• 2018-12-03 04:20:05
  • កីឡា​ផ្សេង​ៗ

ថោង ខុន៖ ​មាន​ចំណុច​ពិសេស​១ ​កើត​ឡើង​នៅ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ

  • 2018-12-03 04:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​បណ្ឌិត​ ថោង ថុន ​ រដ្ឋ​មន្ត្រី​​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​បាន​មើល​ឃើញ​ចំណុច​ពិសេស​មួយ​ក្នុង​ការ​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ លើក​ទី​២៣​នេះ។

ឯកឧត្ដម​បណ្ឌិត​ ថោង ថុន

ចំណុច​ពិសេស​នោះ គឺ​បរទេស​បាន​នាំ​កូន​ៗ​មក​រត់​ច្រើន។ ដោយ​ខ្លះ​ទៀត ​នាំ​ទាំង​កូន​តូច​ៗ ​ដាក់​រទេះ​មក​ថែម​ទៀត ​ដែល​វា​បាន​បង្ក​ឱ្យ​បរិយាកាស​កាន់​តែ​សប្បាយ​រីករាយ។ ​មួយ​វិញ​ទៀត ​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​កម្ពុជា​ពិត​ជា​មាន​សេវា​កម្ម​ល្អ ​សន្ដិភាព​ល្អ ទើប​បាន​ជា​បរទេស​ជា​ច្រើន​ហ៊ាន​ចូល​មក​លេង​និង​ចូល​រួម​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ។

ឯកឧត្ដម ​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​មើល​ឃើញ ​បរទេស​មក​ឆ្នាំ​នេះ ​នាំ​កូន​ៗ​មក​រត់​ច្រើន​មែនទែន ​ហើយ​ខ្ញុំ​ក៏​បាន​ទៅ​សួរ​នាំ​គាត់​ខ្លះ​ៗ។ គាត់​ថា ​គាត់​សប្បាយ​ចិត្ត​ក្នុង​ការ​ចូលរួម​រត់​នេះ ​ហើយ​កូន​ៗ​របស់​គាត់​ក៏​ដូច​គ្នា​។ ពួកគាត់​បាន​អរគុណ​ដល់​កម្ពុជា ​ដែល​បាន​បង្កើត​កម្មវិធី​រត់​នេះ​ឡើង ​ដើម្បី​ឱ្យ​គាត់​បាន​ចូល​រួម ​និង​ស្វែង​យល់​បាន​កាន់​តែ​ច្បាស់​ពី​តំបន់​អឺរ៉ុប ​ក្នុង​កម្មវិធី​រត់​នេះ”។

រដ្ឋ​មន្ត្រី​​ក្រសួង​ទេសចរណ៍​ខាង​លើ​ក៏​បាន​អរគុណ​ដល់​ដៃ​គូ​ដូចជា Manulife ​ជា​ដើម ​ដែល​បាន​បង្កើត​ការ​ប្រកួត​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នេះ​ឡើង។ ដោយ​ឆ្នាំ​នេះ ​បុគ្គលិក​ក្រុមហ៊ុន​នេះ​ទូទាំង​ពិភព​លោក ​មាន​ជាង​៧០០​នាក់​បាន​ចូល​រួម។ ខណៈ​ដែល​សរុប​ជា​រួម​វិញ​នោះ ​អ្នក​ចូលរួម​ទាំង​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​មាន​ដល់ ១០ ៥០០​នាក់​ឯ​ណោះ ​ក្នុង​ការ​រត់​៣​វិញ្ញាសា ​៣​គីឡូម៉ែត្រ ​១០​គីឡូម៉ែត្រ ​និង​២១​គីឡូម៉ែត្រ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់