• 2019-02-21 08:01:01
  • កីឡា​ផ្សេង​ៗ

អ្នក​ជំនាញ​ស៊ីហ្គេម​គិត​ថា កម្ពុជា​អាច​បាន​លេខ​៥ឬ៦​ពេលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម​

  • 2019-02-21 08:01:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​អាច​នឹង​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៥ ឬ​៦​នៃ​តារាង​មេដាយ​នៅ​ពេល​កម្ពុជា​​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ដំបូង​នៅ​ឆ្នាំ​ ២០២៣​។ នេះ​បើ​តាម​ការ​​គិត​របស់​លោក​​ព្រឹទ្ធាចារ្យ​ Sheik Kok Chi​ អ្នក​ជំនាញ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម។

ក្នុង​មហា​សន្តិបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨​ និង​ដាក់​ទិស​ដៅ​ឆ្នាំ​២០១៩​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ព្រឹក​មិញ​នេះ​ព្រឹទ្ធាចារ្យ​ Sheik Kok Chi អ្នក​ជំនាញ​ស៊ីហ្គេម​ បាន​និយាយ​ថា​ តាម​ការ​គិត​របស់​លោក​ កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​អាច​ស្ថិត​នៅ​លេខ​រៀង​ទី​៥​ ឬ​៦​នៃ​កីឡា​ស៊ីហ្គេម​​ឆ្នាំ​២០២៣។

លោក​​ព្រឹទ្ធាចារ្យ​ Sheik Kok Chi វ័យ​៨០​ឆ្នាំ​ដែល​មាន​បទ​ពិសោធ​ការងារ​រៀប​ចំ​កីឡា​ស៊ីហ្គេម​ប្រហែល​ជា​៥០​ឆ្នាំ​បាន​​បញ្ជាក់​ថា ចំណាត់​ថ្នាក់​នេះ​អាច​ជា​ការ​ល្អ​ប្រសើរ​ ពី​ព្រោះ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​ធ្វើ​បាន​ល្អ​ទាំង​កម្រិត​អាស៊ាន​ និង​អាស៊ី។ តាម​ពិត​ទៅ​ ​ប្រទេស​មួយ​ចំនួន​​ដែល​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​មិន​ទទួល​បាន​លទ្ធផល​​កម្រិត​​នេះ​​ដូច​ជា​​​ប្រទេស​ឡាវ​ធ្វើ​ម្ចាស់​ផ្ទះ​កាល​ពី​ឆ្នាំ​២០០៩​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៧​ប៉ុណ្ណោះ។

ពិធី​មហា​សន្និបាត​បូក​សរុប​ការ​ងារ​របស់ NOCC

អ្នក​ជំនាញ​បន្ថែម​ទៀត​ថា កម្ពុជា​នឹង​កាន់​តែ​កើន​ឡើង​ចំណាត់​ថ្នាក់​ល្អ​ប្រសើរ​ថែម​ទៀត​សម្រាប់​ស៊ីហ្គេម​បន្ទាប់​ៗ​ដូច​ជា​ឆ្នាំ​​២០២៥ និង​២០២៧​ជា​ដើម​ ពី​ព្រោះ​កីឡា​ដែល​មាន​សក្ដានុពល​ និង​អាទិភាព​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ឆ្នាំ​២០២៣​ ហើយ​កីឡា​ដែល​មិន​សូវ​មាន​សក្ដានុពល​​​នឹង​មាន​សក្ដានុពល​សម្រាប់​​ស៊ីហ្គេម​ក្រោយ​​ៗ​ទៀត​​ ដោយ​សារ​​ថ្នាល​យុវជន​​របស់​កីឡា​ទាំង​នោះ​នឹង​កើន​គុណភាព​ខ្លាំង។

លោក​ព្រឹទ្ធាចារ្យ​​រំលឹក​ពី​អតីត​កាល​ថា មុន​សង្គ្រាម​ពោល​គឺ​ចន្លោះ​ឆ្នាំ​១៩៦០​ទៅ​១៩៧០​ កីឡា​កម្ពុជា​ខ្លាំង​នៅ​តំបន់​អាស៊ាន​ និង​អាស៊ី​ ប៉ុន្តែ​​​ស្ទើរ​​បាត់​សូន្យ​​​នៅ​ពេល​សង្គ្រាម​កើត​ឡើង។ ក្រោយ​សង្គ្រាម​បាន​​បញ្ចប់​កម្ពុជា​​បាន​ចាប់​ផ្តើម​សារ​ថ្មី​ដែល​ដើរ​ក្រោយ​គេ​នៅ​អាស៊ាន​ប្រហែល​២០​ឆ្នាំ​ ដូច្នេះ​ត្រូវ​តែ​​ងើប​ឈាន​ឡើង​​​ឲ្យ​ដល់​កំពូល​វិញ​​ បន្ទាប់​ពី​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣៕

តំណាង​សហព័ន្ធ​កីឡា​ជាតិ​ចូល​រួម​មហាសន្និបាត

​​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់