- 2019-01-10 07:04:45
- កីឡាផ្សេងៗ
ពីរចំណុចអស្ចារ្យ អ្នកអាចមិនដឹងពីការកសាងពហុកីឡដ្ឋានត្រៀមស៊ីហ្គេម
- 2019-01-10 07:04:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរចំណុចអស្ចារ្យ អ្នកអាចមិនដឹងពីការកសាងពហុកីឡដ្ឋានត្រៀមស៊ីហ្គេម
ចន្លោះមិនឃើញ
គិតត្រឹមរយៈពេល១៦ខែកន្លងទៅនេះ ពហុកីឡដ្ឋានមរតកតេជោ សាងសង់សម្រេចបានប្រហែល ៤០% ទៅហើយ និងកំពុងឈានដល់ដំណាក់កាលដាក់កៅអី ខណៈការសាងសង់ប្រើសុទ្ធតែឧបករណ៍ទំនើបបំផុត។ ពីរចំណុចដែលអស្ចារ្យនោះ ទី១ដងសន្ទូចអាចលើកទម្ងន់ដល់ទៅ ៨០តោន ចំណែកទី២ កៅអីបំពាក់ដោយ QR Code ថែមទៀតផង។
ឯកឧត្ដម ថោង ខុន បានឲ្យដឹងថា លោកពិតជាកោតសរសើរជាខ្លាំងពីការខិតខំប្រឹងប្រែងសាងសង់ពហុកីឡដ្ឋានមរតកតេជោនេះពីសំណាក់វិស្វករ កម្មករ ចិន និងខ្មែរ។ ការសាងសង់នេះ គឺធ្វើឡើងដោយបច្ចេកវិទ្យា និងឧបករណ៍ទំនើបៗបំផុត។ ដូចជាឧបករណ៍ស្ទូចធំដែលប្រើរាល់ថ្ងៃនេះ គឺមានដំបូងគេនៅកម្ពុជា ហើយយកមកពីប្រទេសចិនចំនួន២ប៉ុណ្ណោះ អាចស្ទូចរបស់ផ្សេងៗមានទម្ងន់ដល់ទៅ ៨០តោន។ ចំណែក កៅអីមាន QR Code នៅពេលដែលដាក់ចូលរួចហើយ បន្ទាប់មកស្កេន (Scan) ទៅនឹងមានទិន្នន័យនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់គេ អ្នកនៅក្នុងការិយាល័យអាចដឹងថា កៅអីនោះមានលក្ខណៈត្រឹមត្រូវយ៉ាងណាខ្លះ និងស្ថិតនៅកន្លែងណាដាក់កន្លែងណានៅក្នុងស្តាតនោះ។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះលើកឡើងទៀតថា បើតាមគម្រោងពហុកីឡដ្ឋាននេះនឹងរួចរាល់នៅចុងឆ្នាំ២០២០ ហើយនឹងត្រូវប្រគល់ជូនកម្ពុជានៅពេលនោះតែម្ដង។ ឯកឧត្ដមក៏ថ្លែងអំណរគុណដល់ភាគីសហការទាំងអស់មិនថាភាគីខាងចិន ឬក្រសួងនានានៅកម្ពុជានោះទេ ដែលបានខិតខំជួយសម្រួលក្នុងការកសាងនេះ។
រំលឹកដែរថា ឯកឧត្ដម ថោង ខុន បានចុះទៅពិនិត្យការដាក់កៅអីចូលនៅពហុកីឡដ្ឋានមរតកតេជោនេះនាថ្ងៃទី៩ ខែមករា ២០១៩ នេះ អមដោយសហព័ន្ធកីឡាមួយចំនួន និងតំណាងក្រសួងនានាផងដែរ។ ដោយឡែកការសាងសង់ពហុកីឡដ្ឋានខាងលើនេះគ្រោងចំណាយប្រហែល១៦០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់ប្រទេសចិន៕