ​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ហើយ​វា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី​បារាំង​ France Football។

Lev Yashin

ពាន​រង្វាន់​បុគ្គល​ខាង​លើ​បង្កើត​ឡើង​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៥៦​គិត​មក​ទល់​ពេល​នេះ​មាន​អាយុ​៦៣​ឆ្នាំ​ហើយ។​ Cristiano Ronaldo និង​ Lionel Messi គឺ​ជា​កីឡាករ​តែ​២​នាក់​គត់​ដែល​ធ្លាប់​ឈ្នះ​ច្រើន​ជាង​គេ​គឺ​ម្នាក់​៥​ដង​ តាម​ពី​ក្រោយ​ដោយ​វីរបុរស​ Michel Platini​, Johan Cruyff និង​ Marco van Basten ដែល​ធ្លាប់​ឈ្នះ​ម្នាក់​៣​ដង។

យ៉ាង​ណា​តាម​ការ​សង្កេត​ឃើញ​ថា​ Ballon d'Or មាន​កីឡាករ​ឈ្នះ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ខ្សែ​ប្រយុទ្ធ​ និង​បម្រើ​ ខណៈ​ខ្សែ​ការពារ​មាន​តិច​មែនទែន​ រីឯ​អ្នក​ចាំ​ទី​ទៀត​សោត​គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​វា​។​ អ្នក​ចាំ​ទី​ Lev Yashin របស់​សហភាព​សូវៀត​គឺ​ជា​អ្នក​ចាំ​ទី​ម្នាក់​គត់​ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​កាល​ពី​ឆ្នាំ​១៩៦៣។

កន្លង​មក​មាន​ការ​រិះគន់​ថា​ពាន​ Ballon d'Or បង្កើត​មក​សម្រាប់​ផ្ដល់​ឲ្យ​តែ​ខ្សែ​បម្រើ​ និង​ប្រយុទ្ធ​ប៉ុណ្ណោះ​ត្បិត​តួនាទី​លេង​២​នេះ​មាន​ឱកាស​រក​គ្រាប់​បាល់​ច្រើន​ រី​ឯ​ខ្សែ​ការពារ​ និង​អ្នក​ចាំ​ទី​វិញ​មិន​សូវ​មាន​គេ​ចាប់​អារម្មណ៍​ និង​អ្នក​នឹកនា​ដល់​នោះ​ឡើយ។​

កាល​ពី​ឆ្នាំ​២០១៤​ Manuel Neuer ដែល​ជា​តួអង្គ​សំខាន់​មួយ​រូប​ជួយ​ អាល្លឺម៉ង់​ឈ្នះ​ World Cup នៅ​ប្រេស៊ីល​នោះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​អ្នក​ចាំ​ទី​ដំបូង​ក្នុង​រយៈ​ពេល​ ៥១​ឆ្នាំ​ដែល​ឈ្នះ​ Ballon d'Or ប៉ុន្តែ​លទ្ធផល​ជាក់​ស្ដែង​ Ronaldo ទៅ​វិញ​ទេ​ដែល​ក្លាយ​ជា​ម្ចាស់​ពាន​ ខណៈ​ Neuer បាន​ត្រឹម​លេខ​៣។​

នៅ​ឆ្នាំ​២០១៩​នេះ​ មាន​ការ​ចាប់​អារម្មណ៍​លើ​អ្នក​ចាំ​ទី​ជា​បេក្ខភាព​ឈ្នះ​ Ballon d'Or សារ​ជា​ថ្មី​គឺ​ Alisson Becker ដែល​ឈ្នះ​ស្រោម​ដៃ​មាស​៣​ក្នុង​កម្មវិធី Premier League, Champions League និង​ Copa America។ Alisson រក្សាទី​ឬ​ Clean sheet ២១​ប្រកួត​ក្នុង​ចំណោម​៣៨​ប្រកួត​នៅ​លីគ​អង់គ្លេស ហើយ​នៅ​ Copa តាំង​ពី​វគ្គ​ចែក​ពូល​ដល់​ផ្ដាច់ព្រ័ត្រ​រូប​គេ​របូត​តែ​១​គ្រាប់​គត់​ដែល​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី​របស់​ប៉េរូ៕

ប្រភព៖ Wikipedia | UEFA អត្ថបទ៖ រ័ត្ន

មតិយោបល់