• 2019-02-28 02:43:11
  • កីឡា​ផ្សេង​ៗ

បង្ហាញ​ការ​ចំណាយ​​ធ្វើ​​ស៊ីហ្គេម​៤​លើក​ចុង​ក្រោយ​ ចុះ​កម្ពុជា​២០២៣អាច​អស់ប៉ុន្មាន?

  • 2019-02-28 02:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​គ្រប់​គ្នា​​ហៅ​ថា​ ស៊ីហ្គេម​ (Sea Games) តែង​តែ​ប្រារព្ធ​ធ្វើ​រយៈ​ពេល​២​ឆ្នាំ​ម្តង​ដែល​ប្រទេស​នៅ​អាស៊ាន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​វិល​ជុំ។ យ៉ាង​ណា​ ប្រទេស​ខ្សត់​ខ្សោយ​ខ្លះ​​នៅ​មិន​ទាន់​បាន​ធ្វើ​ម្ចាស់​ផ្ទះ​ឡើយ​ ដោយ​សារ​តម្រូវ​ការ​ធន​ធាន​មនុស្ស​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ថវិកា​ខ្ពស់។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន CAMSOC
កិច្ច​ប្រជុំគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២​ ឆ្នាំ​​២០២៣

សម្រាប់​ស៊ីហ្គេម​៤​លើក​ចុង​ក្រោយ​​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​រៀប​ចំ​ការ​ប្រកួត​ដោយ​ចំនួន​នៃ​ការ​ចំណាយ​ទាំង​នោះ​មិន​​រាប់​បញ្ចូល​លើ​ការ​កសាង​សាង​ហេដ្ឋារចនា​សម្ព័ន្ធ​នោះ​ទេ។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ជំនាញ​ស៊ីហ្គេម​លោក​ Sheik Kok Chi​ បាន​បង្ហាញ​​ទន្នន័យ​នៃ​ការ​ចំណាយ​៤​លើក​ចុង​ក្រោយ៖

  • ស៊ីហ្គេម​ លើក​ទី​២៦​ ឆ្នាំ​២០១១​​ ប្រទេស​​ឥណ្ឌូណេស៊ី​​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ចំណាយ​អស់​ប្រមាណ​៣៤០​លាន​ដុល្លារ​អាមេរិក ។​
  • ស៊ីហ្គេម​ លើក​ទី​២៧ ឆ្នាំ​២០១៣​ ប្រទេស​មីយ៉ាន់ម៉ា​​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ចំណាយ​អស់​ប្រមាណ​៣៥៣​លាន​ដុល្លារ អាមេរិក ។​
  • ស៊ីហ្គេម​ លើក​ទី​២៨​ ឆ្នាំ​២០១៥​ ប្រទេស​សិង្ហបុរី​​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​​ចំណាយ​អស់​ប្រមាណ​២៣៣​លាន​ដុល្លារ​អាមេរិក ។​
  • ស៊ីហ្គេម​ លើក​ទី​២៩​ ឆ្នាំ​២០១៧​ ប្រទេស​ម៉ាឡេស៊ី​​រៀប​ចំ​ធ្វើ​ម្ចាស់​​ចំណាយ​អស់​ប្រមាណ​១០៥​លាន​ដុល្លារ​អាមេរិក
លោក Sheik Kok Chi​

ក្នុង​កិច្ច​ប្រជុំ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២​ ឆ្នាំ​​២០២៣ (CAMSOC)​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ក្រោម​​អធិបតី​ភាព​សម្តេច​ពិជ័យសេនា ទៀ បាញ់​ ប្រធាន​ CAMSOC លោក​ Sheik Kok Chi បាន​បង្ហាញ​ និង​ប៉ាន់​ស្មាន​​ក្រៅ​ផ្លូវ​ការ​ថា​ សម្រាប់​កម្ពុជា​​ដែល​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​អាច​នឹង​ចំណាយ​អស់​ប្រហែល​២០០​លាន​ដុល្លារ​អាមេរិក ។ ការ​ប៉ាន់​ស្មាន​នេះ​គឺ​ថា ១០០​លាន​ដុល្លារ​អាមេរិក​សម្រាប់អភិវឌ្ឍ​ធន​ធាន​មនុស្ស​ និង​១០០​លាន​ដុល្លារ​ទៀត​សម្រាប់​​រៀប​ចំ​ការ​ប្រកួត​ ហើយ​មិន​រាប់​ចូល​ចំពោះ​ការ​ចំណាយ​​លើ​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​​ឡើយ។

ឯកឧត្កម ថោង ខុន ប្រធាន NOCC

ទោះ​បី​ជា​យ៉ាង​ណា​ ចំនួន​ទឹក​ប្រាក់​ខាង​លើក​គ្រាន់​តែ​ការ​ប៉ាន់​ស្មាន​​ក្រៅ​ផ្លូវ​ការ​ប៉ុណ្តោះ​ ដូច្នេះ​ការ​ចំណាយ​​អាច​នឹង​ច្រើន​ ឬ​តិច​នេះ​​ដែល​តាម​តម្រូវ​ការ​ជាក់​ស្តែង។​ ក្នុង​មហា​សន្តិបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨​ និង​ដាក់​ទិស​ដៅ​ឆ្នាំ​២០១៩​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​បាន​បញ្ជាក់​ថា សម្រាប់កម្ពុជា​​មិន​ព្រួយ​បារម្ភ​រឿង​​ហេដ្ឋារចនា​សម្ព័ន្ធ​ឡើយ​ ពី​ព្រោះ​មាន​លុយ​អាច​ធ្វើ​បាន​ ប៉ុន្តែ​បារម្ភ​បំផុត​គឺ​ធន​ធាន​មនុស្ស​ដែល​ត្រូវ​ការ​អភិវឌ្ឍ​ជា​ចាំ​បាច់៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់