• 2019-06-24 03:33:00
  • ប្រដាល់

ធន់​ មករា​ បើ​ប្រើ​ទម្រង់​វ៉ៃ​ដូច​ម្សិលមិញ​នេះ​ ឡុង​ ជិន​ បែប​យ៉ាប់​ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​

  • 2019-06-24 03:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​មក​ពី​សមាគមក្រសួង​ការពារ​ជាតិ​ ធន់​ មករា​ ម្សិលមិញ​នេះ​បង្ហាញ​ទម្រង់​វ៉ៃ​យ៉ាង​ល្អ វ៉ៃ​ចេញ​ដោយ​បច្ចេកទេស​យក​ឈ្នះ​ថៃ​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ «អធិរាជ​គុន​ខ្មែរ​ ISI PALM»។​ ខណៈ​កីឡាករ​ថៃ​ អៃរ៉ា​ ម្នាក់​នេះ​មាន​ប្រវត្តិ​ប្រកួត​ជា​មួយ​ ឡៅ​ ចន្រ្ទា​ ផល​ សោភ័ណ្ឌ​ និង​ ចាន់​ រតនា​ ទៀត​ផង។​

មករា ប្រកួតកន្លងទៅ

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​ពិត​ជា​ខំប្រឹង​ខ្លាំង​មែនទែន​ ទម្រាំ​អាច​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ​ អៃរ៉ា​ ព្រោះ​ទាំង​បទ​ពិសោធ​ កម្រិត​សមត្ថភាព​ និង​វ័យ​គឺ​ច្រើន​ជាង​ មករា​ ទាំង​អស់។​ បើ​គិត​ទៅ​អ្នក​លេង​គុន​ថៃ​ខាង​លើ​នេះ​ មាន​ប្រវត្តិ​ប្រកួត​ជា​មួយ​ ឡៅ​ ចន្រ្ទា​ ផល​ សោភ័ណ្ឌ​ ចាន់​ រតនា​ និង​កីឡាករ​កម្ពុជា​មួយ​ចំនួន​ទៀត​ ខណៈ​ ធន់​ មករា​ ទើប​និង​ឡើង​សមត្ថភាព​ប៉ុណ្ណោះ​ ប៉ុន្តែ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​អាច​យក​ឈ្នះ​បាន។​

ឡុង ជិន ប្រកួតកន្លងទៅ

ធន់​ មករា​ ម្សិលមិញ​នេះ​គឺ​មាន​ចំណុច​ល្អ​ច្រើន​ ដូច​ជា​ភាព​រឹងមាំ​របស់​គេ​ ទោះ​រង​នូវ​ទម្ងន់​ជើង​របស់​ថៃ​ច្រើន​ និង​កណ្ដាប់​ដៃ​បែប​នេះ​ ប៉ុន្តែ​នៅ​តែ​អាច​តតាំង​និង​ស្វែង​រក​ជ័យជម្នះ​បាន។​ មករា​ មាន​ស្នៀត​គ្រប់​គ្រឿង​បញ្ចេញ​បាន​ទាំង​អស់​ ទាត់​លើ​ ទាត់​ក្រោម​ ម៉ាត់​ពោះ​ ចាប់​វ៉ៃ​ជង្គង់​ និង​កែង​ ម្សិលមិញ​នេះ។​ ចំពោះ​ការ​ប្រកួត​ជម្រុះ​នៅ​ PNN​ នេះ​ដែរ​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​ហាក់​អស់​កម្លាំង​ស៊ុហ្វ​ មុន​ចប់​ទឹក៥​ ប្រសិន​បើ​ពង្រឹង​ត្រង់​ចំណុច​នេះ​បាន​ទៀត​គឺ​សង្ឃឹម​ច្រើន​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ដូច្នេះ​ប្រសិន​បើ​ ធន់​ មករា​ ប្រើ​ទម្ងន់​វ៉ៃ​ច្បាស់​ៗ​បែប​នេះ​បាន​ទៀត​នោះ​ ឡុង​ ជិន​ អាច​នឹង​ពិបាក​យក​ឈ្នះ​ មករា​ ខ្លាំង​ណាស់​ ព្រោះ​កូន​សិស្ស​អ្នក​ស្រី​ ឡុង​ រ៉ាវី​ រូប​នេះ​នៅ​ស្ទើរ​ចិត្ត​ ខណៈ​ការ​វ៉ៃ​ឡើង​ចុះ​មិន​ទៀង។​

ឡុង ជិន និង ធន់ មករា

រំលឹក​ដែរ​ថា​ ធន់​ មករា​ យក​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ អៃរ៉ា​ នៅ​សង្វៀន​ PNN​ នៃ​កម្មវិធី​ «អធិរាជ​គុន​ខ្មែរ​ ISI PALM»​ ទម្ងន់​ ៦០​គីឡូក្រាម។​ មករា​ នឹង​ត្រូវ​ប៉ះ​ ឡុង​ ជិន​ នៅ​២សប្ដាហ៍​ទៀត​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់​ ហើយ​កីឡាករ​រូប​ណា​ឈ្នះ​អាច​បន្ត​ដំណើរ​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់​មាស​ថែម​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់